តើអ្នកដឹងទេថា មានមនុស្សម្នាក់ដែលដឹងអ្វីគ្រប់យ៉ាងអំពីអ្នក? នោះគឺជាព្រះអម្ចាស់ដែលបានបង្កើតពិភពលោកទាំងមូល និងរបស់សព្វសារពើផង។ ព្រះយេស៊ូវគឺជាបុត្រារបស់ព្រះ ហើយទ្រង់ក៏ជ្រាបនូវអ្វីៗគ្រប់យ៉ាងដែលអ្នកបានធ្វើ។ ទ្រង់ជ្រាបអំពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។ ទ្រង់ស្រឡាញ់អ្នក និងបានយាងមកលើផែនដីនេះដើម្បីសង្គ្រោះអ្នកពីបាប។ ទ្រង់មានផែនការសម្រាប់ជីវិតរបស់អ្នក ដើម្បីនាំមកក្តីអំណរដល់អ្នក។
ថ្ងៃមួយ ព្រះយេស៊ូវបានធ្វើដំណើរជាមួយមិត្ដរបស់ទ្រង់។ ទ្រង់បានយាងមកដល់ភូមិមួយនៅស្រុកសាម៉ារី។ ព្រះយេស៊ូវបានសម្រាកនៅក្បែរអណ្ដូងទឹកមួយ។ នៅពេលនោះ មិត្ដរបស់ទ្រង់បានទៅទិញម្ហូបអាហារអស់ហើយ។
ពេលដែលទ្រង់កំពុងតែគង់នៅទីនោះ មានស្ដ្រីម្នាក់មកដងទឹកពីអណ្ដូង។ ព្រះយេស៊ូវបានសុំនាងថា៖ «ខ្ញុំសុំទឹកទទួលទានផង។»
ស្ដ្រីនោះភ្ញាក់ផ្អើលយ៉ាងខ្លាំង «លោកសុំទឹកខ្ញុំ? តើលោកមិនដឹងទេឬអីថាខ្ញុំជាសាសន៍សាម៉ារី? ប៉ុន្តែសាសន៍យូដារបស់លោក មិនត្រូវគ្នានឹងសាសន៍យើងខ្ញុំទេ!»
ព្រះយេស៊ូវតបយ៉ាងសុភាពថា៖ «បើនាងពិតជាដឹងច្បាស់អំពីព្រះ ហើយនិងអ្នកដែលនាងកំពុងនិយាយជាមួយ នាងនឹងសុំឲ្យខ្ញុំប្រទានទឹកដែលរស់ដល់នាងវិញ។ ខ្ញុំនឹងពេញចិត្ដឲ្យ។»
ស្ដ្រីម្នាក់នោះមើលទៅទ្រង់យ៉ាងភ្ញាក់ផ្អើល។ ហើយនាងនិយាយថា៖ «លោកម្ចាស់! អណ្ដូងនេះជ្រៅណាស់។ លោកក៏គ្មានអ្វីដងទឹកទេ។ តើលោកធ្វើដូចម្ដេចទើបអាចដងទឹករស់នោះបាន?»
ព្រះយេស៊ូវក៏បានឆ្លើយតបទៅនាងវិញថា៖ «អស់អ្នកណាដែលផឹកទឹកអណ្ដូងនេះ នឹងត្រូវស្រេកទៀត តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ។»
ស្ដ្រីនោះបាននិយាយថា៖ «លោកម្ចាស់អើយ! សូមឲ្យទឹកនោះមកខ្ញុំផង ដូចនេះខ្ញុំនឹងមិនស្រេកទៀតទេ ហើយក៏មិនបាច់មកដងទឹកនៅទីនេះទៀតដែរ។»
ព្រះយេស៊ូវបានមានបន្ទូលថា៖ «ទៅប្រាប់ប្ដីរបស់នាងហើយចាំត្រឡប់មកវិញ។»
នាងតបថា៖ «ខ្ញុំម្ចាស់ គ្មានប្ដីទេ។»
ព្រះយេស៊ូវមានបន្ទូលថា៖ «និយាយនេះត្រូវហើយ។ នាងធ្លាប់មានប្ដីប្រាំនាក់មកហើយ រីឯអ្នកដែលនៅជាមួយសព្វថ្ងៃ មិនមែនជាប្ដីនាងទេ។»
នាងងឿងឆ្ងល់យ៉ាងខ្លាំងថា បុរសម្នាក់នេះដឹងពីខ្ញុំដោយរបៀបណា? «លោកម្ចាស់ ខ្ញុំអាចយល់ថា លោកគឺជាហោរាហើយ។ ខ្ញុំមានសំណួរមួយសម្រាប់លោក។ សាសន៍របស់ខ្ញុំបានថ្វាយបង្គំព្រះនៅទីកន្លែងនេះ តែពួកលោកថា ក្រុងយេរូសាឡឹមគឺជាកន្លែងដែលមនុស្សត្រូវថ្វាយបង្គំ។»
ព្រះយេស៊ូវមានបន្ទូលទៅនាងថា៖ «កន្លែងដែលយើងថ្វាយបង្គំ នោះមិនសូវសំខាន់ទេ។ សព្វថ្ងៃនេះ អ្នកថ្វាយបង្គំពិតប្រាកដ អាចថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្ដីពិតនៅគ្រប់ទីកន្លែងក៏បាន»។
នាងបាននិយាយទៀតថា «ខ្ញុំដឹងថាព្រះមែស្យ៊ី (អ្នកតែងតាំង) នឹងយាងមក ដែលហៅថា ព្រះគ្រីស្ទ។ ពេលព្រះអង្គយាងមក ទ្រង់នឹងពន្យល់គ្រប់អ្វីទាំងអស់។»
បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលទៅនាងថា៖ «គឺខ្ញុំនេះហើយ។»
នាងបានទុកក្អមចោល ហើយចូលទៅក្នុងក្រុង ព្រមទាំងស្រែកថា៖ «មក! ចូរមកមើល! មានបុរសម្នាក់ដែលបានប្រាប់ខ្ញុំពីគ្រប់ការទាំងអស់ដែលខ្ញុំបានប្រព្រឹត្ត។ តើអ្នកនោះមិនមែនជាព្រះគ្រីស្ទទេឬ?»
