កាលពីដំបូង.....
មុនពេលអ្វីៗកើតមានមកលើផែនដីនេះ គឺមានព្រះជាម្ចាស់ ព្រះបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ ព្រះអង្គទាំងបីគឺរួមតែមួយមានន័យថា ទ្រង់គឺជាព្រះត្រៃឯក ហើយទ្រង់ក៏ជាអ្នកបង្កើតផែនដី និងអ្វីៗទាំងអស់នៅលើផែនដីនេះផង។
ដោយសារសេចក្ដីស្រឡាញ់របស់ទ្រង់ ទ្រង់បានបង្កើតមនុស្សដូចជាព្រះអង្គផ្ទាល់ ហើយបានដាក់ពួកគេនៅក្នុងសួនច្បារដ៏ស្រស់ស្អាតមួយ។ អ្វីៗដែលមាននៅក្នុងសួនច្បារនោះគឺល្អឥតខ្ចោះគ្មានទុក្ខវេទនាឬជម្ងឺអ្វីមកបំផ្លាញដល់មនុស្ស រុក្ខជាតិ និងសត្វនានានៅក្នុងសួននោះឡើយ។
ប៉ុន្តែ
មនុស្សមិនបានស្ដាប់តាមបង្គាប់ព្រះអង្គឡើយ។ ការមិនស្ដាប់បង្គាប់នេះហើយ ដែលបានកើតចេញជាអំពើបាប ហើយអំពើបាបនោះបានបំបែកមនុស្សអោយចេញឆ្ងាយពីព្រះជាម្ចាស់។បន្ទាប់ពីពួកគេបានបះបោរ និងមិនស្ដាប់បង្គាប់ព្រះអង្គរួចមក ពួកគេត្រូវបាននិរទេសចេញពីទឹកដីដ៏សម្បូរសប្បាយ និងស្រស់ស្អាតនោះភ្លាម។ ព្រះជាម្ចាស់បានចាត់ទេវតាពីអង្គឲ្យនៅចាំយាមច្រកចូល ដើម្បីមិនអនុញ្ញាតឲ្យនរណាម្នាក់ចូលទៅក្នុងសួននោះបានឡើយ។ ព្រោះតែមនុស្សលោកបានឈប់គោរពនិងឈប់ស្ដាប់បង្គាប់ព្រះជាម្ចាស់ដូច្នេះហើយ ទើបទុក្ខវេទនា ជម្ងឺ និងសេចក្ដីស្លាប់បានកើតមានឡើងនៅលើផែនដីយើងនេះ។
ផែនការរបស់ព្រះជាម្ចាស់
ក្រោយពីមនុស្សលោកត្រូវបានបណ្ដេញចេញពីសួនច្បារនោះ ព្រះអង្គបានបង្គាប់ពួកគេឲ្យយកសត្វជំទង់ដែលល្អឥតខ្ចោះ មកធ្វើជាយញ្ញបូជាដើម្បីលោះបាបពួកគេ។ យញ្ញបូជាដែលពួកគេបានថ្វាយនោះ មិនបានលាងសំអាតបាបរបស់ពួកគេនោះទេ ប៉ុន្តែវាជាការចង្អុលបង្ហាញផ្លូវឆ្ពោះទៅរកយញ្ញបូជាដ៏វិសុទ្ធ ដែលព្រះជាម្ចាស់នឹងប្រទានឲ្យ។ ព្រះជាម្ចាស់មានបន្ទូលសន្យាថា «ថ្ងៃណាមួយទ្រង់នឹងបញ្ជូនព្រះបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវអោយយាង មកផែនដី ដើម្បីធ្វើជាយញ្ញបូជាលើកចុងក្រោយបង្អស់ដល់មនុស្សលោក»។
ម៉ារីនិងទេវតា
