ឋានសួគ៌

កាល​ដើម​ដំបូង​ឡើយ ព្រះ‍ជា‍ម្ចាស់​បាន​បង្កើត​ពិភពលោក​ទាំង​មូល ទ្រង់​បាន​បង្កើត​ព្រះ​អាទិត្យ ព្រះ​ច័ន្ទ​និង​ផ្កាយ​ទាំង​អស់ ព្រម​ទាំង​សត្វ​និង​រុក្ខជាតិ​គ្រប់​ប្រភេទ។ នៅ​ថ្ងៃ​ទី​ប្រាំ​មួយ​នោះ​ឯង ព្រះ​បាន​បង្កើត​មនុស្ស​មក​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ ហើយ​បាន​ផ្លុំ​ខ្យល់​ដង្ហើម​ជីវិត​បញ្ចូល​ទៅ​ក្នុង​គាត់។ បុរស​ដំបូង​គឺ​មាន​ឈ្មោះ​ថា អ័ដាម ហើយ​ប្រពន្ធ​របស់​គាត់​មាន​ឈ្មោះ​ថា អេវ៉ា។ ពួក​គេ​បាន​រស់​នៅ​ក្នុង​សួន​ច្បារ​ដ៏​ស្រស់​ស្អាត​មួយ​ដែល​ព្រះ​ប្រទាន​ឲ្យ។ ព្រះ‍ជា‍ម្ចាស់​ស្រឡាញ់​លោក​អ័ដាម និង​នាង​អេវ៉ា ហើយ​ពួក​គេ​ក៏​ស្រឡាញ់​ទ្រង់​ដែរ។ ព្រះ​បាន​បង្គាប់​អ័ដាម​ឲ្យ​មើល​ថែ​សួន​ច្បារ។ ព្រះ​បាន​មាន​បន្ទូល​ប្រាប់​ពួក​គេ​ថា ពួក​គេ​អាច​បរិភោគ​អ្វីៗ​ដែល​ពួក​គេ​ចង់​បាន លើក​លែង​តែ​ផ្លែ​ពី​ដើម​ឈើ​ដឹង​ខុស​ត្រូវ ហើយ​ថា​ពួក​គេ​នឹង​ស្លាប់​ជា​មិន​ខាន​ប្រសិន​បើ​មិន​ស្តាប់​បង្គាប់។ ថ្ងៃ​មួយ​មាន​រឿង​ដ៏​អាក្រក់​មួយ​បាន​កើត​ឡើង! លោក​អ័ដាម និង​នាង​អេវ៉ា​បាន​ប្រព្រឹត្ត​អំពើ​បាប​ពេល​ពួក​គេ​មិន​ស្តាប់​បង្គាប់​ព្រះ ហើយ​បាន​បរិភោគ​ផ្លែ​ពី​ដើម​ឈើ​ដែល​បាន​ហាម​ឃាត់។ បន្ទាប់​មក ពួក​គេ​ភ័យ​ខ្លាច​ព្រះ ហើយ​បាន​រត់​ពួន​ពី​ទ្រង់ តែ​ព្រះ​ទ្រង់​ជ្រាប​ពី​កន្លែង​ដែល​ពួក​គេ​លាក់​ខ្លួន។ ទ្រង់​បាន​យាង​មក ហើយ​ហៅ​ទៅ​កាន់​អ័ដាម ដោយ​មាន​ព្រះ​បន្ទូល​ប្រាប់​គាត់​ថា ដោយសារ​ការ​មិន​បាន​ស្តាប់​បង្គាប់ ពួក​គេ​នឹង​ត្រូវ​ចាក​ចេញ​ពី​ទី​លំនៅ​ក្នុង​សួន​ច្បារ​ដ៏​ស្រស់​ស្អាត​នោះ។ ព្រះ​មិន​បាន​ភ្លេច​លោក​អ័ដាម និង​នាង​អេវ៉ា​ទេ ទ្រង់​នៅ​តែ​ស្រឡាញ់​ពួក​គេ​ជា​និច្ច ដូច្នេះ ទ្រង់​បាន​សន្យា​ថា​នឹង​ចាត់​បញ្ជូន​ព្រះ‍រាជ‍បុត្រា​តែ​មួយ​របស់​ទ្រង់ គឺ​ព្រះ‍យេ‍ស៊ូវ ដើម្បី​ឲ្យ​យាង​មក​លើ​ផែនដី​នេះ។ ព្រះ‍យេ‍ស៊ូវ​នឹង​សុគត​សម្រាប់​អំពើ​បាប​របស់​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​អាច​នឹង​មាន​ជីវិត! «ដ្បិត​ព្រះ​ស្រឡាញ់​មនុស្ស​លោក​ជា​ខ្លាំង បាន​ជា​ទ្រង់​ប្រទាន​ព្រះ‍រាជ‍បុត្រា​តែ​មួយ​របស់​ព្រះ‍អង្គ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‍រាជ‍បុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា​និច្ច​វិញ» (យ៉ូហាន ៣.