ទំព័រដើម

សូមស្វាគមន៍ចំពោះការចូលទស្សនាគេហទំព័រសមាគមខិត្តប័ណ្ណនិងព្រះគម្ពីរប៊ីប

ប្រជុំអត្ថបទ

ការ​ប្រយុទ្ធ​ដ៏​ធំ​បំផុត​មួយ​ចំនួន​នៅ​ក្នុង​ជីវិត​ត្រូវ​បាន​តយុទ្ធ​នៅ​ក្នុង​ដួង​ចិត្ត។ មេ​ដឹក​នាំ​ជា​ច្រើន​ក្នុង​ប្រវត្តិសាស្ត្រ​មាន​បំណង​ចង់​ដណ្តើម​យក​ឈ្នះ​ប្រទេស​ដទៃ​ទៀត ហើយ​មាន​អ្នក​មាន​អំណាច​បែប​ផ្ដាច់ការ​ដែល​គាប​សង្កត់ និង​អ្នក​ដឹក​នាំ​ដែល​អាត្មានិយម​ខ្លះ​ថែម​ទាំង​រិះ​គិត​ពី​ការ​គ្រប់​គ្រង​ពិភពលោក​ទាំង​មូល។ មេ​ដឹក​នាំ​ទាំង​នោះ​បាន​បង្ខំ​ទាហាន​រាប់​ពាន់​នាក់​ឲ្យ​ចូល​ប្រយុទ្ធ ដោយសារ​តែ​បំណង​ប្រាថ្នា​ផ្ទាល់​ខ្លួន សម្រាប់​ដណ្ដើម​អំណាច ទ្រព្យ​សម្បត្តិ និង​កិត្តិនាម។ ការ​ប្រយុទ្ធ​ដែល​ត្រូវ​ប្រឈម​មុខ​គ្នា​រវាង​កងទ័ព​បាន​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់ និង​ការ​បាត់​បង់​ជីវិត​ជា​ច្រើន​ក្រៃ​លែង។ ពល​ទាហាន​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ ហើយ​ជីវិត​ជា​ច្រើន​ត្រូវ​បាន​បាត់​បង់​ដោយ​មិន​ចាំ​បាច់ ដោយសារ​តែ​គោលដៅ​អាត្មានិយម​របស់​មេ​ដឹក​នាំ​មួយ​ចំនួន។ ការ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង ក្នុង​ដួង​ចិត្ត​របស់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក​ដែល​បាន​ពលី​ជីវិត ហើយ​ការ​បរាជ័យ​ក៏​បាន​ធ្វើ​ឲ្យ​មេ​ដឹក​នាំ​ដែល​ចុះ​ចាញ់​បាត់​បង់​កងទ័ព​មាន​ការ​ឈឺ​ចាប់ និង​សោក​សៅ​ជា​ខ្លាំង។ មនុស្ស​សាមញ្ញ​គ្រប់​រូប​ត្រូវ​ជួប​ប្រទះ​នឹង​ការ​ប្រយុទ្ធ​ខាង​វិញ្ញាណ​ដ៏​ធំ​អស្ចារ្យ​នៅ​ក្នុង​ជីវិត។ ផល​វិបាក​នៃ​ការ​ប្រយុទ្ធ​ទាំង​នេះ​គឺ​មាន​ភាព​ធ្ងន់​ធ្ងរ និង​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង។ បរាជ័យ​ក្នុង​ការ​ប្រយុទ្ធ​ខាង​រូប​កាយ​អាច​នាំ​មក​នូវ​ភាព​អាម៉ាស់​ដល់​អ្នក​ដឹក​នាំ​នោះ ក្នុង​ពេល​គាត់​មាន​ជីវិត​រស់​នៅ ប៉ុន្តែ បរាជ័យ​ក្នុង​ការ​តយុទ្ធ​នៃ​ព្រលឹង​របស់​អ្នក​នឹង​នាំ​មក​នូវ​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​អស់​កល្ប​ជា​និច្ច។ តើ​អ្នក​ធ្លាប់​ពិចារណា​ពី​ផល​វិបាក​ដែល​ជៀស​មិន​រួច​ក្នុង​ជីវិត​អាត្មានិយម​ដែល​គ្មាន​ព្រះ​គ្រីស្ទ​ឬ​ទេ? តើ​អ្នក​នឹង​បរាជ័យ​ក្នុង​សមរភូមិ​ជីវិត? សង្រ្គាម​រវាង​ជីវិត និង​សេចក្តី​ស្លាប់? សង្រ្គាម​រវាង​ស្ថាន​សួគ៌ និង​ស្ថាន​នរក? ការ​ប្រយុទ្ធ​គ្នា​រវាង​ការ​លះ​បង់់​ខ្លួន​ឯង និង​ការ​ស្រឡាញ់​ខ្លួន​ឯង ព្រលឹង​វិញ្ញាណ​របស់​អ្នក និង​លោកីយ៍​ឬ​ទេ? ព្រះ‍យេ‍ស៊ូវ​មាន​បន្ទូល​ថា៖ «ដ្បិត​បើ​មនុស្ស​ម្នាក់​បាន​ពិភពលោក​ទាំង​មូល តែ​បាត់​បង់​ជីវិត តើ​នឹង​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ?» (ម៉ា‍កុស ៨.​៣៦)។ មិន​ថា​យើង​មាន​ទ្រព្យ​សម្បត្តិ​ជា​កម្មសិទ្ធ​ច្រើន ឬ​តិច​នៅ​ក្នុង​ពិភពលោក​នេះ​ទេ ប្រសិន​បើ​យើង​បាត់​បង់​ព្រលឹង​ខ្លួន ជោគ​វាសនា​ដ៏​អស់​កល្ប​ជា​និច្ច​របស់​យើង​នឹង​ត្រូវ​បាន​បោះ​ត្រា​រួច​ជា​ស្រេច នោះ​គឺ​ជា​សោកនាដកម្ម​ប្រាកដ​មែន! មនុស្ស​ជា​ច្រើន​មិន​ដឹង​ថា មាន​ការ​ប្រយុទ្ធ​ខាង​វិញ្ញាណ​ដ៏​ធំ​អស្ចារ្យ​មួយ​ដែល​ត្រូវ​ប្រយុទ្ធ​នោះ​ទេ។ ការ​យល់​ដឹង​របស់​ពួក​គេ​ត្រូវ​បាន​កំបាំង​ដោយសារ​អារក្ស​សាតាំង និង​លោកីយ៍ ហើយ​ពួក​គេ​កំពុង​ដេក​លង់​លក់​យ៉ាង​ច្បាស់​ជាក់​ស្ដែង ក្នុង​កំឡុង​ពេល​មាន​ការ​ប្រយុទ្ធ​នឹង​អំពើ​បាប។ ព្រះ​គម្ពីរ​ចែង​ថា៖ «អ្នក​ដែល​ដេក​លក់​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ក្រោក​ពី​ពួក​មនុស្ស​ស្លាប់​ឡើង នោះ​ព្រះ‍គ្រីស្ទ​នឹង​ចាំង​ពន្លឺ​មក​លើ​អ្នក» (អេ‍ភេ‍សូ‍រ ៥.១៤)។ សូម​អង្រួន​ច្រវាក់​របស់​សាតាំង និង​អំពើ​បាប​ឲ្យ​ដាច់។ សូម​បន្ដ​ការ​ប្រយុទ្ធ​នេះ​ដល់​ទី​បំផុត​ចុះ! អ្នក​មិន​អាច​គេច​ផុត​ពី​សេចក្ដី​ស្លាប់​តាម​បែប​ធម្មជាតិ​បាន​ទេ ប៉ុន្តែ អ្នក​អាច​គេច​ផុត​ពី​សេចក្ដី​ស្លាប់​ខាង​ព្រលឹង​វិញ្ញាណ​ជា​រៀង​រហូត។ ប្រសិន​បើ​អ្នក​ចុះ​ចាញ់​ការ​ប្រយុទ្ធ​ដើម្បី​សេចក្ដី​សង្គ្រោះ​សម្រាប់​ព្រលឹង​របស់​អ្នក នោះ​វា​នឹង​ក្លាយ​ជា​សេចក្ដី​វិនាស​ក្នុង​ស្ថាន​នរក និង​ទារុណកម្ម​ដ៏​អស់​កល្ប​ជា​និច្ច។

តើអ្នកដឹងទេថា មានមនុស្សម្នាក់ដែលដឹងអ្វីគ្រប់យ៉ាងអំពីអ្នក? នោះគឺជាព្រះអម្ចាស់ដែលបានបង្កើតពិភពលោកទាំងមូល និងរបស់សព្វសារពើផង។ ព្រះយេស៊ូវគឺជាបុត្រារបស់ព្រះ ហើយទ្រង់ក៏ជ្រាបនូវអ្វីៗគ្រប់យ៉ាងដែលអ្នកបានធ្វើ។ ទ្រង់ជ្រាបអំពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។ ទ្រង់ស្រឡាញ់អ្នក និងបានយាងមកលើផែនដីនេះដើម្បីសង្គ្រោះអ្នកពីបាប។ ទ្រង់មានផែនការសម្រាប់ជីវិតរបស់អ្នក ដើម្បីនាំមកក្តីអំណរដល់អ្នក។ ថ្ងៃមួយ ព្រះយេស៊ូវបានធ្វើដំណើរជាមួយមិត្ដរបស់ទ្រង់។ ទ្រង់បានយាងមកដល់ភូមិមួយនៅស្រុកសាម៉ារី។ ព្រះយេស៊ូវបានសម្រាកនៅក្បែរអណ្ដូងទឹកមួយ។ នៅពេលនោះ មិត្ដរបស់ទ្រង់បានទៅទិញម្ហូបអាហារអស់ហើយ។ ពេលដែលទ្រង់កំពុងតែគង់នៅទីនោះ មានស្ដ្រីម្នាក់មកដងទឹកពីអណ្ដូង។ ព្រះយេស៊ូវបានសុំនាងថា៖ «ខ្ញុំសុំទឹកទទួលទានផង។» ស្ដ្រីនោះភ្ញាក់ផ្អើលយ៉ាងខ្លាំង «លោកសុំទឹកខ្ញុំ? តើលោកមិនដឹងទេឬអីថាខ្ញុំជាសាសន៍សាម៉ារី? ប៉ុន្តែសាសន៍យូដារបស់លោក មិនត្រូវគ្នានឹងសាសន៍យើងខ្ញុំទេ!» ព្រះយេស៊ូវតបយ៉ាងសុភាពថា៖ «បើនាងពិតជាដឹងច្បាស់អំពីព្រះ ហើយនិងអ្នកដែលនាងកំពុងនិយាយជាមួយ នាងនឹងសុំឲ្យខ្ញុំប្រទានទឹកដែលរស់ដល់នាងវិញ។ ខ្ញុំនឹងពេញចិត្ដឲ្យ។» ស្ដ្រីម្នាក់នោះមើលទៅទ្រង់យ៉ាងភ្ញាក់ផ្អើល។ ហើយនាងនិយាយថា៖ «លោកម្ចាស់! អណ្ដូងនេះជ្រៅណាស់។ លោកក៏គ្មានអ្វីដងទឹកទេ។ តើលោកធ្វើដូចម្ដេចទើបអាចដងទឹករស់នោះបាន?» ព្រះយេស៊ូវក៏បានឆ្លើយតបទៅនាងវិញថា៖ «អស់អ្នកណាដែលផឹកទឹកអណ្ដូងនេះ នឹងត្រូវស្រេកទៀត តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ។» ស្ដ្រីនោះបាននិយាយថា៖ «លោកម្ចាស់អើយ! សូមឲ្យទឹកនោះមកខ្ញុំផង ដូចនេះខ្ញុំនឹងមិនស្រេកទៀតទេ ហើយក៏មិនបាច់មកដងទឹកនៅទីនេះទៀតដែរ។» ព្រះយេស៊ូវបានមានបន្ទូលថា៖ «ទៅប្រាប់ប្ដីរបស់នាងហើយចាំត្រឡប់មកវិញ។» នាងតបថា៖ «ខ្ញុំម្ចាស់ គ្មានប្ដីទេ។» ព្រះយេស៊ូវមានបន្ទូលថា៖ «និយាយនេះត្រូវហើយ។ នាងធ្លាប់មានប្ដីប្រាំនាក់មកហើយ រីឯអ្នកដែលនៅជាមួយសព្វថ្ងៃ មិនមែនជាប្ដីនាងទេ។» នាងងឿងឆ្ងល់យ៉ាងខ្លាំងថា បុរសម្នាក់នេះដឹងពីខ្ញុំដោយរបៀបណា? «លោកម្ចាស់ ខ្ញុំអាចយល់ថា លោកគឺជាហោរាហើយ។ ខ្ញុំមានសំណួរមួយសម្រាប់លោក។ សាសន៍របស់ខ្ញុំបានថ្វាយបង្គំព្រះនៅទីកន្លែងនេះ តែពួកលោកថា ក្រុងយេរូសាឡឹមគឺជាកន្លែងដែលមនុស្សត្រូវថ្វាយបង្គំ។» ព្រះយេស៊ូវមានបន្ទូលទៅនាងថា៖ «កន្លែងដែលយើងថ្វាយបង្គំ នោះមិនសូវសំខាន់ទេ។ សព្វថ្ងៃនេះ អ្នកថ្វាយបង្គំពិតប្រាកដ អាចថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្ដីពិតនៅគ្រប់ទីកន្លែងក៏បាន»។ នាងបាននិយាយទៀតថា «ខ្ញុំដឹងថាព្រះមែស្យ៊ី (អ្នកតែងតាំង) នឹងយាងមក ដែលហៅថា ព្រះគ្រីស្ទ។ ពេលព្រះអង្គយាងមក ទ្រង់នឹងពន្យល់គ្រប់អ្វីទាំងអស់។» បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលទៅនាងថា៖ «គឺខ្ញុំនេះហើយ។» នាងបានទុកក្អមចោល ហើយចូលទៅក្នុងក្រុង ព្រមទាំងស្រែកថា៖ «មក! ចូរមកមើល! មានបុរសម្នាក់ដែលបានប្រាប់ខ្ញុំពីគ្រប់ការទាំងអស់ដែលខ្ញុំបានប្រព្រឹត្ត។ តើអ្នកនោះមិនមែនជាព្រះគ្រីស្ទទេឬ?»

ដ្បិតព្រះយេស៊ូវគ្រីស្ទទ្រង់នៅតែ ដដែល គឺពីថ្ងៃម្សិល ថ្ងៃនេះ ហើយ ទៅដល់អស់កល្បជានិច្ចតទៅ ហេព្រើរ (១៣:៨) មនុស្ស​ទាំង​អស់​មាន​ជំនឿ​និង​គោរព​ព្រះ ឬក៏​របស់​ផ្សេងៗ។ មនុស្ស​ខ្លះ​ថ្វាយ​បង្គំ​វត្ថុ ខ្លះ​ថ្វាយបង្គំ​មនុស្ស​ ខ្លះ​ថ្វាយ​បង្គំ​រូបសំណាក ហើយ​និង​មនុស្ស​ខ្លះ​ទៀត​ថ្វាយបង្គំ​ខ្លួន​ឯង។ ពួកគេ​បង្ហាញ​ការថ្វាយបង្គំ​ព្រះ​របស់​ពួកគេ​តាម​បែប​ផ្សេងៗ។ ទោះបី​អំឡុងពេល​ពួក​គេ​គោរព​ថ្វាយបង្គំ​ព្រះ​របស់​ពួកគេ​ក៏ដោយ ក៏​ក្នុង​ចិត្ត​ពួកគេ​នៅតែ​មាន​ភាពភ័យខ្លាច​និង​ការខ្វះ​ភាពកក់ក្តៅ​ជានិច្ច។ ប្រសិនបើ​ពួកគេ​មាន​អារម្មណ៍​ថា​ដូចជា​បាន​ធូស្បើយ​ក៏​ភាពធូស្បើយ នោះ​បាន​ត្រឹមតែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ហើយ​ពួកគេ​នឹង​មិនឈប់​ខ្វល់ខ្វាយ​ឡើយ។ ពួកគេ​តែង​ទទួល​ការខក​ចិត្ត​ទៅ​អនាគត ដូច​ដែល​គេ​ធ្លាប់​ទទួល​ពី​អតីតកាល​ដែរ។ ព្រះ​ដែល​ពួកគេ​បំរើ​នោះ ពុំ​អាច​បំពេញ​ចិត្ត​ពួកគេ​ឲ្យ​បាន​ស្កប់ស្កល់​ឡើយ។ តើ​អ្នក​ថ្វាយ​បង្គំ​អ្នកណា? តើ​ព្រះ​របស់​អ្នក​នៅ​ទីណា? ​តើ​ព្រះ​របស់​អ្នក​មាន​ជីវិត​រស់​នៅ​ដែរ​ឬ​ទេ? តើ​ព្រះ​របស់​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​សំរាប់​អ្នក​ថ្ងៃ​នេះ? តើ​អ្នក​បាន​និយាយ​ទៅ​កាន់​ព្រះ​របស់​អ្នក​រាល់​ថ្ងែ​ដែរ​ឬ​ទេ? តើ​ព្រះ​របស់​អ្នក​បាន​ឆ្លើយ​តប​នូវ​ការអង្វរក​របស់​អ្នក​ដែរ​ឬ​ទេ? តើ​អ្នក​ជឿ​លើ​អ្វី? សូម​ឲ្យ​ខ្ញុំ​បាន​ប្រាប់​អ្នក​អំពី​ព្រះពិត​មួយ​អង្គ ដែល​មាន​ជ័យជំនះ​លើ​អារក្សសា​តាំង​ដែល​ជា​សត្រូវ​ធំ​បំផុត​របស់​យើង។ ព្រះ​អង្គ​គឺ​ជា​ព្រះ​អាទិ​ករ (អ្នកបង្កើត) ទ្រង់​គ្រាន់តែ​មាន​បន្ទូល អ្វីៗ​ទាំងអស់​ក៏​កើត​ឡើង។ ព្រះគម្ពីរ​បរិសុទ្ធ​នឹង​ប្រាប់​អ្នក​អំពី​ព្រះ​នៃ​នរគស្ថានសួគ៌ ដែល​បាន​បង្កើត​មនុស្ស​ពី​ធូលីដី​មក។ សូម​អាន​នៅ​ព្រះគម្ពីរ លោកុប្បត្តិ (ជំពូក១-២)។ ទ្រង់​គឺជា​ព្រះ​ដែល​មាន​ព្រះជន្ម​គង់​នៅ។ ទ្រង់​គ្មាន​ការចាប់ផ្តើម និងគ្មាន​ទីបញ្ចប់​ទេ។ ព្រះអង្គ​គឺ​មិន​ប្រែ​ប្រួល​មិន​ថាម្សិលមិញ ថ្ងៃ​នេះ និង​ជារៀង​រហូត។ ទ្រង់​ជា​អ្នក​បង្កើត ជា​អ្នក​ការពារ និង​ជា​ព្រះ​ដែល​ថែរក្សា​គ្រប់​អ្វីៗទាំង​អស់។ (កិច្ចការ១៧:២២-៣៤) ព្រះអង្គ​ទ្រង់អស្ចារ្យ​និង​មហិមា ទ្រង់​គង់​នៅ​ឋានសួគ៌។ ទ្រង់​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​អ្នក។ ទ្រង់​បាន​ឃើញ​អ្នក​ក្នុង​ចំណោម​បណ្ដាជន។ ទ្រង់​អាណិតអាសូរ​ហើយ​ស្រឡាញ់​អ្នក។ ព្រះអង្គ​ចង់​ធ្វើជា​មិត្ត​សម្លាញ់​របស់​អ្នក។ ទ្រង់​បាន​ប្រទាន​ព្រះរាជបុត្រា​របស់​ទ្រង់​ឲ្យ​មក​ធ្វើជា​ព្រះ​អង្គ​សង្គ្រោះ​របស់​អ្នក។ ព្រះ​អង្គ​ចង់​គង់​នៅ​ក្នុង​ចិត្ត​របស់​អ្នក។ ទ្រង់​មាន​ព្រះ​បន្ទូល​ថា៖ “ចូរ​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​រាល់​គ្នា​ដែរ…” (យ៉ូហាន: ១៥:៤) បើ​ទ្រង់​មិន​គង់​នៅ​ក្នុង​ចិត្ដ​អ្នក​ទេ តើ​មាន​នរណា​ទៀត? បើ​យើង​ពិចារណា​ពី​អ្វី​ដែល​កើត​ឡើង​ជុំវិញ​ខ្លួន​យើង នោះ​យើង​អាច​មើល​ឃើញ​ថា​អារក្សសាតាំង​វា​កំពុង​គ្រប់គ្រង ហើយ​បំផ្លាញ​ជីវិត​របស់​មនុស្ស​ជា​ច្រើន។ អារក្សសាតាំង​វា​បាន​គ្រប់​គ្រង​ដួង​ចិត្ដ​របស់​ពួក​គេ។ វា​ធ្វើ​ឲ្យ​មនុស្ស​ទាំង​នោះ​ប្រព្រឹត្ត​អាក្រក់​ដូចជាៈ និយាយ​កុហក កាមគុណ ផិតក្បត់ បោក​បញ្ឆោត លួច សងសឹក ហើយ​និង​អំនួត។ បើ​មារ​សាតាំង​វា​រស់​នៅ​ក្នុង​ចិត្ត​អ្នក វា​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រព្រឹត្ដ​អំពើបាប​កាន់​តែ​ច្រើន​ឡើងៗ ហេតុអ្វី​អ្នក​មិន​ត្រឡប់​មក​រក​ព្រះ? គឺ​ព្រះ​អង្គ​ហើយ ដែល​បាន​លះបង់​បុត្រា​តែ​មួយ​អង្គ​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ​មក​សុគត​ដើម្បី​លោះ​បាប​របស់​អ្នក ហើយ​និង​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី​នេះ (យ៉ូហាន: ៣:១៦)។ អ្នក​ប្រហែល​ជា​សួរ​ថា"តើ​ពាក្យ​នេះ​អាច​ជា​ការពិត​ទេ? តើ​អាច​មាន​ព្រះ១អង្គ​ដែល​ល្អអស្ចារ្យ ពោរពេញ​ដោយ​អំណាច ព្រះ​ចេស្ដា ហើយ​តើ​ទ្រង់​និង​មក​គង់​ក្នុង​ចិត្ត​ខ្ញុំ​បាន​ដោយ​របៀបណា?” (អេសាយ ៥៧:១៥)

តើ​អ្នក​មាន​ចិត្ត​សប្បាយ​រីក​រាយ​ឬ​ទេ? សេចក្តី​ភ័យ​ខ្លាច​និង​ការ​ដឹង​ខ្លួន​ថា​មាន​បាប ​អាច​នឹង​ឆក់​យក​សេចក្ដី​សុខ​របស់​យើង​បាន។ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា “តើ​ខ្ញុំ​អាច​សប្បាយ​ចិត្ត​បាន​យ៉ាង​ដូច​ម្តេច”? ខ្ញុំ​មាន​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក! មាន​ព្រះ​មួយ​អង្គ​ដែល​អាច​ជួយ​អ្នក​បាន។ ទ្រង់​អាច​អត់​ទោស​អំពើ​បាប​របស់​អ្នក ព្រម​ទាំង​ផ្ដល់​សេចក្ដី​សុខ​ដ៏​យូរ​អង្វែង​ដល់​អ្នក​បាន​ថែម​ទៀត​ផង។ សូម​ឱ្យ​ខ្ញុំ​ប្រាប់​អ្នក​អំពី​ទ្រង់ ព្រះ​អង្គ​មាន​នាម​ថា «ព្រះ​យេស៊ូវ»។ ព្រះ​វរបិតា​របស់​ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​តែ​មួយ​អង្គ​គត់ ដែល​បាន​បង្កើត​ពិភព​លោក និង​របស់​សព្វ​សារពើ ហើយ​ទ្រង់​ក៏​ជា​ព្រះ​អាទិករ​របស់​អ្នក​និង​ខ្ញុំ​ផង​ដែរ។ ព្រះ​ជាម្ចាស់​ស្រឡាញ់​ពួក​យើង ព្រម​ទាំង​មនុស្ស​លោក​ទាំង​អស់​ខ្លាំង​ណាស់ បាន​ជា​ទ្រង់​ចាត់​បញ្ជូន​ព្រះ​យេស៊ូវ ដែល​ជា​ព្រះ​រាជបុត្រា​តែ​មួយ​របស់​ព្រះ​អង្គ មក​លើ​ពិភព​លោក​នេះ។ កាល​ព្រះ​យេស៊ូវ​គង់​នៅ​លើ​ផែនដី​នៅ​ឡើយ ទ្រង់​បាន​ប្រោស​មនុស្ស​មាន​ជំងឺ​ឱ្យ​បាន​ជា​សះ​ស្បើយ កម្សាន្ត​ចិត្ត​ដល់​មនុស្ស​សោក​សង្រេង ប្រោស​ភ្នែក​ដែល​ខ្វាក់​ឱ្យ​ភ្លឺ​ឡើង​វិញ ហើយ​ក៏​បាន​បង្រៀន​មនុស្ស​នូវ​កិច្ចការ​ជា​ច្រើន​ដែរ។ ព្រះ​យេស៊ូវ​សព្វ​ព្រះ​ទ័យ​ឱ្យ​យើង​យល់​ពី​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង ដែល​ព្រះ​វរបិតា​របស់​ទ្រង់​មាន​ចំពោះ​អ្នក​និង​ខ្ញុំ ដូច្នេះ ទ្រង់​បាន​បង្រៀន​នូវ​រឿង​ប្រៀប​ប្រដូច​មួយ ដែល​ពន្យល់​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​វរបិតា​ទ្រង់។ អ្នក​អាច​អាន​រឿង​ខាង​ក្រោម​នេះ​នៅ​ក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ កណ្ឌ​លូកា ១៥.​១១-​២៤៖ មាន​បុរស​ម្នាក់​មាន​កូន​ប្រុស​២​នាក់ ឪពុក​បាន​គិត​ថា​អ្វីៗ​នឹង​ល្អ​ប្រសើរ​រហូត​ដល់​ថ្ងៃ​មួយ កូន​ប្រុស​ពៅ​ទាស់​ប្រឆាំង​ហើយ​មក​ជួប​ឪពុក រួច​និយាយ​ថា “ខ្ញុំ​មិន​ចូល​ចិត្ដ​ផ្ទះ​នេះ​ទេ ខ្ញុំ​ចង់​រស់​នៅ​តាម​ចិត្ត​ខ្លួន​ឯង ឥឡូវ​ខ្ញុំ​នឹង​ចេញ​ពី​ទី​នេះ​ទៅ។ សូម​ប្រគល់​ចំណែក​មរតក​ដែល​ត្រូវ​ចែក​ឱ្យ​ខ្ញុំ​នោះ​មក”។ ឪពុក​គ្រាំ​គ្រា​ចិត្ត​ណាស់ តែ​គាត់​ក៏​ព្រម​ប្រគល់​លុយ​កាក់ ហើយ​អនុញ្ញាត​ឱ្យ​កូន​ទៅ។ គាត់​ឆ្ងល់​ក្នុង​ចិត្ត​ថា តើ​អាច​មាន​ឱកាស​ជួប​កូន​ប្រុស​របស់​ខ្លួន​ម្ដង​ទៀត​ទេ។ កូន​ប្រុស​នោះ​បាន​ចាក​ចេញ​ទៅ​យ៉ាង​ឆ្ងាយ សប្បាយ​រីក​រាយ​នឹង​លុយ​កាក់​ជាមួយ​មិត្តភក្តិ​របស់​គាត់ ហើយ​ក៏​បាន​ចាយ​លុយ​យ៉ាង​ខ្ជះ​ខ្ជាយ​តាម​ចិត្ត​ចង់។ គាត់​គិត​ថា អ្វីៗ​ពេល​នេះ​គឺ​ពិត​ជា​សប្បាយ​ណាស់! នៅ​ថ្ងៃ​មួយ ភ្លាមៗ​នោះ លុយ​ទាំង​ប៉ុន្មាន​ក៏​អស់​រលីង​ទៅ ហើយ​មិត្ត​ភឿន​របស់​គាត់​ក៏​បាន​ចាក​ចោល​គ្មាន​សល់​សូម្បី​ម្នាក់។ ឥឡូវ​នេះ ដោយសារ​ភាព​តែល​តោល​ឯកា និង​ភាព​កម្សត់​ទុគ៌ត តើ​គាត់​គួរ​ធ្វើ​យ៉ាង​ណា? គាត់​បាន​ទៅ​ជួប​កសិករ​ម្នាក់ បន្ទាប់​មក គេ​ក៏​ឱ្យ​គាត់​ទៅ​ដាក់​ចំណី​សត្វ​ជ្រូក ប៉ុន្តែ គេ​មិន​បាន​ឱ្យ​អាហារ​ដល់​កូន​ពៅ​គ្រប់​គ្រាន់​នោះ​ទេ។ គាត់​ឃ្លាន​ខ្លាំង​ណាស់​ស្ទើរ​តែ​ដាច់​ពោះ ដែល​គាត់​សឹង​តែ​ស៊ី​ចំណី​របស់​សត្វ​ជ្រូក។ ពេល​ចាប់ផ្ដើម​គិត​ពិចារណា​ពី​រឿង​អាក្រក់​ទាំង​អស់​ដែល​ធ្លាប់​បាន​ប្រព្រឹត្ត និង​ពី​អ្វីៗ​ដែល​បាន​ធ្វើ​ខុស​ដាក់​ឪពុក​ខ្លួន នោះ​គាត់​ពិបាក​ចិត្ត​កាន់​តែ​ខ្លាំង​ឡើងៗ។ ថ្ងៃ​មួយ គាត់​បាន​នឹក​ចាំ​ពី​សេចក្ដី​ស្រឡាញ់​របស់​ឪពុក​ដែល​ធ្លាប់​ផ្តល់​ឱ្យ និង​អ្វីៗ​ដែល​ធ្លាប់​មាន​ពី​កាល​នៅ​ផ្ទះ សូម្បី​តែ​អ្នក​បម្រើ​របស់​ឪពុក​ក៏​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​ដែរ។ គាត់​បាន​គិត​ថា “តើ​ខ្ញុំ​អាច​វិល​ត្រឡប់​ទៅ​រក​ឪពុក​ខ្ញុំ​វិញ​បាន​ឬ​ទេ បន្ទាប់​ពី​កំហុស​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ទាស់​នឹង​លោក? តើ​គាត់​នៅ​តែ​ស្រឡាញ់​ខ្ញុំ​ដែរ​ឬ​ទេ? ខ្ញុំ​ពិត​ជា​មិន​ស័ក្ដិ​សម​នឹង​ធ្វើ​ជា​កូន​របស់​ឪពុក​សោះ​ឡើយ ខ្ញុំ​សុខ​ចិត្ត​ធ្វើ​ជា​អ្នក​បម្រើ​តែ​ប៉ុណ្ណោះ ប្រសិន​បើ​លោក​ឪពុក​ព្រម​ទទួល​យក​ខ្ញុំ​វិញ”។ ភ្លាមៗ​នោះ កូន​ពៅ​ក៏​ក្រោក​ឡើង ហើយ​ចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្ទះ​ឪពុក​វិញ ដើម្បី​ឱ្យ​ដឹង​ច្បាស់​ថា តើ​លោក​ឪពុក​នឹង​ព្រម​អត់​ទោស​ដល់​រូប​គាត់​ដែរ​ឬ​ទេ។ ឪពុក​បាន​ទន្ទឹង​រង់​ចាំ​កូន​ប្រុស​ពៅ​ជានិច្ច តាំង​ពី​កូន​នោះ​បាន​ចាក​ចេញ​ទៅ។ ឪពុក​តែង​តែ​ឆ្ងល់​ថា “តើ​កូន​ខ្ញុំ​អាច​នឹង​ត្រឡប់​មក​វិញ​ដែរ​ឬ​ទេ”? នា​ថ្ងៃ​ដ៏​អស្ចារ្យ​មួយ គាត់​បាន​ឃើញ​មនុស្ស​ម្នាក់​ដើរ​មក​ពី​ចម្ងាយ តើ​ម្នាក់​នោះ​អាច​ជា​កូន​ប្រុស​ពៅ​ឬ​ទេ? កាល​បាន​ដឹង​ច្បាស់​ថា​ជា​កូន​របស់​គាត់​ពិត​មែន នោះ​គាត់​ក៏​បាន​រត់​ទៅ​រក​ដោយ​សន្ធឹង​ដៃ​យ៉ាង​ធំ​ដើម្បី​ទទួល។

ព្រះ​យេស៊ូវ​ជា​មិត្ត​សម្លាញ់​របស់​អ្នក ខ្ញុំ​មាន​មិត្ត​ម្នាក់ ទ្រង់​គឺ​ជា​មិត្ត​សម្លាញ់​ដ៏​ល្អ​បំផុត ដែល​ខ្ញុំ​ពុំ​ធ្លាប់​មាន​ពី​មុន​មក។ ទ្រង់​ស្មោះ​ត្រង់​និង​សប្បុរស​ជា​ខ្លាំង ដែល​ខ្ញុំ​ចង់​ឱ្យ​អ្នក​ស្គាល់​ទ្រង់​ដែរ ព្រះ​នាម​របស់​ទ្រង់​គឺ ព្រះ​យេស៊ូវ។ អ្វី​ដែល​អស្ចារ្យ​នោះ គឺ​ទ្រង់​ចង់​ក្លាយ​ជា​មិត្ត​របស់​អ្នក ខ្ញុំ​សូម​ប្រាប់​អ្នក​អំពី​ទ្រង់។ យើង​អាន​រឿង​នេះ​នៅ​ក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ។ ព្រះ​គម្ពីរ​បរិសុទ្ធ​គឺ​ពិត​ប្រាកដ​មែន វា​គឺ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់។ ព្រះ​ជាម្ចាស់ ជា​ព្រះ​តែ​មួយ​អង្គ​ដែល​បង្កើត​ពិភព​លោក និង​គ្រប់​របស់​សព្វ​សារពើ​នៅ​ក្នុង​ពិភព​លោក​នេះ។ ទ្រង់​គឺ​ជា​ព្រះ​អម្ចាស់​នៃ​ស្ថាន​សួគ៌​និង​ផែន​ដី ទ្រង់​ប្រទាន​ជីវិត និង​ខ្យល់​ដង្ហើម​ដល់​អ្វីៗ​ទាំង​អស់។ ព្រះ​យេស៊ូវ គឺ​ជា​ព្រះ​រាជបុត្រា​របស់​ព្រះ។ ព្រះ​អង្គ​បាន​បញ្ជូន​បុត្រា​ពី​ស្ថាន​សួគ៌​មក​លើ​ផែន​ដី​នេះ ដើម្បី​ធ្វើ​ជា​ព្រះ​អង្គ​សង្រ្គោះ​ផ្ទាល់​ខ្លួន​របស់​យើង។ ព្រះ​អង្គ​ស្រឡាញ់​មនុស្ស​លោក​ជា​ខ្លាំង (សំដៅ​ថា ទ្រង់​ស្រឡាញ់​អ្នក និង​ខ្ញុំ) បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​តែ​មួយ​របស់​ព្រះ​អង្គ​គឺ ព្រះ​យេស៊ូវ (ដើម្បី​សុគត​សម្រាប់​អំពើ​បាប​របស់​យើង​ទាំង​អស់​គ្នា) ដើម្បី​ឱ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឱ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ (យ៉ូហាន ៣.១៦)។ ព្រះ​យេស៊ូវ​បាន​យាង​មក​លើ​ផែនដី​ជា​ទារក​តូច ឪពុក​ម្ដាយ​ខាង​ផែនដី​របស់​ទ្រង់​មាន​ឈ្មោះ​ថា លោក យ៉ូសែប និង​នាង ម៉ារា។ ទ្រង់​បាន​ប្រសូត​នៅ​ក្នុង​ក្រោល​សត្វ និង​ផ្ទំ​ក្នុង​ស្នូក​សត្វ។ ព្រះ​យេស៊ូវ​ចម្រើន​វ័យ​ធំ​ឡើង​ជាមួយ​នឹង​លោក​យ៉ូសែប និង​នាង​ម៉ារា ហើយ​ទ្រង់​បាន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ។ ទ្រង់​មាន​ប្អូន​ប្រុស​ស្រី​លេង​ជាមួយ​នឹង​ទ្រង់ ហើយ​ទ្រង់​បាន​ជួយ​លោក​យ៉ូសែប នៅ​ក្នុង​រោង​ជាង​ឈើ​របស់​គាត់។ ពេល​ព្រះ​យេស៊ូវ​ធំ​ពេញ​វ័យ​ឡើង ទ្រង់​បាន​បង្រៀន​បណ្ដាជន​អំពី​ព្រះ​វរបិតា​ទ្រង់ ដែល​គង់​នៅ​ស្ថាន​សួគ៌។ ទ្រង់​បាន​បង្ហាញ​ពួក​គេ​ថា ព្រះ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​គេ ទ្រង់​ប្រោស​អ្នក​ឈឺ​ឱ្យ​ជា ហើយ​កម្សាន្ត​ចិត្ត​មនុស្ស​ដែល​មាន​ទុក្ខ​លំបាក​ផង​ដែរ។ ព្រះ​អង្គ​ក៏​ជា​មិត្ត​របស់​ក្មេងៗ ទ្រង់​ចង់​ឱ្យ​ពួក​គេ​នៅ​ក្បែរ​ទ្រង់ ទ្រង់​មាន​ពេល​វេលា​ជាមួយ​ពួក​គេ។ ក្មេងៗ​ស្រឡាញ់​ព្រះ​យេស៊ូវ​ណាស់ និង​ចង់​នៅ​ជាមួយ​ទ្រង់​ថែម​ទៀត​ផង។ មនុស្ស​ខ្លះ​មិន​បាន​ស្រឡាញ់​ព្រះ​យេស៊ូវ​ទេ ពួក​គេ​ច្រណែន​ឈ្នានីស​ថែម​ទាំង​ស្អប់​ទ្រង់​ទៀត​ផង។ ពួក​គេ​ស្អប់​ទ្រង់​ខ្លាំង​ណាស់ រហូត​ដល់​គេ​ចង់​ធ្វើ​គុត​ទ្រង់។ នៅ​ថ្ងៃ​ដ៏​រន្ធត់​មួយ ពួក​គេ​បាន​ធ្វើ​គុត​ព្រះ​យេស៊ូវ ដោយ​ដំ​ដែក​គោល​ភ្ជាប់​ទ្រង់​នៅ​លើ​ឈើ​ឆ្កាង។ ព្រះ​យេស៊ូវ​មិន​បាន​ធ្វើ​អ្វី​ខុស​សោះ ប៉ុន្ដែ ទ្រង់​ត្រូវ​បាន​សុគត​ជំនួស​យើង ដោយ​ព្រោះ​តែ​អ្នក និង​ខ្ញុំ​បាន​ធ្វើ​ខុស។ រឿង​អំពី​ព្រះ​យេស៊ូវ មិន​បញ្ចប់​ត្រឹម​ការ​សុគត​របស់​ទ្រង់​ទេ ព្រះ​ជាម្ចាស់​បាន​ប្រោស​ឱ្យ​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ! ពួក​អ្នក​ដែល​ដើរ​តាម​ព្រះ​អង្គ​បាន​ឃើញ​ទ្រង់ បន្ទាប់​មក នៅ​ថ្ងៃ​មួយ ទ្រង់​បាន​យាង​ត្រឡប់​ទៅ​ឯ​ស្ថាន​សួគ៌​វិញ។ សព្វ​ថ្ងៃ​នេះ ព្រះ​យេស៊ូវ​អាច​ទត​ឃើញ​និង​ស្ដាប់​ឮ​ពី​អ្នក ទ្រង់​ជ្រាប​គ្រប់​ទាំង​អស់​អំពី​អ្នក និង​មាន​ព្រះ​ទ័យ​ទុក​ដាក់​នឹង​អ្នក។ សូម​ចូល​មក​រក​ទ្រង់​តាម​រយៈ​ការ​អធិស្ឋាន ទូល​ទ្រង់​ពី​គ្រប់​បញ្ហា​ទាំង​ប៉ុន្មាន​ដែល​អ្នក​មាន ព្រះ​យេស៊ូវ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ចាំ​ជួយ​អ្នក។ អ្នក​អាច​ឱន​ក្បាល​ចុះ ហើយ​សន្ទនា​ជាមួយ​ព្រះ​អង្គ​គ្រប់​ពេល​វេលា គ្រប់​ទី​កន្លែង​ណា​ក៏​បាន។ ថ្ងៃ​មួយ ព្រះ​យេស៊ូវ​នឹង​យាង​ត្រឡប់​មក​ម្ដង​ទៀត! ទ្រង់​នឹង​នាំ​អស់​អ្នក​ដែល​ជឿ​លើ​ទ្រង់​ទៅ​ផ្ទះ​នៅ​ឯ​ស្ថាន​សួគ៌ ៕

