Iដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ (យ៉ូហាន ៣:១៦)
ព្រះយេស៊ូវជាមិត្ដរបស់អ្នក
ខ្ញុំមានមិត្ដម្នាក់ គាត់គឺជាមិត្ដដ៏ល្អម្នាក់ដែលខ្ញុំពុំធ្លាប់មានពីមុនមក។ គាត់ស្មោះត្រង់និងសប្បុរស ខ្ញុំចង់ឲ្យអ្នកស្គាល់គាត់ដែរ។ គាត់ឈ្មោះថា ព្រះយេស៊ូវ។ អ្វីដែលអស្ចារ្យនោះ គឺទ្រង់ចង់ក្លាយជាមិត្ដរបស់អ្នក។
សូមអនុញ្ញាតឲ្យខ្ញុំ បានប្រាប់អ្នកអំពីទ្រង់។ យើងនឹងសិក្សារឿងនេះនៅក្នុងព្រះគម្ពីរ។ ព្រះគម្ពីរគឺជាសេចក្ដីពិត ពោលគឺជាព្រះបន្ទូលរបស់ព្រះ។ ព្រះអង្គគឺជាម្ចាស់នៃឋានសួគ៌និងផែនដីហើយក៏ជាអ្នកបង្កើតអ្វីៗទាំងអស់នៅលើផែនដីនេះដែរ។
ព្រះយេស៊ូវ ជាបុត្រារបស់ព្រះជាម្ចាស់ ហើយព្រះអង្គក៏បានបញ្ជូនព្រះយេស៊ូវមកលើផែនដីនេះដើម្បីធ្វើជាព្រះអង្គសង្រ្គោះនៃយើងរាល់គ្នា។ ព្រះទ្រង់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ រួមទាំងអ្នកហើយនិងខ្ញុំ។ នេះជាហេតុធ្វើឲ្យទ្រង់បញ្ជូនកូនតែមួយរបស់ព្រះអង្គ គឺព្រះយេស៊ូវដល់អស់អ្នកណាដែលជឿលើទ្រង់ នឹងមិនត្រូវវិនាសឡើយ តែនឹងទទួលជីវិតអស់កល្បជានិច្ចវិញ។ (យ៉ូហាន ៣:១៦)
ព្រះយេស៊ូវប្រសូតនៅលើផែនដីជាទារក ឪពុកម្ដាយរបស់ទ្រង់នៅផែនដីឈ្មោះ លោកយ៉ូសែបនិងនាងម៉ារី។ ទ្រង់បានប្រសូតនៅក្នុងក្រោលសត្វ ហើយផ្ទំក្នុងស្នូក។
ព្រះយេស៊ូវចំរើនវ័យឡើងជាមួយនឹងលោកយ៉ូសែបនិងនាងម៉ារី ហើយទ្រង់បានស្ដាប់បង្គាប់ពួកគាត់ ទាំងពីរណាស់។ ទ្រង់មានបងប្អូនប្រុសស្រីលេងជាមួយនឹងទ្រង់។ ទ្រង់តែងតែជួយលោកយ៉ូសែប នៅក្នុងរោងជាងឈើរបស់គាត់។
នៅពេលដែលព្រះយេស៊ូវធំពេញវ័យ ទ្រង់បានបង្រៀនមនុស្សអំពីព្រះវរបិតាទ្រង់ដែលគង់នៅឋានសួគ៌។ ទ្រង់បានបង្ហាញពួកគេពីសេចក្ដីស្រឡាញ់នៃព្រះដែលមានចំពោះពួកគេ។ ទ្រង់ប្រោសអ្នកជំងឺ ហើយជួយគេឲ្យរួចផុតពីភាពខ្វល់ខ្វាយផង។ ព្រះអង្គក៏ជាមិត្ដនៃក្មេងៗផងដែរ។
ទ្រង់ចង់ឲ្យពួកគេនៅក្បែរទ្រង់។ ទ្រង់ចំណាយពេលជាមួយពួកគេ ហើយក្មេងៗស្រឡាញ់ព្រះយេស៊ូវណាស់ និងចង់នៅជាមួយទ្រង់ថែមទៀតផង។
ប៉ុន្តែមនុស្សមួយចំនួន មិនស្រឡាញ់ព្រះយេស៊ូវទេ។ ពួកគេច្រណែនឈ្នានីសទ្រង់ហើយស្អប់ទ្រង់។ ពួកគេស្អប់ទ្រង់ខ្លាំងណាស់ រហូតដល់ចង់សំលាប់ទ្រង់។ មានថ្ងៃដ៏គួរឲ្យខ្លាចនិងរន្ធត់បំផុតមួយ ពួកគេបានសំលាប់ទ្រង់ដោយដំដែកគោលទ្រង់ភ្ជាប់នៅលើឈើឆ្កាង។ ព្រះយេស៊ូវមិនបានធ្វើអ្វីខុសសោះ ប៉ុន្តែទ្រង់បានសុគតជំនួសយើង ដោយព្រោះតែបាបដែលយើងរាល់គ្នាបានប្រព្រឹត្ត។
រឿងរបស់ព្រះយេស៊ូវពុំបានបញ្ចប់ជាមួយការសុគតរបស់ទ្រង់ទេ។ ព្រះជាម្ចាស់បានប្រោសទ្រង់ឲ្យរស់ពីសេចក្ដីស្លាប់! ពួកសិស្សរបស់ទ្រង់បានឃើញទ្រង់។ ក្រោយមកទ្រង់បានយាងទៅឯនគរឋានសួគ៌វិញ។
ថ្ងៃនេះទ្រង់អាចឃើញអ្នក និងឮអ្នក។ ទ្រង់បានដឹងគ្រប់ការទាំងអស់ពីអ្នក ហើយទ្រង់យកព្រះទ័យទុកដាក់ចំពោះអ្នក។ គ្រាន់តែអ្នកចូលទៅរកទ្រង់ដោយអធិស្ឋាន ហើយទូលថ្វាយទ្រង់ពីគ្រប់បញ្ហាដែលអ្នកមាន ព្រោះទ្រង់ត្រៀមអង្គទ្រង់ជាស្រេចដើម្បីជួយអ្នក។ អ្នកអាចអោនក្បាលចុះ ហើយនិយាយទៅកាន់ទ្រង់នៅពេលណាឬកន្លែងណាក៏បាន។
ថ្ងៃណាមួយព្រះយេស៊ូវនឹងយាងមកម្ដងទៀត! នៅពេលដែលទ្រង់យាងមកវិញ ទ្រង់នឹងនាំអស់អ្នកណាដែលជឿទ្រង់ ទៅឋានសួគ៌ជាមួយនឹងទ្រង់មិនខាន។៚