ជិត៤០០០(បួនពាន់)ឆ្នាំក្រោយមក នៅទីស្រុកណាសារែ៉ត មានស្រីក្រមុំម្នាក់ឈ្មោះនាងម៉ារីបានរស់នៅទីនោះ នាងបានភ្ជាប់ពាក្យ ហើយក៏ជិតរៀបការជាមួយនឹងលោកយ៉ូសែប ដែលត្រូវជាគូរដណ្ដឹងថែមទៀតផង។ ថ្ងៃមួយមានទេវតាមួយអង្គបានបង្ហាញខ្លួននៅចំពោះនាង ហើយបានប្រាប់នាងថា «នាងនឹងមានបុត្រដ៏ពិសេសមួយអង្គ។ ឪពុករបស់បុត្រនេះមិនមែននៅលើផែនដីនេះទេ ប៉ុន្តែបុត្រនោះគឺជាបុត្រានៃព្រះជាម្ចាស់វិញទេតើ! ហើយនាងត្រូវថ្វាយព្រះនាមថា យេស៊ូវ។»
ថ្ងៃកំណើតរបស់ព្រះយេស៊ូវ
ក្រោយពេលដែលទេវតាបានមកជួបលោកយ៉ូសែបនិងនាងម៉ារីហើយ ពួកគេក៏បានធ្វើដំណើរផ្លូវឆ្ងាយទៅភូមិបេថ្លេហិម ដើម្បីបង់ពន្ធនានារបស់ពួកគេ។ នៅពេលពួកគេបានទៅដល់ភូមិបេថ្លេហិម នៅក្នុងក្រុងមានមនុស្សជាច្រើនពីគ្រប់ទិសទីស្នាក់នៅទីនោះ។ ពួកគេចង់រកកន្លែងស្នាក់នៅ ប៉ុន្តែគ្មានបន្ទប់ទំនេរសោះនៅក្នុងផ្ទះញាតិរបស់ពួកគេ ដូច្នោះពួកគេក៏បានទៅសំរាកនៅក្នុងក្រោលសត្វ។ យប់មួយព្រះអង្គម្ចាស់យេស៊ូវក៏បានប្រសូតនៅក្នុងក្រោលសត្វនោះទៅ។ នាងម៉ារីបានរុំព្រះបុត្រាតូចយេស៊ូវនឹងក្រណាត់ដ៏ស្អាតយ៉ាងណែន ហើយបានដាក់ទ្រង់ផ្ទំនៅក្នុងស្នូកសត្វ។
ពួកអ្នកគង្វាលចៀម
យប់នោះឯង នៅទីវាលទួលមួយខាងក្រៅទីក្រុង ពួកអ្នកគង្វាលចៀមកំពុងចាំយាមចៀមរបស់ពួកគេ។ ភ្លាមនោះមានទេវតាមួយអង្គបានបង្ហាញខ្លួននៅចំពោះមុខពួកគេ ហើយសិរីរុងរឿងរបស់ព្រះបានចាំងចែងមកលើពួកគេផងដែរ។ ទេវតាប្រាប់ពួកគេថា «កុំខ្លាចអី ខ្ញុំនាំដំណឹងល្អមកប្រាប់រាល់គ្នា គឺជាដំណឹងល្អដែលនាំមកនូវក្ដីអំណរដ៏អស្ចារ្យសំរាប់មនុស្សលោកទាំងអស់។ នៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះមួយអង្គបានប្រសូតហើយ ទ្រង់មានព្រះនាមថាព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់។ អ្នករាល់គ្នានឹងឃើញព្រះបុត្រាតូចមួយអង្គរុំនឹងក្រណាត់ផ្ទំនៅក្នុងស្នូក»។ នោះស្រាប់តែមានពួកទេវតាបរិវារជាច្រើនពីស្ថានសួគ៌មកនៅជាមួយនឹងទេវតានោះ ក៏ពោលសរសើរដល់ព្រះ។ ពួកទេវតាបានច្រៀងថា «សិរីសួស្ដីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្ដីសុខសាន្ដនៅកណ្ដាលចំណោមមនុស្សនៅផែនដីដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់»។ ពេលដែលពួកទេវតាបានហោះបាត់ទៅហើយ ពួកអ្នកគង្វាលបានទុកចៀមរបស់គេ ហើយបានរត់ទៅយ៉ាងលឿនតម្រង់ទៅភូមិបេថ្លេហិម។ នៅទីនោះពួកគេបានឃើញព្រះបុត្រាតូចដូចដែលទេវតាទើបបានប្រាប់ពួកគេ។
ពួកហោរា
ក្រោយពីព្រះយេស៊ូវបានប្រសូតមកនោះមានពួកហោរាដែលមកពីភូមិភាគអាស៊ី បានមកដល់ក្រុងយេរូសាឡឹម ហើយសួរថា «តើព្រះអង្គដែលប្រសូតមក ធ្វើជាស្ដេចសាសន៍យូដា ទ្រង់គង់នៅឯណា? ពីព្រោះយើងបានឃើញផ្កាយរបស់ទ្រង់ ពីទិសខាងកើតមក ហើយយើងមកដើម្បីថ្វាយបង្គំទ្រង់»។ កាលស្ដេចហេរ៉ូឌបានឮនោះ ទ្រង់មានសេចក្ដីក្រោធក្នុងចិត្តយ៉ាងខ្លាំង។ ទ្រង់បានប្រជុំពួកសង្គ្រាជ និងពួកអាចារ្យជាគ្រូខាងវិន័យ។ ពួកគេបានទូលទ្រង់ថា «ពួកហោរាបានទាយថា នឹងមានស្ដេចមួយប្រសូតនៅភូមិបេថ្លេហិម »។ ពេលនោះស្ដេចហេរ៉ូឌបានចាត់ពួកហោរាដែលបានមក ឲ្យទៅបេថ្លេហិម ដើម្បីស៊ើបដំណឹងពីក្សត្រអង្គនោះ។ កាលពួកហោរាបានចេញពីក្រុងយេរូសាឡឹម នោះមានផ្កាយមួយនាំផ្លូវពួកគាត់ ដរាបទៅដល់ផ្ទះដែលពួកគេបានឃើញបុត្រតូចនោះ។ ពួកហោរាក៏ក្រាបថ្វាយបង្គំព្រះយេស៊ូវ ព្រមទាំងបើកហិបយកទ្រព្យរបស់ខ្លួន ដើម្បីថ្វាយដល់ព្រះបុត្រតូច មានដូចជា៖ មាស កំញាន និងជ័រល្វីងទេស ថ្វាយដល់បុត្រាតូច។ បន្ទាប់មកពួកគេបានត្រឡប់ទៅស្រុករបស់ពួកគេវិញតាមផ្លូវមួយផ្សេងទៀត ដោយព្រោះព្រះបានប្រាប់ពួកគេក្នុងសុបិននិមិត្តមិនឲ្យត្រឡប់ទៅឯស្ដេចហេរ៉ូឌវិញឡើយ។
ហេតុផលចំពោះអំណោយទានរបស់ព្រះ
ព្រះជាម្ចាស់គង់ជាមួយព្រះយេស៊ូវតាំងពីកុមារភាពរហូតដល់ទ្រង់ធំពេញវ័យ។ ទ្រង់បានរស់នៅដោយគ្មានអំពើបាបសោះឡើយ ព្រះអង្គគ្រប់លក្ខណ៍ពីព្រោះព្រះអង្គបានដើរតាមគ្រប់មាគ៌ាទាំងអស់របស់ព្រះជាម្ចាស់។ នៅពេលដែលទ្រង់មានព្រះជន្មបានសាមសិបឆ្នាំ ទ្រង់ចាប់ផ្ដើមបង្រៀនដល់បណ្ដាជនអំពីព្រះជាម្ចាស់ ដែលជាព្រះវរបិតារបស់ទ្រង់។ ទ្រង់បានធ្វើការអស្ចារ្យជាច្រើន ទ្រង់បានព្យាបាលមនុស្សខ្វាក់ភ្នែកឲ្យបានភ្លឺឡើងៗវិញ ហើយបានប្រោសមនុស្សជាច្រើនបានជាពីជម្ងឺរបស់ពួកគេ ហើយថែមទាំងមនុស្សស្លាប់ឲ្យរស់ឡើងវិញផង។ លើសពីនេះទៅទៀត ទ្រង់បានបង្រៀនពីផ្លូវទៅកាន់ជីវិតអស់កល្បជានិច្ចនៅឯនគរស្ថានសួគ៌។ ក្រោយមកទ្រង់បានប្រទានព្រះជន្មរបស់ទ្រង់ជាថ្លៃលោះបាបសំរាប់លោកិយទាំងមូលផង។
គម្ពីរយ៉ូហាន ៣:១៦បាន ចែងថា «ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»។ ព្រះយេស៊ូវបានយាងមកផែនដីនេះ ដើម្បីសុគតនៅលើឈើឆ្កាង ដែលជាដង្វាយដ៏វិសុទ្ធបំផុត។ ដោយសារតែការសុគតរបស់ទ្រង់នេះហើយទើប អំពើបាបរបស់យើងត្រូវបានប្រោសលោះ។ យើងមិនត្រូវការថ្វាយយញ្ញបូជាសំរាប់លោះបាបយើងទៀតទេ។ ការទាំងនេះបានបំពេញនូវសេចក្ដីសន្យារបស់ព្រះជាម្ចាស់ ថានឹងបញ្ជូនព្រះអង្គសង្គ្រោះដល់យើងរាល់គ្នា។
ថ្វីបើព្រះយេស៊ូវត្រូវបានធ្វើគុតដោយមនុស្សកំណាចក៏ដោយ ក៏សេចក្ដីស្លាប់គ្មានអំណាចមកលើទ្រង់សោះឡើយ។ បីថ្ងៃក្រោយមកទ្រង់បានរស់ពីសុគតឡើងវិញ ដែលមានជ័យជំនះលើសេចក្ដីស្លាប់។ មនុស្សជាច្រើនបានឃើញព្រះយេស៊ូវ អំឡុងពេលព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ បន្ទាប់មក នៅថ្ងៃមួយក្រោយពីបានប្រទានពរដល់សិស្សរបស់ទ្រង់ហើយ នោះព្រះអង្គក៏បានយាងត្រឡប់ទៅស្ថានសួគ៌វិញ។
កាលណាយើងជ្រើសរើសជឿដល់ទ្រង់ ហើយថ្វាយខ្លួននិងចិត្តរបស់យើងដល់ព្រះអង្គ នោះព្រះលោហិតរបស់ទ្រង់នឹងសំអាតយើងចេញពីអំពើបាបរបស់យើងមិនខាន។ កាលណាយើងទទួលនូវអំណោយទាននៃការសង្គ្រោះ នោះយើងនឹងបាននៅជិតស្និទ្ធជាមួយនឹងព្រះវិញ។ ព្រះយេស៊ូវបានក្លាយជាអង្គសង្គ្រោះនៃយើង ហើយយើងអាចរីករាយដោយព្រះពរក្នុងការស់នៅជាកូនរបស់ទ្រង់! ថ្ងៃណាមួយព្រះយេស៊ូវនឹងយាងត្រឡប់មកវិញ ហើយទ្រង់នឹងយកអ្នកជឿទាំងអស់ទៅនគរស្ថានសួគ៌ជាមួយនឹងទ្រង់ដែរ។ ហើយនៅទីនោះពួកគេនឹងរស់នៅជារៀងរហូតអស់កល្បជានិច្ចជាមួយព្រះជាអម្ចាស់៕ ៚