តើ​អ្នក​ធ្លាប់​បាន​ក្រឡេក​មើល​ជុំវិញ​ខ្លួន​ហើយ​ឆ្ងល់​ថា តើ​អ្វីៗ​គ្រប់​យ៉ាង​បាន​ចាប់​ផ្តើម​ដោយ​របៀប​ណា? គឺ​មាន​សត្វ​ពាហនៈ សត្វ​ស្លាប ដើម​ឈើ និង​រុក្ខ‍ជាតិ​ជា​ច្រើន​ប្រភេទ​នៅ​លើ​ផែនដី។ តើ​របស់​ទាំង​អស់​នោះ​កើត​ចេញ​ពី​ណា? តើ​របស់​ទាំង​អស់​នោះ​មាន​តាំង​ពី​ដើម​មក​ឬ? ចុះ​ចំណែក​មនុស្ស? យើង​ក្រឡេក​មើល​មក​សារពាង្គ​កាយ​យើង ហើយ​មើល​ពី​របៀប​ដែល​រាង​កាយ​ធ្វើ​ចលនា យើង​ប្រើ​ភ្នែក​ដើម្បី​មើល ត្រចៀក​ដើម្បី​ស្តាប់ និង​ដៃ​ជើង​សម្រាប់​ធ្វើ​ការ​ងារ​ផ្សេងៗ និង​ទៅ​ទី​កន្លែង​ណា​ដែល​យើង​ចង់​ទៅ។ តើ​ទាំង​អស់​នេះ​កើត​ឡើង​តាំង​តែ​ពី​ដើម​មក ឬ​ក៏​មាន​អ្នក​ណា​ម្នាក់​បង្កើត​មក? ចម្លើយ​សម្រាប់​សំនួរ​ទាំង​អស់​នេះ​មាន​នៅ​ក្នុង​ព្រះ‍គម្ពីរ​បរិសុទ្ធ ដែល​ជា​ព្រះ‍បន្ទូល​ព្រះ។ ព្រះ‍គម្ពីរ​បាន​ប្រាប់​យើង​ពី​ការ​បង្កើត​នៃ​ពិភពលោក ខ​គម្ពីរ​ដំបូង​នៅ​ក្នុង​ព្រះ‍គម្ពីរ​បាន​ចែង​ថា៖ «កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេយ និង​ផែនដី» (លោ‍កុ‍ប្ប‍ត្តិ ១.​១)។ មុន​ដែល​ផែនដី​បាន​បង្កើត​មក គឺ​មាន​វត្ត‍មាន​របស់​ព្រះ​រួច​ទៅ​ហើយ។ ព្រះ​តែង​តែ​មាន​វត្ត‍មាន ទ្រង់​គ្មានទី​ចាប់ផ្តើម និង​គ្មាន​ទី​បញ្ចប់។ នៅ​ក្នុង​ជំពូក​ដំបូង​នៃ​ព្រះ‍គម្ពីរ​លោ‍កុ‍ប្ប‍ត្តិ បាន​បង្រៀន​យើង​ថា ព្រះ​បាន​បង្កើត​ពិភពលោក និង​របស់​សព្វ​សារពើ​ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ។ នៅ​ថ្ងៃ​ទី​មួយ ព្រះ​បាន​មាន​បន្ទូល​ថា៖ «ចូរ​ឲ្យ​មាន​ពន្លឺ» ដូច្នេះ ក៏​មាន​ពន្លឺ​ឡើង។ ទ្រង់​បាន​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត ហើយ​បាន​ហៅ​ថា “ថ្ងៃ” និង “យប់”។ នៅ​ថ្ងៃ​ទី​ពីរ ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ។ នៅ​ថ្ងៃ​ទី​បី ទ្រង់​បាន​ញែក​ដី​ចេញ​ពី​ទឹក ហើយ​បាន​ហៅ​ថា​ជា “ផែនដី” និង “សមុទ្រ”។ ទ្រង់​បាន​បង្កើត​ស្មៅ រុក្ខ‍ជាតិ និង​ដើម​ឈើ ហើយ​បង្កើត​ឲ្យ​ពួក​វា​បង្កើត​គ្រាប់​ពូជ​ដើម្បី​បណ្តុះ​រុក្ខ‍ជាតិ និង​ដើម​ឈើ​តាម​ពូជ​របស់​ពួក​វា។ នៅ​ថ្ងៃ​ទី​បួន ព្រះ​បាន​បង្កើត​តួ​ពន្លឺ​យ៉ាង​ធំ​២។ ព្រះ‍អាទិត្យ​គឺ​ជា​ពន្លឺ​ធំ​ជាង​ដើម្បី​បំភ្លឺ​ពេល​ថ្ងៃ និង​ព្រះ‍ច័ន្ទ​គឺ​ជា​ពន្លឺ​តូច​ជាង​ដើម្បី​បំភ្លឺ​ពេល​យប់ ដោយ​ព្រោះ​ពន្លឺ​ទាំង​២​យើង​មាន​ថ្ងៃ ខែ និង​ឆ្នាំ។ ទ្រង់​ក៏​បង្កើត​ផ្កាយ​ទាំង​អស់​ផង​ដែរ។ នៅ​ថ្ងៃ​ទី​ប្រាំ ព្រះ​បាន​បង្កើត​សត្វ​ស្លាប និង​ត្រី​ទាំង​អស់។ នៅ​ថ្ងៃ​ទី​ប្រាំ​មួយ ព្រះ​បាន​បង្កើត​សត្វ​ពាហនៈ​ដែល​ដើរ និង​លូន​វារ​នៅ​លើ​ផែនដី ហើយ​ទ្រង់​បង្កើត​ឲ្យ​ពួក​វា​បង្កើត​កូន​ទៅ​តាម​ពូជ​វា​និមួយៗ។ ព្រោះ​ទ្រង់​បង្កើត​របៀប​នេះ ដើម្បី​ឲ្យ​មាន​វដ្ត​ជីវិត ចាស់​ក៏​ស្លាប់​ទៅ ហើយ​មាន​កូន​ថ្មី​កើត​មក​ទៀត​ដើម្បី​មក​បំពេញ​វិញ។ នៅ​ថ្ងៃ​ទី​ប្រាំ​មួយ ព្រះ​ក៏​បាន​បង្កើត​មនុស្ស​ឲ្យ​មាន​រូប​ដូច​អង្គ​ទ្រង់ សូន​គាត់​ចេញ​ពី​ធូលី​នៃ​ផែនដី។ ទ្រង់​ជ្រាប​ថា គាត់​នឹង​ត្រូវការ​អ្នក​ណា​ម្នាក់​ដើម្បី​ជា​ជំនួយ​គាត់ ដូច្នេះ ទ្រង់​បាន​យក​ឆ្អឹង​ជំនីរ​មួយ​ពី​បុរស ហើយ​បង្កើត​ស្ត្រី​ម្នាក់។ ទ្រង់​មាន​បន្ទូល​ប្រាប់​ពួក​គេ​ទាំង​២​ឲ្យ​បង្កើត​កូន​ជា​ច្រើន​ឡើង​ពាស​ពេញ​លើ​ផែនដី ហើយ​ឲ្យ​មាន​អំណាច​គ្រប់​គ្រង​លើ​របស់​សព្វ​សារពើ​ទាំង​អស់​ដែល​ទ្រង់​បាន​បង្កើត។ បន្ទាប់​ពី​ទ្រង់​បាន​បង្កើត​របស់​សព្វ​សារពើ​មក ទ្រង់​ទត​ឃើញ​ទាំង​អស់​ថា​ល្អ។ ព្រះ​បាន​បង្កើត​ផែនដី​ជា​ទី​លំនៅ​របស់​មនុស្ស ហើយ​មនុស្ស​គឺ​សម្រាប់​គោរព​ថ្វាយ​បង្គំ​លើក​តម្កើង​ព្រះ។ ទ្រង់​ក៏​បាន​បង្កើត​មនុស្ស​ដើម្បី​គ្រប់​គ្រង និង​ថែរក្សា​របស់​សព្វ​សារពើ​ដែល​ទ្រង់​បាន​បង្កើត។

កាល​ដើម​ដំបូង​ឡើយ ព្រះ​ជាម្ចាស់​បាន​បង្កើត​ពិភព​លោក​ទាំង​មូល ទ្រង់​បាន​បង្កើត​ព្រះ​អាទិត្យ ព្រះ​ច័ន្ទ និង​ផ្កាយ​ទាំង​អស់ ព្រម​ទាំង​សត្វ​និង​រុក្ខជាតិ​គ្រប់​ប្រភេទ។ នៅ​ថ្ងៃ​ទី​ប្រាំ​មួយ​នោះ​ឯង ព្រះ​បាន​បង្កើត​មនុស្ស​មក​ឱ្យ​ដូច​រូប​អង្គ​ទ្រង់ ហើយ​បាន​ផ្លុំ​ខ្យល់​ដង្ហើម​ជីវិត​បញ្ចូល​ទៅ​ក្នុង​គាត់។ បុរស​ដំបូង​គឺ​មាន​ឈ្មោះ​ថា អ័ដាម ហើយ​ប្រពន្ធ​របស់​គាត់​មាន​ឈ្មោះ​ថា អេវ៉ា។ ពួក​គេ​បាន​រស់​នៅ​ក្នុង​សួន​ច្បារ​ដ៏​ស្រស់​ស្អាត​មួយ ដែល​ព្រះ​បាន​ប្រទាន​ឱ្យ។ ព្រះ​ជាម្ចាស់​ស្រឡាញ់​លោក​អ័ដាម និង​នាង​អេវ៉ា ហើយ​ពួក​គេ​ក៏​ស្រឡាញ់​ទ្រង់​ដែរ។ ព្រះ​បាន​បង្គាប់​អ័ដាម​ឱ្យ​មើល​ថែ​សួន​ច្បារ។ ព្រះ​បាន​មាន​បន្ទូល​ប្រាប់​ពួក​គេ​ថា ពួក​គេ​អាច​បរិភោគ​អ្វីៗ​ដែល​ពួក​គេ​ចង់​បាន លើក​លែង​តែ​ផ្លែ​ពី​ដើម​ឈើ​ដឹង​ខុស​ត្រូវ ហើយ​ថា ពួក​គេ​នឹង​ស្លាប់​ជា​មិន​ខាន ប្រសិន​បើ​មិន​ស្ដាប់​បង្គាប់។ ថ្ងៃ​មួយ មាន​រឿង​ដ៏​អាក្រក់​មួយ​បាន​កើត​ឡើង! លោក​អ័ដាម និង​នាង​អេវ៉ា​បាន​ប្រព្រឹត្ត​អំពើ​បាប ពេល​ពួក​គេ​មិន​ស្ដាប់​បង្គាប់​ព្រះ ហើយ​បាន​បរិភោគ​ផ្លែ​ពី​ដើម​ឈើ​ដែល​បាន​ហាម​ឃាត់។ បន្ទាប់​មក ពួក​គេ​ភ័យ​ខ្លាច​ព្រះ ហើយ​បាន​រត់​ពួន​ពី​ទ្រង់ តែ​ព្រះ​ទ្រង់​ជ្រាប​ពី​កន្លែង​ដែល​ពួក​គេ​លាក់​ខ្លួន។ ទ្រង់​បាន​យាង​មក ហើយ​ហៅ​ទៅ​កាន់​អ័ដាម ដោយ​មាន​ព្រះ​បន្ទូល​ប្រាប់​គាត់​ថា ដោយ​សារ​ការ​មិន​បាន​ស្ដាប់​បង្គាប់ ពួក​គេ​នឹង​ត្រូវ​ចាក​ចេញ​ពី​ទី​លំនៅ​ក្នុង​សួន​ច្បារ​ដ៏​ស្រស់​ស្អាត​នោះ។ ព្រះ​មិន​បាន​ភ្លេច​លោក​អ័ដាម និង​នាង​អេវ៉ា​ទេ ទ្រង់​នៅ​តែ​ស្រឡាញ់​ពួក​គេ​ជានិច្ច ដូច្នេះ​ទ្រង់​បាន​សន្យា​ថា នឹង​ចាត់​បញ្ជូន​ព្រះ​រាជបុត្រា​តែ​មួយ​របស់​ទ្រង់​គឺ ព្រះ​យេស៊ូវ ដើម្បី​ឱ្យ​យាង​មក​លើ​ផែនដី​នេះ។ ព្រះ​យេស៊ូវ​នឹង​សុគត​សម្រាប់​អំពើ​បាប​របស់​ពួក​គេ ដើម្បី​ឱ្យ​ពួក​គេ​អាច​នឹង​មាន​ជីវិត! «ដ្បិត​ព្រះ​ស្រឡាញ់​មនុស្ស​លោក​ជា​ខ្លាំង បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​តែ​មួយ​របស់​ព្រះ​អង្គ ដើម្បី​ឱ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឱ្យ​មាន​ជីវិត​អស់​កល្ប​ជា​និច្ច​វិញ» (យ៉ូហាន ៣.​១៦)។ ព្រះយេស៊ូវ​ពិត​ជា​បាន​យាង​មក​ដូច​ព្រះ​បាន​សន្យា! ទ្រង់​បង្ហាញ​ថា មនុស្ស​គ្រប់​ជាតិ​សាសន៍​បាន​ប្រព្រឹត្ត​អំពើ​បាប។ មនុស្ស​មាន​បាប​ត្រូវ​តែ​ស្លាប់ ប៉ុន្ដែ ព្រះ​យេស៊ូវ​ស្រឡាញ់​យើង​ខ្លាំង​ណាស់ ដែល​បណ្ដាល​ឱ្យ​ទ្រង់​ទទួល​ការ​បង្គាប់​ពី​ព្រះ​វរបិតា ថា​នឹង​មក​សុគត​សម្រាប់​អំពើ​បាប​របស់​មនុស្ស​ទាំង​អស់ ទ្រង់​បាន​សុគត​ជំនួស​មនុស្ស​គ្រប់​រូប​ដែល​បាន​ប្រព្រឹត្ត​ខុស។ ដំណឹង​ល្អ​នោះ​គឺ​ថា ព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ពី​សេចក្ដី​ស្លាប់​ឡើង​វិញ​ហើយ! ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ថា៖ «ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត និង​ជា​ជីវិត» (យ៉ូហាន ១៤.​៦)។ ព្រះ​យេស៊ូវ​ចង់​នាំ​យើង​ទៅ​កាន់​ដំណាក់​នៅ​ឯ​ស្ថាន​សួគ៌ ជា​កន្លែង​ដែល​ព្រះ​វរបិតា​របស់​ទ្រង់​គង់​នៅ។ ពេល​ខ្លះ​យើង​មាន​អារម្មណ៍​ថា គ្មាន​អ្នក​ណា​ស្រឡាញ់​យើង​ទេ។ មនុស្ស​ជា​ច្រើន​រស់​នៅ​ជុំវិញ​យើង មាន​អារម្មណ៍​ក្រៀម​ក្រំ ឈឺ​ចាប់ ឬ​ជូរ​ល្វីង។ ប្រហែល​ជា​យើង​ភ័យ​ខ្លាច ឬ​មាន​អារម្មណ៍​ថា​មិន​ស្កប់​ចិត្ត នៅ​ខាង​ក្នុង​ដែល​មិន​រសាយ។ យើង​សួរ​ខ្លួន​ឯង​ថា តើ​អ្នក​ណា​អាច​ជួយ​យើង​បាន? ហើយ​ហេតុ​អ្វី​បាន​ជា​យើង​មាន​អារម្មណ៍​ឯកា? ព្រះ​បាន​ដាក់​ការ​មិន​ស្កប់​ស្កល់​នោះ យ៉ាង​ជ្រៅ​ក្នុង​ដួង​ចិត្ត វា​គឺ​ជា​រឿង​ពិសេស​មួយ​ដើម្បី​នាំ​អ្នក​ទៅ​ក្បែរ​ព្រះ​វរបិតា ដែល​គង់​នៅ​ស្ថាន​សួគ៌ គឺ​ដោយ​សារ​តែ​ទ្រង់​ស្រឡាញ់​អ្នក។

តើ​អ្នក​ដឹង​ទេ​ថា មាន​សៀវភៅ​បាន​ពន្យល់​ពី​កំណើត​នៃ​ពិភព​លោក? ឃ្លា​ដំបូង​គឺ៖ «កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី»។ បន្ទាប់​ពី​ឃ្លា​ខាង​លើ សៀវភៅ​នេះ​ក៏​មាន​ចែង​បន្ថែម​ទៀត ពី​របៀប​ដែល​ពិភព​លោក​ទាំង​មូល​ត្រូវ​បាន​បង្កើត​ឡើង ហើយ​ពី​បុរស និង​ស្ត្រី​ដែល​បាន​រស់​នៅ​លើ​ផែនដី​មុន​ដំបូង​បំផុត។ វា​មិន​ត្រឹម​តែ​ប្រាប់​យើង​អំពី​កំណើត​ដំបូង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​ក៏​ប្រាប់​យើង​អំពី​អ្វី​ដែល​នឹង​កើត​ឡើង បន្ទាប់​ពី​ជីវិត​នេះ​ត្រូវ​បាន​បញ្ចប់​ផង​ដែរ។ តាម​រយៈ​សៀវភៅ​មួយ​ក្បាល​ទាំង​មូល​នេះ យើង​រក​ឃើញ​ពី​របៀប​ដែល​យើង​គួរ​រស់​នៅ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ជីវិត​ក្រោយ​ពី​សេចក្តី​ស្លាប់។ នេះ​គឺ​ជា​សៀវភៅ​ដ៏​យូរ​កាល​មក​ហើយ ដែល​មាន​អ្នក​សរសេរ​ប្រមាណ​ជា​៤០​នាក់​ផ្សេង​គ្នា ក្នុង​រយៈ​ពេល​ប្រមាណ​ជា​១៥០០​ឆ្នាំ។ ពួក​គេ​បាន​កត់​ត្រា​នូវ​អ្វី​ដែល​ព្រះ‍ជា‍ម្ចាស់​មាន​បន្ទូល​ប្រាប់​ពួក​គេ ព្រះ‍ជា‍ម្ចាស់​ក៏​មាន​បន្ទូល​អំពី​ព្រះ‍អង្គ​ទ្រង់​ផ្ទាល់ ដល់​អ្នក​និពន្ធ​ទាំង​នោះ។ អ្នក​និពន្ធ​សៀវភៅ​លោ‍កុ‍ប្ប‍‍ត្តិ ដែល​ជា​កណ្ឌ​ទី​មួយ បាន​ចែង​ទុក​អំពី​ការ​បង្កើត ហើយ​អំពី​ទឹក​ជំនន់​ដែល​គ្រប​ដណ្តប់​លើ​ផែនដី​ទាំង​មូល។ អ្នក​និពន្ធ​រូប​នោះ ព្រម​ទាំង​អ្នក​និពន្ធ​ផ្សេង​ទៀត បាន​សរសេរ​អំពី​ប្រជា​រាស្រ្ត​ដែល​ព្រះ​បាន​ជ្រើស​រើស និង​របៀប​ដែល​ទ្រង់​បាន​ដឹក​នាំ​ពួក​គេ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ ព្រះ​បាន​បណ្តាល​មនុស្ស​ផ្សេងៗ​គ្នា​ឲ្យ​សរសេរ​នូវ​ប្រវត្តិសាស្ត្រ កំណាព្យ ការ​ថ្លែង​ទំនាយ និង​អំពី​ការ​សន្យា​របស់​ព្រះ‍ជា‍ម្ចាស់។ ពីព្រោះ​ដោយសារ​តែ​ការ​សរសេរ​នេះ ត្រូវ​បាន​បណ្តាល​មក​ពី​ព្រះ‍អង្គ​ផ្ទាល់ ដូច្នេះ មិន​មាន​ឈ្មោះ​អ្នក​ណា​ម្នាក់​នៅ​លើ​គម្រប​នោះ​ទេ សៀវភៅ​នេះ​ត្រូវ​បាន​គេ​ហៅ​ថា ព្រះ‍គម្ពីរ​ប៊ីប ឬ​ក៏ ព្រះ‍គម្ពីរ​បរិសុទ្ធ។ ព្រះ‍គម្ពីរ​បរិសុទ្ធ​គឺ​ជា​សៀវភៅ ដែល​បាន​ចែក​ចាយ​យ៉ាង​ទូលំ​ទូលាយ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក។ ទោះ​បី​ជា​មាន​ពេល​ខ្លះ​មនុស្ស​មួយ​ចំនួន បាន​ព្យាយាម​បំផ្លាញ​ព្រះ‍គម្ពីរ​បរិសុទ្ធ​នោះ​ក៏​ដោយ ប៉ុន្តែ ព្រះ‍ទ្រង់​តែង​តែ​ថែរក្សា​ការ​ពារ​ទុក​ជា‍និច្ច «ព្រះ‍បន្ទូល​របស់​ព្រះ‍អម្ចាស់​ស្ថិត​ស្ថេរ​អស់​កល្ប​ជា‌‍និច្ច» (ពេត្រុស​ទី១ ១.