ពាក្យស្រឡាញ់គឺជាពាក្យដែលអស្ចារ្យបំផុតនៅគ្រប់ភាសាទាំងអស់។ តើសេចក្ដីស្រឡាញ់នាំយកអ្វីខ្លះមកក្នុងចិត្ត៖ ភាពកក់ក្តៅ ចិត្តមេត្រី ការយល់ចិត្ដ ភាពសប្បុរស ឬក៏ការថែរក្សាដូចម្តាយចំពោះកូនមែនទេ? សំរាប់អ្នកវិញ តើអ្នកយល់យ៉ាងណា? តើពាក្យថាស្រឡាញ់មានន័យដូចម្ដេចចំពោះអ្នក? តើអ្នកចង់ទទួលបានសេចក្តីស្រឡាញ់ឬទេ? តើអ្នកមានសេចក្តីស្រឡាញ់ឬទេ? ព្រះជាម្ចាស់ជាតួនៃសេចក្តីស្រឡាញ់ នៅពេលដែលសេចក្តីស្រឡាញ់របស់ទ្រង់ សណ្ឋិតក្នុងដួងចិត្តរបស់អ្នក ទ្រង់អាចជួយអ្នកឲ្យមានសេចក្តីស្រឡាញ់ និងចេះផ្ដល់នូវសេចក្តីស្រឡាញ់។ ប្រភពនៃសេចក្តីស្រឡាញ់ទាំងអស់គឺមកពីព្រះ។ “យើងរាល់គ្នាបានស្គាល់ ហើយក៏ជឿចំពោះសេចក្តីស្រឡាញ់ ដែលព្រះទ្រង់មានដល់យើងដែរ។ ព្រះទ្រង់ជាតួនៃសេចក្តីស្រឡាញ់។ ឯអ្នកណាដែលនៅជាប់ក្នុងសេចក្តីស្រឡាញ់នោះ ក៏បាននៅជាប់ក្នុងព្រះ ហើយព្រះទ្រង់គង់នៅក្នុងអ្នកនោះដែរ” (យ៉ូហានទី១ ៤:១៦) គ្មាននរណាម្នាក់ធ្លាប់ស្វែងរក ឬធ្លាប់ទទួលបានសេចក្តីស្រឡាញ់ជោគជ័យពិតនោះទេ លុះត្រាណាតែអ្នកនោះស្វែងរកតាមរយៈព្រះអម្ចាស់។ ផ្ទុយពីសេចក្តីស្រឡាញ់គឺមានដូចជា៖ ការស្អប់ ការមិនទុកចិត្ត ភាពអាត្មានិយម និងការមិនចុះសំរុងនឹងគ្នា។ បើយើងគ្រាន់តែមើលទៅលើស្ថានភាពទូទៅនៅលើពិភពលោកនេះ និងនៅក្នុងគ្រួសារជាច្រើននោះ យើងពិតជាដឹងថាយើងត្រូវការសេចក្តីស្រឡាញ់យ៉ាងខ្លាំង។ ចំណែកអ្នកវិញ តើអ្នកយល់យ៉ាងម៉េចដែរ? តើអ្នកធ្លាប់មានអារម្មណ៍ថា ទទួលបានសេចក្តីស្រឡាញ់ឬទេ? តើអ្នកធ្លាប់មានអារម្មណ៍ថាមានការឈឺចាប់ក្នុងចិត្តរបស់អ្នក និងមានភាពឯកោមិនចេះអស់មិនចេះហើយ និងពុំធ្លាប់បានទទួលការថ្នាក់ថ្នមឬភាពកក់ក្តៅដែរទេ? ពេលខ្លះ តើអ្នកធ្លាប់មានអារម្មណ៍ថាពុំមានអ្នកណាម្នាក់ចាប់អារម្មណ៍អំពីអ្នកដែរទេ? តើអ្នកកើតក្នុងគ្រួសារដែលមានឪពុកម្តាយមិនមានសេចក្តីស្រឡាញ់ចំពោះគ្នាឬមិនស្រឡាញ់កូនៗមែនទេ? អារម្មណ៍ទាំងនេះ គឺធម្មតាទេនៅលើផែនដីនេះ ដែលមនុស្សទូទៅគិតថា “គឺមានតែអញ”។ ការឈឺចាប់គឺជាលទ្ធផលនៃភាពអាត្មានិយមរបស់គាត់ដែលចេះតែរំខានក្នុងចិត្តរបស់គាត់ជានិច្ច។ សេចក្តីស្រឡាញ់គឺមិនស្វែងរកតែប្រយោជន៍ និងបំពេញតែតម្រូវការរបស់ខ្លួននោះទេ ប៉ុន្តែក៏គិតអំពីផលប្រយោជន៍អ្នកដ៏ទៃផងដែរ។ មនុស្សជាច្រើនបានហៅ “ចំណង់ប្រាថ្នា” ថាជាសេចក្តីស្រឡាញ់តាមពិតទៅវាជាភាពអាត្មានិយម ពីព្រោះអ្នកនោះស្វែងរកតែភាពសប្បាយរីករាយសំរាប់បំពេញសេចក្តីត្រូវការផ្ទាល់ខ្លួនឯងប៉ុណ្ណោះ។ រាល់ពេលមានទុក្ខលំបាកក្នុងជីវិតយើង មិនមែនមានន័យថាព្រះមិនស្រឡាញ់យើងនោះទេ។ ពេលខ្លះ ព្រះបានអនុញ្ញាតឲ្យទុក្ខលំបាកកើតមានចំពោះយើង ដើម្បីជាប្រយោជន៍ឲ្យយើងចេះស្វែងរកទ្រង់ដោយស្មោះអស់ពីចិត្ត។ ឪពុកឬម្ដាយណាដែលមានសេចក្តីស្រឡាញ់ពិត គឺមិនគ្រាន់តែផ្តល់ឲ្យនូវអ្វីដែលកូនចង់បាននោះទេ ប៉ុន្តែត្រូវចេះអប់រំណែនាំកូនដើម្បីជាប្រយោជន៍ដល់កូនៗរបស់ពួកគាត់វិញ។ សេចក្តីស្រឡាញ់គឺការលះបង់។ សេចក្តីស្រឡាញ់ពិតគឺស្វែងរកគុណសម្បត្តិរបស់អ្នកដ៏ទៃ។ សេចក្តីស្រឡាញ់គឺចេះផ្ដល់ភាពកក់ក្តៅ ការអាណិតអាសូរ និងចិត្តសប្បុរស។ បើសិនជាយើងមានក្តីស្រឡាញ់ពិត យើងនឹងប្រព្រឹត្តអ្វីដែលនាំមកនូវប្រយោជន៍សំរាប់អ្នកដ៏ទៃ ក្នុងពេលបច្ចុប្បន្ននិងទៅអនាគត។ ប្តីនិងឪពុកដែលមានក្ដីស្រឡាញ់ នឹងបង្ហាញសេចក្តីស្រឡាញ់និងភាពកក់ក្តៅដល់ប្រពន្ធនិងកូនៗរបស់គាត់។ គាត់នឹងលះបង់ពេលវេលាផ្ទាល់ខ្លួនរបស់គាត់ សំរាប់គ្រួសារគាត់ ហើយនិងចេះបង្កើតបរិយាកាសល្អៗ ព្រមទាំងធ្វើជាគំរូល្អសំរាប់ពួកគេជានិច្ច។ ប្រពន្ធនិងម្តាយដែលមានសេចក្តីស្រឡាញ់ពិត នឹងគោរពប្តីព្រមទាំងណែនាំកូនៗរបស់ខ្លួនឲ្យយោគយល់គ្នា ទៅវិញទៅមក។ គាត់នឹងមានភាពសប្បាយរីករាយនៅក្នុងចិត្ត នៅពេលគាត់អាចជួយមនុស្សឬក៏ សមាជិកនៅក្នុងគ្រួសាររបស់គាត់បានទទួលបាននូវភាពកក់ក្ដៅ។ ព្រះយេស៊ូវគ្រីស្ទបានផ្ដល់គំរូដ៏អស្ចារ្យសំរាប់យើង នៅពេលដែលទ្រង់បានបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ ដោយទ្រង់ព្រមសុគតនៅលើឈើឆ្កាង ដើម្បី ជំនួសបាបរបស់យើងទាំងអស់គ្នា។ បើអ្នកមិនដឹងថា ត្រូវចូលទៅរកព្រះអង្គយ៉ាងណានោះ សូមឲ្យអ្នកគ្រាន់តែបើកដួងចិត្តរបស់អ្នកដល់ទ្រង់ហើយទ្រង់នឹងឮ។ បើសិនជាអ្នកមានអារម្មណ៍ថាពិបាកឲ្យអ្នកជឿទុកចិត្តលើនរណាម្នាក់ឬ សូម្បីតែព្រះក៏ដោយចុះ នោះសូមទូលថ្វាយទៅព្រះអង្គ រួចសូមទ្រង់ឲ្យបង្ហាញផ្លូវដល់អ្នក។
4 មេសា 2019 in សេចក្ដីសង្រ្គោះ 2 minutes