តើអ្នកដឹងទេថា មានសៀវភៅបានពន្យល់ពីកំណើតនៃពិភពលោក? ឃ្លាដំបូងគឺ៖ «កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី»។ បន្ទាប់ពីឃ្លាខាងលើ សៀវភៅនេះក៏មានចែងបន្ថែមទៀត ពីរបៀបដែលពិភពលោកទាំងមូលត្រូវបានបង្កើតឡើង ហើយពីបុរស និងស្ត្រីដែលបានរស់នៅលើផែនដីមុនដំបូងបំផុត។ វាមិនត្រឹមតែប្រាប់យើងអំពីកំណើតដំបូងប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ប្រាប់យើងអំពីអ្វីដែលនឹងកើតឡើង បន្ទាប់ពីជីវិតនេះត្រូវបានបញ្ចប់ផងដែរ។ តាមរយៈសៀវភៅមួយក្បាលទាំងមូលនេះ យើងរកឃើញពីរបៀបដែលយើងគួររស់នៅ ដើម្បីត្រៀមខ្លួនសម្រាប់ជីវិតក្រោយពីសេចក្តីស្លាប់។ នេះគឺជាសៀវភៅដ៏យូរកាលមកហើយ ដែលមានអ្នកសរសេរប្រមាណជា៤០នាក់ផ្សេងគ្នា ក្នុងរយៈពេលប្រមាណជា១៥០០ឆ្នាំ។ ពួកគេបានកត់ត្រានូវអ្វីដែលព្រះជាម្ចាស់មានបន្ទូលប្រាប់ពួកគេ ព្រះជាម្ចាស់ក៏មានបន្ទូលអំពីព្រះអង្គទ្រង់ផ្ទាល់ ដល់អ្នកនិពន្ធទាំងនោះ។ អ្នកនិពន្ធសៀវភៅលោកុប្បត្តិ ដែលជាកណ្ឌទីមួយ បានចែងទុកអំពីការបង្កើត ហើយអំពីទឹកជំនន់ដែលគ្របដណ្តប់លើផែនដីទាំងមូល។ អ្នកនិពន្ធរូបនោះ ព្រមទាំងអ្នកនិពន្ធផ្សេងទៀត បានសរសេរអំពីប្រជារាស្រ្តដែលព្រះបានជ្រើសរើស និងរបៀបដែលទ្រង់បានដឹកនាំពួកគេអស់រយៈពេលជាច្រើនឆ្នាំ។ ព្រះបានបណ្តាលមនុស្សផ្សេងៗគ្នាឲ្យសរសេរនូវប្រវត្តិសាស្ត្រ កំណាព្យ ការថ្លែងទំនាយ និងអំពីការសន្យារបស់ព្រះជាម្ចាស់។ ពីព្រោះដោយសារតែការសរសេរនេះ ត្រូវបានបណ្តាលមកពីព្រះអង្គផ្ទាល់ ដូច្នេះ មិនមានឈ្មោះអ្នកណាម្នាក់នៅលើគម្របនោះទេ សៀវភៅនេះត្រូវបានគេហៅថា ព្រះគម្ពីរប៊ីប ឬក៏ ព្រះគម្ពីរបរិសុទ្ធ។ ព្រះគម្ពីរបរិសុទ្ធគឺជាសៀវភៅ ដែលបានចែកចាយយ៉ាងទូលំទូលាយជាងគេបំផុតក្នុងពិភពលោក។ ទោះបីជាមានពេលខ្លះមនុស្សមួយចំនួន បានព្យាយាមបំផ្លាញព្រះគម្ពីរបរិសុទ្ធនោះក៏ដោយ ប៉ុន្តែ ព្រះទ្រង់តែងតែថែរក្សាការពារទុកជានិច្ច «ព្រះបន្ទូលរបស់ព្រះអម្ចាស់ស្ថិតស្ថេរអស់កល្បជានិច្ច» (ពេត្រុសទី១ ១.