​២៥)។ ព្រះ‍គម្ពីរ​បរិសុទ្ធ​ត្រូវ​បាន​ចង​ក្រង​ឡើង​មាន​៦៦​កណ្ឌ​ផ្សេង​គ្នា វា​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ផ្នែក​គឺ គម្ពីរ​សញ្ញា​ចាស់ និង​គម្ពីរ​សញ្ញា​ថ្មី។ គម្ពីរ​សញ្ញា​ចាស់​ប្រាប់​ពី​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក និង​មាន​ចែង​ទុក​នូវ​ការ​សន្យា​របស់​ព្រះ​ថា​នឹង​បញ្ជូន​ព្រះ‍រាជ‍បុត្រា​របស់​ទ្រង់ គឺ​ព្រះ‍យេ‍ស៊ូ‍វ មក​លើ​ផែនដី​ដើម្បី​សង្គ្រោះ​យើង​រាល់​គ្នា​ឲ្យ​រួច​ពី​អំពើ​បាប។ គម្ពីរ​សញ្ញា​ថ្មី​ប្រាប់​យើង​ពី​ដំណើរ​ដែល​ព្រះ‍យេ‍ស៊ូ‍វ ជា​ព្រះ‍រាជ‍បុត្រា​នៃ​ព្រះ‍ជា‍ម្ចាស់ បាន​យាង​មក​លើ​ផែនដី​ដោយ​កត់​ត្រា​ថា ព្រះ‍យេ‍ស៊ូ‍វ​បាន​ប្រសូត​ជា​ទារក​តូច។ ព្រឹត្តិ​ការណ៍​ជា​ច្រើន​ក្នុង​ជីវិត​របស់​ព្រះ‍យេ‍ស៊ូ‍វ​ត្រូវ​បាន​គេ​កត់​ត្រា រួម​ទាំង​ការ​អស្ចារ្យ​ជា​ច្រើន​ដែល​ទ្រង់​បាន​ធ្វើ​ផង​ដែរ។ ព្រះ‍គម្ពីរ​បរិសុទ្ធ​បង្ហាញ​យើង​ថា ព្រះ‍យេ‍ស៊ូ‍វ​ជា​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​ដែល​បាន​ប្រទាន​មក​ដល់​យើង ក្នុង​គ្រប់​ទាំង​អស់។ ពេល​ព្រះ‍យេ‍ស៊ូ‍វ​បាន​មាន​ព្រះ‍បន្ទូល មនុស្ស​គ្រប់​គ្នា​ក៏​ស្ដាប់​សេចក្តី​បង្រៀន​របស់​ទ្រង់ ហើយ​ការ​បង្រៀន​ជា​ច្រើន​ទាំង​ប៉ុន្មាន​នោះ យើង​ក៏​អាច​អាន​ក្នុង​កណ្ឌ​គម្ពីរ​ទាំង​បួន​ដែល​ហៅ​ថា កណ្ឌ​គម្ពីរ​ដំណឹង​ល្អ។

សេចក្តី​ស្រឡាញ់​គឺ​ជា​ពាក្យ​ដ៏​ពីរោះ ក្នុង​គ្រប់​ទាំង​ភាសា​នានា។ តើ​អ្វី​ដែល​ពាក្យ​ស្រឡាញ់​មាន តើ​ជា​ការ​ថ្នាក់​ថ្នម ការ​យក​ចិត្ត​ទុក​ដាក់ ភាព​កក់​ក្តៅ ភាព​សប្បុរស ការ​យោគ​យល់​គ្នា ការ​គាំពារ​គ្នា ឬ​ក៏​សេចក្ដី​ស្រឡាញ់​របស់​ម្តាយ​ចំពោះ​កូន​មែន​ទេ? សូម​លោក​អ្នក​ពិចារណា​វិញ តើ​ពាក្យ​ដ៏​ពីរោះ​នេះ​ពិត​ជា​មាន​ន័យ​ដូច​ម្ដេច? តើ​អ្នក​ចង់​ទទួល​បាន​សេចក្តី​ស្រឡាញ់​ឬ​ទេ? តើ​អ្នក​មាន​សេចក្តី​ស្រឡាញ់​ឬ​ទេ? ព្រះ‍ជា‍ម្ចាស់​ជា​តួ​នៃ​សេចក្តី​ស្រឡាញ់ ហើយ​សេចក្តី​ស្រឡាញ់​ទ្រង់​ដែល​នៅ​ជាប់​ក្នុង​ដួង​ចិត្ត​របស់​អ្នក អាច​ជួយ​អ្នក​ឲ្យ​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ ព្រះ​គឺ​ជា​ប្រភព​ដើម​ចម​នៃ​សេចក្តី​ស្រឡាញ់​ទាំង​អស់។ ព្រះ‍គម្ពីរ​យ៉ូហាន​ទី១ ៤.​១៦ មាន​ចែង​ថា៖ «យើង​បាន​ស្គាល់ ហើយ​ក៏​ជឿ​ចំពោះ​សេចក្ដី​ស្រឡាញ់ ដែល​ព្រះ‍អង្គ​មាន​សម្រាប់​យើង។ ព្រះ‍ទ្រង់​ជា​សេចក្ដី​ស្រឡាញ់ ហើយ​អ្នក​ណា​ដែល​ស្ថិត​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​ស្ថិត​នៅ​ជាប់​ក្នុង​ព្រះ ហើយ​ព្រះ​ក៏​ស្ថិត​នៅ​ជាប់​ក្នុង​អ្នក​នោះ​ដែរ»។ គ្មាន​នរណា​ម្នាក់​អាច​ស្វែង​រក ឬ​អាច​ទទួល​បាន​សេចក្តី​ស្រឡាញ់​ជោគ​ជ័យ​ពិត​ប្រាកដ​នោះ​ទេ លុះ​ត្រា​តែ​អ្នក​នោះ​ស្វែង​រក​តាម​រយៈ​ព្រះ‍ជា‍ម្ចាស់​ផ្ទាល់។ ផ្ទុយ​ពី​សេចក្តី​ស្រឡាញ់​មាន​ដូច​ជា៖ ការ​ស្អប់​ខ្ពើម ការ​មិន​ទុក​ចិត្ត ភាព​អាត្មានិយម ជម្លោះ និង​សង្គ្រាម។ យើង​គ្រាន់​តែ​គិត​ពិចារណា​ពី​ស្ថានភាព​ដែល​តែង​តែ​កើត​ឡើង​នៅ​លើ​ពិភពលោក និង​ក្នុង​ក្រុម​គ្រួសារ​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​ដឹង​ថា គឺ​ពិត​ជា​មាន​តម្រូវ​ការ​យ៉ាង​ខ្លាំង​ចំពោះ​សេចក្តី​ស្រឡាញ់។ ចុះ​ចំណែក​អ្នក​វិញ តើ​អ្នក​ទទួល​បាន​សេចក្តី​ស្រឡាញ់​ឬ​ទេ? តើ​អ្នក​មាន​អារម្មណ៍​ឈឺ​ចាប់ ភាព​ឯកោ គ្មាន​ភាព​ថ្នាក់​ថ្នម និង​គ្មាន​ភាព​កក់​ក្តៅ​ដែល​មិន​រសាយ ក្នុង​ដួង​ចិត្ត​របស់​អ្នក​ឬ​ទេ? តើ​ពេល​ខ្លះ​អ្នក​ធ្លាប់​គិត​ថា​គ្មាន​អ្នក​ណា​ម្នាក់​ពិត​ជា​ខ្វល់​ខ្វាយ​នឹង​អ្នក​មែន​ឬ? តើ​អ្នក​ចម្រើន​វ័យ​ធំ​ធាត់​ក្នុង​គ្រួសារ​ដែល​មាន​ឪពុក​ម្តាយ​មិន​ស្រឡាញ់​គ្នា ឬ​មិន​ស្រឡាញ់​កូនៗ​ឬ​ទេ? អារម្មណ៍​ទាំង​អស់​នេះ​គឺ​ធម្មតា​ទេ​ក្នុង​លោកីយ៍​សព្វ​ថ្ងៃ ដោយសារ​តែ​អត្តចរិត​គិត​តែ​ពី​ខ្លួន​ឯង​មុន​អ្នក​ដទៃ។ ការ​ឈឺ​ចាប់​ក្នុង​ដួង​ចិត្ត គឺ​ជា​លទ្ធផល​ដែល​មក​ពី​ការ​បណ្ដោយ​ខ្លួន ដើម្បី​ស្វែង​រក​ផល​ចំណេញ​តាម​ភាព​អត្មានិយមបែប​បុគ្គល។ សេចក្តី​ស្រឡាញ់​គឺ​មិន​មែន​ជា​ចំណង់​ដ៏​ស្រើប​ស្រាល​បំពេញ​តែ​តណ្ហា​របស់​ខ្លួន ដែល​ជា​រឿយៗ​នាំ​ឲ្យ​មនុស្ស​ឯ​ទៀត​ឈឺ​ចាប់​នោះ​ទេ។ ការ​នេះ​ដែល​មនុស្ស​ខ្លះ​ហៅ​ថា សេចក្តី​ស្រឡាញ់ ផ្ទុយ​មក​វិញ​វា​គឺ​ជា​ភាព​អាត្មានិយម ពីព្រោះ​វា​ជា​ការ​ស្វែង​រក​ភាព​ត្រេក​ត្រអាល​ផ្ទាល់​ខ្លួន។ សេចក្តី​ស្រឡាញ់​ដ៏​ពិត គឺ​មិន​លើក​តម្កើង​ខ្លួន ឬ​បំពេញ​តែ​ចិត្ត​ខ្លួន​ឯង​ទេ។ ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​ដែល​យើង​ជួប​ក្នុង​ជីវិត​មិន​មែន​មាន​ន័យ​ថា ព្រះ​មិន​ស្រឡាញ់​យើង​នោះ​ទេ។ ពេល​ខ្លះ ព្រះ‍ជា‍ម្ចាស់​អនុញ្ញាត​ឱ្យ​យើង​រង​ទុក្ខ​លំបាក សម្រាប់​ជា​ផល​ប្រយោជន៍​របស់​យើង។ ឪពុក​ម្ដាយ​ដែល​មាន​សេចក្តី​ស្រឡាញ់​ពិត