បន្ទាប់មក មនុស្សពីទីក្រុងបានទៅរកព្រះយេស៊ូវ។ មានមនុស្សជាច្រើនបានជឿថា ទ្រង់គឺជាព្រះគ្រីស្ទ ជាអង្គសង្គ្រោះ ពីព្រោះទ្រង់ជ្រាបអ្វីគ្រប់យ៉ាងអំពីពួកគេ។ អ្នកអាចអានរឿងនេះនៅក្នុងព្រះគម្ពីរបរិសុទ្ធ កណ្ឌ យ៉ូហាន ៤:៣-៤២។
ព្រះយេស៊ូវជ្រាបអ្វីៗគ្រប់យ៉ាងអំពីពួកយើង ពីរឿងល្អ ក៏ពីរឿងអាក្រក់ផងដែរ។ ពួកយើងចង់លាក់រឿងអាក្រក់ដែលយើងបានធ្វើអំឡុងជីវិតរបស់យើង ប៉ុន្ដែយើងមិនអាចលាក់បាំងរឿងណាមួយពីព្រះយេស៊ូវឡើយ។ ទ្រង់បានយាងមកដើម្បីសង្គ្រោះពួកយើងពីទណ្ឌកម្ម ដែលយើងសមនឹងទទួលដោយសារអំពើបាបរបស់យើង។ ទ្រង់អាចដកអារម្មណ៍ធុញថប់ដែលយើងមាននៅក្នុងចិត្ត ហើយប្រទាននូវសេចក្តីសុខសាន្ត។ ទ្រង់បានសុគតដើម្បីលុបលាងបាបរបស់យើង ហើយបានធ្វើឲ្យយើងអាចមានផ្ទះសំបែងនៅឋានសួគ៌ក្រោយយើងស្លាប់ទៅ។
ព្រះយេស៊ូវគឺជាចម្លើយសម្រាប់គ្រប់តម្រូវការនិងសំណួររបស់អ្នក។ ទ្រង់ចង់ក្លាយជាមិត្ដរបស់អ្នក។ ទ្រង់ចង់បំពេញនូវភាពទទេស្អាតនៅក្នុងចិត្ដរបស់អ្នក។ ទ្រង់អាចជំនួសនូវសេចក្តីភ័យខ្លាច និងការជ្រួលច្របល់របស់អ្នកដោយភាពសុខសាន្ត។
ព្រះយេស៊ូវមានបន្ទូលថា៖ «ចូរមករកខ្ញុំចុះ… ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក» (កណ្ឌ ម៉ាថាយ ១១:២៨)។ ចូរគ្រាន់តែអធិស្ឋានទៅព្រះ ព្រមទាំងទូលទ្រង់ថាអ្នកសោកស្តាយរាល់អំពើបាបរបស់អ្នក។ សុំឲ្យព្រះយេស៊ូវចូលមកគង់ក្នុងចិត្តរបស់អ្នក។ នៅពេលវេលាដែលអ្នកថ្វាយខ្លួនដល់ព្រះជាម្ចាស់ដោយក្តីជំនឿ នោះទ្រង់នឹងគង់នៅក្នុងចិត្ដរបស់អ្នក។ ព្រះវត្ដមានរបស់ទ្រង់នឹងផ្ដល់អំណរដល់អ្នក។ ទ្រង់នឹងប្រទានអំណាច និងគោលដៅក្នុងជីវិតរបស់អ្នក។ ទ្រង់នឹងក្លាយជាចម្លើយសម្រាប់អ្នក៕