២៥)។ ព្រះគម្ពីរបរិសុទ្ធត្រូវបានចងក្រងឡើងមាន៦៦កណ្ឌផ្សេងគ្នា វាត្រូវបានបែងចែកជាពីរផ្នែកគឺ គម្ពីរសញ្ញាចាស់ និងគម្ពីរសញ្ញាថ្មី។ គម្ពីរសញ្ញាចាស់ប្រាប់ពីប្រវត្តិសាស្ត្រនៃពិភពលោក និងមានចែងទុកនូវការសន្យារបស់ព្រះថានឹងបញ្ជូនព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវ មកលើផែនដីដើម្បីសង្គ្រោះយើងរាល់គ្នាឲ្យរួចពីអំពើបាប។ គម្ពីរសញ្ញាថ្មីប្រាប់យើងពីដំណើរដែលព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះជាម្ចាស់ បានយាងមកលើផែនដីដោយកត់ត្រាថា ព្រះយេស៊ូវបានប្រសូតជាទារកតូច។ ព្រឹត្តិការណ៍ជាច្រើនក្នុងជីវិតរបស់ព្រះយេស៊ូវត្រូវបានគេកត់ត្រា រួមទាំងការអស្ចារ្យជាច្រើនដែលទ្រង់បានធ្វើផងដែរ។ ព្រះគម្ពីរបរិសុទ្ធបង្ហាញយើងថា ព្រះយេស៊ូវជាគំរូដ៏ល្អឥតខ្ចោះដែលបានប្រទានមកដល់យើង ក្នុងគ្រប់ទាំងអស់។ ពេលព្រះយេស៊ូវបានមានព្រះបន្ទូល មនុស្សគ្រប់គ្នាក៏ស្ដាប់សេចក្តីបង្រៀនរបស់ទ្រង់ ហើយការបង្រៀនជាច្រើនទាំងប៉ុន្មាននោះ យើងក៏អាចអានក្នុងកណ្ឌគម្ពីរទាំងបួនដែលហៅថា កណ្ឌគម្ពីរដំណឹងល្អ។
26 កញ្ញា 2025 in ជីវិតគ្រីស្ទបរិស័ទ, ដំណឹងល្អ, Color 1 minute
កាលដើមដំបូងឡើយ ព្រះជាម្ចាស់បានបង្កើតពិភពលោកទាំងមូល ទ្រង់បានបង្កើតព្រះអាទិត្យ ព្រះច័ន្ទនិងផ្កាយទាំងអស់ ព្រមទាំងសត្វនិងរុក្ខជាតិគ្រប់ប្រភេទ។ នៅថ្ងៃទីប្រាំមួយនោះឯង ព្រះបានបង្កើតមនុស្សមកឲ្យដូចរូបអង្គទ្រង់ ហើយបានផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងគាត់។ បុរសដំបូងគឺមានឈ្មោះថា អ័ដាម ហើយប្រពន្ធរបស់គាត់មានឈ្មោះថា អេវ៉ា។ ពួកគេបានរស់នៅក្នុងសួនច្បារដ៏ស្រស់ស្អាតមួយដែលព្រះប្រទានឲ្យ។ ព្រះជាម្ចាស់ស្រឡាញ់លោកអ័ដាម និងនាងអេវ៉ា ហើយពួកគេក៏ស្រឡាញ់ទ្រង់ដែរ។ ព្រះបានបង្គាប់អ័ដាមឲ្យមើលថែសួនច្បារ។ ព្រះបានមានបន្ទូលប្រាប់ពួកគេថា ពួកគេអាចបរិភោគអ្វីៗដែលពួកគេចង់បាន លើកលែងតែផ្លែពីដើមឈើដឹងខុសត្រូវ ហើយថាពួកគេនឹងស្លាប់ជាមិនខានប្រសិនបើមិនស្តាប់បង្គាប់។ ថ្ងៃមួយមានរឿងដ៏អាក្រក់មួយបានកើតឡើង! លោកអ័ដាម និងនាងអេវ៉ាបានប្រព្រឹត្តអំពើបាបពេលពួកគេមិនស្តាប់បង្គាប់ព្រះ ហើយបានបរិភោគផ្លែពីដើមឈើដែលបានហាមឃាត់។ បន្ទាប់មក ពួកគេភ័យខ្លាចព្រះ ហើយបានរត់ពួនពីទ្រង់ តែព្រះទ្រង់ជ្រាបពីកន្លែងដែលពួកគេលាក់ខ្លួន។ ទ្រង់បានយាងមក ហើយហៅទៅកាន់អ័ដាម ដោយមានព្រះបន្ទូលប្រាប់គាត់ថា ដោយសារការមិនបានស្តាប់បង្គាប់ ពួកគេនឹងត្រូវចាកចេញពីទីលំនៅក្នុងសួនច្បារដ៏ស្រស់ស្អាតនោះ។ ព្រះមិនបានភ្លេចលោកអ័ដាម និងនាងអេវ៉ាទេ ទ្រង់នៅតែស្រឡាញ់ពួកគេជានិច្ច ដូច្នេះ ទ្រង់បានសន្យាថានឹងចាត់បញ្ជូនព្រះរាជបុត្រាតែមួយរបស់ទ្រង់ គឺព្រះយេស៊ូវ ដើម្បីឲ្យយាងមកលើផែនដីនេះ។ ព្រះយេស៊ូវនឹងសុគតសម្រាប់អំពើបាបរបស់ពួកគេ ដើម្បីឲ្យពួកគេអាចនឹងមានជីវិត! «ដ្បិតព្រះស្រឡាញ់មនុស្សលោកជាខ្លាំង បានជាទ្រង់ប្រទានព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ» (យ៉ូហាន ៣.១៦)។ ព្រះយេស៊ូវពិតជាបានយាងមកដូចព្រះបានសន្យា! ទ្រង់បង្ហាញថា មនុស្សគ្រប់ជាតិសាសន៍បានប្រព្រឹត្តិអំពើបាប។ មនុស្សមានបាបត្រូវតែស្លាប់ ប៉ុន្ដែ ព្រះយេស៊ូវស្រឡាញ់យើងខ្លាំងណាស់ ដែលបណ្ដាលឲ្យទ្រង់ទទួលការបង្គាប់ពីព្រះវបិតា ថានឹងមកសុគតសម្រាប់អំពើបាបរបស់មនុស្សទាំងអស់។ ទ្រង់បានសុគតជំនួសមនុស្សគ្រប់រូបដែលបានប្រព្រឹត្តិខុស។ ដំណឹងល្អនោះគឺថា ព្រះយេស៊ូវមានព្រះជន្មរស់ពីសេចក្ដីស្លាប់ឡើងវិញហើយ! ទ្រង់បានមានព្រះបន្ទូលថា៖ «ខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាជីវិត» (យ៉ូហាន ១៤.៦)។ ព្រះយេស៊ូវចង់នាំយើងទៅកាន់ដំណាក់នៅឯស្ថានសួគ៌ ជាកន្លែងដែលព្រះវរបិតារបស់ទ្រង់គង់នៅ។ ពេលខ្លះយើងមានអារម្មណ៍ថាគ្មានអ្នកណាស្រឡាញ់យើងទេ។ មនុស្សជាច្រើនរស់នៅជុំវិញយើងមានអារម្មណ៍ក្រៀមក្រំ ឈឺចាប់ ឬជូរល្វីង។ ប្រហែលជាយើងភ័យខ្លាច ឬមានអារម្មណ៍ថាមិនស្កប់ចិត្តនៅខាងក្នុងដែលមិនរសាយ។ យើងសួរខ្លួនឯងថា តើអ្នកណាអាចជួយយើងបាន ហើយហេតុអ្វីបានជាយើងមានអារម្មណ៍ឯកា។ ព្រះបានដាក់ការមិនស្កប់ស្កល់នោះយ៉ាងជ្រៅក្នុងដួងចិត្ត