គឺ​មិន​តែង​តែ​ផ្តល់​នូវ​អ្វីៗ​ដែល​កូន​ចង់​បាន​នោះ​ទេ ប៉ុន្តែ ហាម​ប្រាម​កូន​ដើម្បី​ជា​ប្រយោជន៍​របស់​គាត់​វិញ។ សេចក្តី​ស្រឡាញ់​ពិត​ជា​ការ​លះ​បង់​ផ្ទាល់​ខ្លួន ជា​ការ​ស្វែង​រក​ភាព​ល្អ​ប្រសើរ​សម្រាប់​អ្នក​ដ៏ទៃ ហើយ​តែង​តែ​ផ្តល់​ភាព​កក់​ក្តៅ ការ​អាណិត​អាសូរ និង​ភាព​សប្បុរស។ ប្រសិន​បើ​យើង​ស្រឡាញ់​ពិត យើង​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ផាសុកភាព​ដល់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង នា​ពេល​បច្ចុប្បន្ន និង​អនាគត​ផង​ដែរ។ ស្វាមី ឬ​ឪពុក​ដែល​មាន​ក្ដី​ស្រឡាញ់​នឹង​បង្ហាញ​ការ​ថ្នាក់​ថ្នម​ដល់​ប្រពន្ធ និង​កូនៗ​របស់​គាត់។ គាត់​ពេញ​ចិត្ត​នឹង​ផ្ដល់​ឲ្យ ហើយ​លះ​បង់​ពី​ខ្លួន​គាត់ ដើម្បី​បង្កើត​បរិយាកាស​នៃ​សេចក្តី​ស្រឡាញ់ និង​សុភមង្គល​សម្រាប់​ក្រុម​គ្រួសារ​របស់​គាត់។ ភរិយា ឬ​ម្តាយ​ដែល​មាន​ក្ដី​ស្រឡាញ់​ពិត​នឹង​ផ្ដល់​តម្លៃ​ដល់​ស្វាមី ព្រម​ទាំង​អប់រំ​កូនៗ​របស់​ខ្លួន​ឲ្យ​មាន​ការ​គោរព និង​មាន​ក្តី​ស្រឡាញ់​ចំពោះ​ឪពុក​ម្តាយ​និង​បង​ប្អូន។ គាត់​ពេញ​ចិត្ត​នឹង​ផ្តល់​បរិយាកាស​សុវត្ថិភាព និង​សេចក្ដី​សុខ​ស្ងប់​ស្ងាត់ សម្រាប់​ក្រុម​គ្រួសារ​របស់​គាត់។ ព្រះ‍យេ‍ស៊ូវ​គ្រីស្ទ​ដែល​គ្មាន​ទោស​សោះ​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​ជា​គំរូ ដោយ​ការ​សុគត​របស់​ទ្រង់​នៅ​លើ​ឈើ​ឆ្កាង។

មុន​ពេល​វេលា​កើត​មាន​ឡើង គឺ​មាន​ព្រះ​ជាម្ចាស់។ ទ្រង់​បាន​បង្កើត​ផែនដី និង​សព្វ​សារពើ​ទាំង​អស់​នៅ​ក្នុង​ផែនដី​នេះ​ផង។ ដោយ​សារ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ព្រះ​បាន​បង្កើត​មនុស្ស​ដូច​ជា​រូប​អង្គ​ទ្រង់ ហើយ​ដាក់​ពួក​គាត់​នៅ​ក្នុង​សួន​ច្បារ​ដ៏​ស្រស់​ស្អាត​មួយ។ មនុស្ស​មិន​បាន​ស្ដាប់​បង្គាប់​តាម​បញ្ជា​របស់​ព្រះ​ជាម្ចាស់​ឡើយ ការ​មិន​ស្ដាប់​បង្គាប់​នេះ​ជា​អំពើ​បាប ហើយ​ការ​នោះ​បាន​បំបែក​មនុស្ស​ឱ្យ​ចេញ​ពី​ព្រះ​ជាម្ចាស់។ ព្រះ​អង្គ​បាន​បង្គាប់​ពួក​គេ​ឱ្យ​យក​សត្វ​ជំទង់​ដែល​ល្អ​ឥត​ខ្ចោះ មក​ធ្វើ​ជា​យញ្ញ​បូជា​សម្រាប់​អំពើ​បាប​ពួក​គេ។ យញ្ញ​បូជា​ដែល​ពួក​គេ​បាន​ថ្វាយ​នោះ មិន​បាន​បង់​ថ្លៃ​បាប​របស់​ពួក​គេ​នោះ​ទេ ប៉ុន្តែ​ចង្អុល​ឆ្ពោះ​ទៅ​យញ្ញ​បូជា​ដ៏​ឧត្តម​បំផុត ដែល​ព្រះ​ជាម្ចាស់​នឹង​ប្រទាន​ឱ្យ។ ថ្ងៃ​ណា​មួយ ទ្រង់​នឹង​បញ្ជូន​ព្រះ​រាជបុត្រា​របស់​ទ្រង់​គឺ ព្រះ​យេស៊ូវ ឱ្យ​យាង​មក​លើ​ផែនដី​នេះ ដើម្បី​ធ្វើ​ជា​យញ្ញ​បូជា​លើក​ចុង​ក្រោយ​សម្រាប់​បាប​របស់​មនុស្ស​ទាំង​អស់។ បួន​ពាន់​ឆ្នាំ​ក្រោយ​មក នៅ​ក្នុង​ភូមិ​ណាសារ៉ែត មាន​ស្រី​ក្រមុំ​ម្នាក់​ដែល​មាន​ឈ្មោះ​ថា ម៉ារា។ នាង​បាន​ភ្ជាប់​ពាក្យ​នឹង​រៀបការ​ជាមួយ​លោក យ៉ូសែប។ ថ្ងៃ​មួយ មាន​ទេវតា​មួយ​អង្គ​បាន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​នាង ហើយ​បាន​ប្រាប់​នាង​ថា នាង​នឹង​ប្រសូត​បាន​ទារក​ចំបង​ជា​ពិសេស​មួយ នាង​ត្រូវ​ថ្វាយ​ព្រះ​នាម​ថា៖ យេស៊ូវ។ ព្រះ​ឱរស​នេះ​នឹង​មិន​មាន​ឪពុក​ជា​មនុស្ស​លោក​ទេ។ ទ្រង់​នឹង​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ​ជាម្ចាស់​វិញ។ ក្រោយ​ពេល​ទេវតា​បាន​មក​ជួប​លោក​យ៉ូសែប​និង​នាង​ម៉ារា​ហើយ ពួក​គេ​ក៏​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​វែង​ឆ្ងាយ​ទៅ​កាន់​ភូមិ​បេថ្លេហិម ដើម្បី​បង់​ពន្ធ​នានា​របស់​គេ។ នៅ​ពេល​ពួក​គេ​បាន​ទៅ​ដល់​ភូមិ​បេថ្លេហិម​ហើយ ក៏​មាន​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ក្រុង។ ពួក​គេ​សម្រាក​ក្នុង​ក្រោល​សត្វ​នា​ពេល​យប់​នោះ ពីព្រោះ​គ្មាន​បន្ទប់​ទំនេរ​នៅ​ផ្ទះ​សំណាក់ ព្រះ​យេស៊ូវ​បាន​ប្រសូត​នៅ​ទី​នោះ។ នាង​ម៉ារា​បាន​រុំ​ព្រះ​ឱរស​យេស៊ូវ​នឹង​សំពត់ រួច​ដាក់​ផ្ទំ​ក្នុង​ស្នូក​សត្វ។ ពួក​គង្វាល​ចៀម យប់​នោះ​ឯង នៅ​លើ​ទួល​មួយ​ខាង​ក្រៅ​ទី​ក្រុង មាន​ពួក​គង្វាល​កំពុង​យាម​សត្វ​ចៀម​របស់​ពួក​គេ។​នោះ​មាន​ទេវតា​មួយ​អង្គ​បាន​បង្ហាញ​ខ្លួន ហើយ​សិរី​ល្អ​របស់​ព្រះ​ជាម្ចាស់​ភ្លឺ​ឆ្វាត់​ជុំវិញ​គេ។ ទេវតា​បាន​ពោល​ទៅ​ពួក​គេ​ថា៖ «កុំ​ខ្លាច​អី ខ្ញុំ​មាន​ដំ​ណឹង​ល្អ​ដែល​នាំ​អំណរ​យ៉ាង​អស្ចារ្យ​ដល់​មនុស្ស​លោក​ទាំង​អស់ នៅ​យប់​នេះ មាន​ព្រះ​សង្គ្រោះ​មួយ​អង្គ​បាន​ប្រសូត​ហើយ ទ្រង់​គឺ​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់ អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ​ឱរស​រុំ​នឹង​សំពត់ ផ្តេក​នៅ​ក្នុង​ស្នូក​សត្វ»។ បន្ទាប់​មក មាន​ពួក​ពល​បរិវារ​ទេវតា​ជា​ច្រើន​បង្ហាញ​ខ្លួន​ជាមួយ​នឹង​ទេវតា​នោះ ហើយ​ក៏​ពោល​សរសើរ​ដល់​ព្រះ​ថា៖ «សូម​លើក​តម្កើង​សិរី​ល្អ​ដល់​ព្រះ​ដែល​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​នៅ​ផែនដី សូម​ឱ្យ​បាន​ប្រកប​ដោយ​សេចក្តី​សុខសាន្ត ដល់​អស់​អ្នក​ដែល​ព្រះ​អង្គ​គាប់​ព្រះ​ហឫទ័យ!»។ ពេល​ដែល​ពួក​ទេវតា​បាន​ចេញ​ទៅ​ហើយ ពួក​គង្វាល​បាន​ទុក​ចៀម​របស់​គេ រួច​ទៅ​ភូមិ​បេថ្លេហិម​ជា​ប្រញាប់។ ពួក​គេ​បាន​ឃើញ​ព្រះ​ឱរស​ដូច​ទេវតា​បាន​ប្រាប់​នៅ​ទី​នោះ។