​១៦)។ ព្រះ‍យេ‍ស៊ូវ​ពិត​ជា​បាន​យាង​មក​ដូច​ព្រះ​បាន​សន្យា! ទ្រង់​បង្ហាញ​ថា មនុស្ស​គ្រប់​ជាតិ​សាសន៍​បាន​ប្រព្រឹត្តិ​អំពើ​បាប។ មនុស្ស​មាន​បាប​ត្រូវ​តែ​ស្លាប់ ប៉ុន្ដែ ព្រះ‍យេ‍ស៊ូវ​ស្រឡាញ់​យើង​ខ្លាំង​ណាស់ ដែល​បណ្ដាល​ឲ្យ​ទ្រង់​ទទួល​ការ​បង្គាប់​ពី​ព្រះ‍វបិតា ថា​នឹង​មក​សុគត​សម្រាប់​អំពើ​បាប​របស់​មនុស្ស​ទាំង​អស់។ ទ្រង់​បាន​សុគត​ជំនួស​មនុស្ស​គ្រប់​រូប​ដែល​បាន​ប្រព្រឹត្តិ​ខុស។ ដំណឹង​ល្អ​នោះ​គឺ​ថា ព្រះ‍យេ‍ស៊ូវ​មាន​ព្រះ​ជន្ម​រស់​ពី​សេចក្ដី​ស្លាប់​ឡើង​វិញ​ហើយ! ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ថា៖ «ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត និង​ជា​ជីវិត» (យ៉ូហាន ១៤.៦)។ ព្រះ‍យេ‍ស៊ូវ​ចង់​នាំ​យើង​ទៅ​កាន់​ដំណាក់​នៅ​ឯ​ស្ថាន​សួគ៌ ជា​កន្លែង​ដែល​ព្រះ‍វ‍រ‍បិតា​របស់​ទ្រង់​គង់​នៅ។ ពេល​ខ្លះ​យើង​មាន​អារម្មណ៍​ថា​គ្មាន​អ្នក​ណា​ស្រឡាញ់​យើង​ទេ។ មនុស្ស​ជា​ច្រើន​រស់​នៅ​ជុំវិញ​យើង​មាន​អារម្មណ៍​ក្រៀម​ក្រំ ឈឺ​ចាប់ ឬ​ជូរ​ល្វីង។ ប្រហែល​ជា​យើង​ភ័យ​ខ្លាច ឬ​មាន​អារម្មណ៍​ថា​មិន​ស្កប់​ចិត្ត​នៅ​ខាង​ក្នុង​ដែល​មិន​រសាយ។ យើង​សួរ​ខ្លួន​ឯង​ថា តើ​អ្នក​ណា​អាច​ជួយ​យើង​បាន ហើយ​ហេតុ​អ្វី​បាន​ជា​យើង​មាន​អារម្មណ៍​ឯកា។ ព្រះ​បាន​ដាក់​ការ​មិន​ស្កប់​ស្កល់​នោះ​យ៉ាង​ជ្រៅ​ក្នុង​ដួង​ចិត្ត វា​គឺ​ជា​រឿង​ពិសេស​មួយ​ដើម្បី​នាំ​អ្នក​ទៅ​ក្បែ​ព្រះ‍វរបិតា ដែល​គង់​នៅ​ស្ថាន​សួគ៌ គឺ​ដោយ​សារ​តែ​ទ្រង់​ស្រឡាញ់​អ្នក។ ព្រះ​សព្វ​ព្រះ‍ទ័យ​ផ្លាស់​ប្ដូរ​ការ​មិន​ស្កប់​ស្កល់​យ៉ាង​ជ្រៅ ក្នុង​ដួង​ចិត្ត​របស់​អ្នក​នោះ ដោយ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​វិញ។ ទ្រង់​សព្វ​ព្រះ‍ទ័យ​ឲ្យ​អ្នក​អធិស្ឋាន​យ៉ាង​អស់​ពី​ចិត្ត ហើយ​ប្រាប់​ទ្រង់​ថា៖ “ឱ​ព្រះ‍យេ‍ស៊ូវ​អើយ កូន​ត្រូវ​ការ​ទ្រង់ កូន​នឿយ​ហត់​នឹង​អំពើ​បាប​របស់​កូន សូម​ព្រះ‍យេ‍ស៊ូវ​លាង​សម្អាត​កូន​ពី​អំពើ​បាប​ផង នោះ​កូន​នឹង​បែរ​ចេញ​ពី​អំពើ​អាក្រក់​ទាំង​អស់”។ ព្រះ‍យេ‍ស៊ូវ​ស្តាប់​ឮ​ពី​ការ​អធិស្ឋាន​ទូល​អង្វរ​ដ៏​អស់​ពី​ដួង​ចិត្ត​របស់​អ្នក។ ព្រះ​លោហិត​របស់​ព្រះ‍យេ‍ស៊ូវ​នឹង​លាង​សម្អាត​អំពើ​បាប​របស់​អ្នក​ឲ្យ​បាន​ស្អាត ហើយ​ឲ្យ​អ្នក​ត្រៀម​ខ្លួន​រួច​រាល់ ដើម្បី​ចូល​ទៅ​ដំណាក់​នៅ​ឯ​ស្ថាន​សួគ៌ ដែល​ទ្រង់​កំពុង​រៀប​ចំ​ទុក​ឲ្យ​អ្នក។

English French Haitian Creole Hindi Indonesian Japanese Korean Rundi Spanish Waray (Philippines)

19 មេសា 2025 in  អនាគតកាល, ដំណឹងល្អ, ឋានសួគ៌, Color 1 minute