វាគឺជារឿងពិសេសមួយដើម្បីនាំអ្នកទៅក្បែព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ គឺដោយសារតែទ្រង់ស្រឡាញ់អ្នក។ ព្រះសព្វព្រះទ័យផ្លាស់ប្ដូរការមិនស្កប់ស្កល់យ៉ាងជ្រៅ ក្នុងដួងចិត្តរបស់អ្នកនោះ ដោយសេចក្តីស្រឡាញ់របស់ទ្រង់វិញ។ ទ្រង់សព្វព្រះទ័យឲ្យអ្នកអធិស្ឋានយ៉ាងអស់ពីចិត្ត ហើយប្រាប់ទ្រង់ថា៖ “ឱព្រះយេស៊ូវអើយ កូនត្រូវការទ្រង់ កូននឿយហត់នឹងអំពើបាបរបស់កូន សូមព្រះយេស៊ូវលាងសម្អាតកូនពីអំពើបាបផង នោះកូននឹងបែរចេញពីអំពើអាក្រក់ទាំងអស់”។ ព្រះយេស៊ូវស្តាប់ឮពីការអធិស្ឋានទូលអង្វរដ៏អស់ពីដួងចិត្តរបស់អ្នក។ ព្រះលោហិតរបស់ព្រះយេស៊ូវនឹងលាងសម្អាតអំពើបាបរបស់អ្នកឲ្យបានស្អាត ហើយឲ្យអ្នកត្រៀមខ្លួនរួចរាល់ ដើម្បីចូលទៅដំណាក់នៅឯស្ថានសួគ៌ ដែលទ្រង់កំពុងរៀបចំទុកឲ្យអ្នក។
តើអ្នកដឹងទេថា មានមនុស្សម្នាក់ដែលដឹងអ្វីគ្រប់យ៉ាងអំពីអ្នក? នោះគឺជាព្រះអម្ចាស់ដែលបានបង្កើតពិភពលោកទាំងមូល និងរបស់សព្វសារពើផង។ ព្រះយេស៊ូវគឺជាបុត្រារបស់ព្រះ ហើយទ្រង់ក៏ជ្រាបនូវអ្វីៗគ្រប់យ៉ាងដែលអ្នកបានធ្វើ។ ទ្រង់ជ្រាបអំពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។ ទ្រង់ស្រឡាញ់អ្នក និងបានយាងមកលើផែនដីនេះដើម្បីសង្គ្រោះអ្នកពីបាប។ ទ្រង់មានផែនការសម្រាប់ជីវិតរបស់អ្នក ដើម្បីនាំមកក្តីអំណរដល់អ្នក។ ថ្ងៃមួយ ព្រះយេស៊ូវបានធ្វើដំណើរជាមួយមិត្ដរបស់ទ្រង់។ ទ្រង់បានយាងមកដល់ភូមិមួយនៅស្រុកសាម៉ារី។ ព្រះយេស៊ូវបានសម្រាកនៅក្បែរអណ្ដូងទឹកមួយ។ នៅពេលនោះ មិត្ដរបស់ទ្រង់បានទៅទិញម្ហូបអាហារអស់ហើយ។ ពេលដែលទ្រង់កំពុងតែគង់នៅទីនោះ មានស្ដ្រីម្នាក់មកដងទឹកពីអណ្ដូង។ ព្រះយេស៊ូវបានសុំនាងថា៖ «ខ្ញុំសុំទឹកទទួលទានផង។» ស្ដ្រីនោះភ្ញាក់ផ្អើលយ៉ាងខ្លាំង «លោកសុំទឹកខ្ញុំ? តើលោកមិនដឹងទេឬអីថាខ្ញុំជាសាសន៍សាម៉ារី? ប៉ុន្តែសាសន៍យូដារបស់លោក មិនត្រូវគ្នានឹងសាសន៍យើងខ្ញុំទេ!» ព្រះយេស៊ូវតបយ៉ាងសុភាពថា៖ «បើនាងពិតជាដឹងច្បាស់អំពីព្រះ ហើយនិងអ្នកដែលនាងកំពុងនិយាយជាមួយ នាងនឹងសុំឲ្យខ្ញុំប្រទានទឹកដែលរស់ដល់នាងវិញ។ ខ្ញុំនឹងពេញចិត្ដឲ្យ។» ស្ដ្រីម្នាក់នោះមើលទៅទ្រង់យ៉ាងភ្ញាក់ផ្អើល។ ហើយនាងនិយាយថា៖ «លោកម្ចាស់! អណ្ដូងនេះជ្រៅណាស់។ លោកក៏គ្មានអ្វីដងទឹកទេ។ តើលោកធ្វើដូចម្ដេចទើបអាចដងទឹករស់នោះបាន?» ព្រះយេស៊ូវក៏បានឆ្លើយតបទៅនាងវិញថា៖ «អស់អ្នកណាដែលផឹកទឹកអណ្ដូងនេះ នឹងត្រូវស្រេកទៀត តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ។» ស្ដ្រីនោះបាននិយាយថា៖ «លោកម្ចាស់អើយ! សូមឲ្យទឹកនោះមកខ្ញុំផង ដូចនេះខ្ញុំនឹងមិនស្រេកទៀតទេ ហើយក៏មិនបាច់មកដងទឹកនៅទីនេះទៀតដែរ។» ព្រះយេស៊ូវបានមានបន្ទូលថា៖ «ទៅប្រាប់ប្ដីរបស់នាងហើយចាំត្រឡប់មកវិញ។» នាងតបថា៖ «ខ្ញុំម្ចាស់ គ្មានប្ដីទេ។» ព្រះយេស៊ូវមានបន្ទូលថា៖ «និយាយនេះត្រូវហើយ។ នាងធ្លាប់មានប្ដីប្រាំនាក់មកហើយ រីឯអ្នកដែលនៅជាមួយសព្វថ្ងៃ មិនមែនជាប្ដីនាងទេ។» នាងងឿងឆ្ងល់យ៉ាងខ្លាំងថា បុរសម្នាក់នេះដឹងពីខ្ញុំដោយរបៀបណា? «លោកម្ចាស់ ខ្ញុំអាចយល់ថា លោកគឺជាហោរាហើយ។ ខ្ញុំមានសំណួរមួយសម្រាប់លោក។ សាសន៍របស់ខ្ញុំបានថ្វាយបង្គំព្រះនៅទីកន្លែងនេះ តែពួកលោកថា ក្រុងយេរូសាឡឹមគឺជាកន្លែងដែលមនុស្សត្រូវថ្វាយបង្គំ។» ព្រះយេស៊ូវមានបន្ទូលទៅនាងថា៖ «កន្លែងដែលយើងថ្វាយបង្គំ នោះមិនសូវសំខាន់ទេ។ សព្វថ្ងៃនេះ អ្នកថ្វាយបង្គំពិតប្រាកដ អាចថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្ដីពិតនៅគ្រប់ទីកន្លែងក៏បាន»។ នាងបាននិយាយទៀតថា «ខ្ញុំដឹងថាព្រះមែស្យ៊ី (អ្នកតែងតាំង) នឹងយាងមក ដែលហៅថា ព្រះគ្រីស្ទ។ ពេលព្រះអង្គយាងមក ទ្រង់នឹងពន្យល់គ្រប់អ្វីទាំងអស់។» បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលទៅនាងថា៖ «គឺខ្ញុំនេះហើយ។» នាងបានទុកក្អមចោល ហើយចូលទៅក្នុងក្រុង ព្រមទាំងស្រែកថា៖ «មក! ចូរមកមើល! មានបុរសម្នាក់ដែលបានប្រាប់ខ្ញុំពីគ្រប់ការទាំងអស់ដែលខ្ញុំបានប្រព្រឹត្ត។ តើអ្នកនោះមិនមែនជាព្រះគ្រីស្ទទេឬ?»
4 មេសា 2019 in ព្រះយេស៊ូវ, សេចក្ដីស្រឡាញ់, ដំណឹងល្អ 1 minute