ជីវិតគ្រីស្ទបរិស័ទ
រឿងការបង្កើត
តើអ្នកធ្លាប់បានក្រឡេកមើលជុំវិញខ្លួនហើយឆ្ងល់ថា តើអ្វីៗគ្រប់យ៉ាងបានចាប់ផ្តើមដោយរបៀបណា? គឺមានសត្វពាហនៈ សត្វស្លាប ដើមឈើ និងរុក្ខជាតិជាច្រើនប្រភេទនៅលើផែនដី។ តើរបស់ទាំងអស់នោះកើតចេញពីណា? តើរបស់ទាំងអស់នោះមានតាំងពីដើមមកឬ? ចុះចំណែកមនុស្ស? យើងក្រឡេកមើលមកសារពាង្គកាយយើង ហើយមើលពីរបៀបដែលរាងកាយធ្វើចលនា យើងប្រើភ្នែកដើម្បីមើល ត្រចៀកដើម្បីស្តាប់ និងដៃជើងសម្រាប់ធ្វើការងារផ្សេងៗ និងទៅទីកន្លែងណាដែលយើងចង់ទៅ។ តើទាំងអស់នេះកើតឡើងតាំងតែពីដើមមក ឬក៏មានអ្នកណាម្នាក់បង្កើតមក? ចម្លើយសម្រាប់សំនួរទាំងអស់នេះមាននៅក្នុងព្រះគម្ពីរបរិសុទ្ធ ដែលជាព្រះបន្ទូលព្រះ។ ព្រះគម្ពីរបានប្រាប់យើងពីការបង្កើតនៃពិភពលោក ខគម្ពីរដំបូងនៅក្នុងព្រះគម្ពីរបានចែងថា៖ «កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេយ និងផែនដី» (លោកុប្បត្តិ ១.១)។ មុនដែលផែនដីបានបង្កើតមក គឺមានវត្តមានរបស់ព្រះរួចទៅហើយ។ ព្រះតែងតែមានវត្តមាន ទ្រង់គ្មានទីចាប់ផ្តើម និងគ្មានទីបញ្ចប់។ នៅក្នុងជំពូកដំបូងនៃព្រះគម្ពីរលោកុប្បត្តិ បានបង្រៀនយើងថា ព្រះបានបង្កើតពិភពលោក និងរបស់សព្វសារពើក្នុងរយៈពេលប្រាំមួយថ្ងៃ។ នៅថ្ងៃទីមួយ ព្រះបានមានបន្ទូលថា៖ «ចូរឲ្យមានពន្លឺ» ដូច្នេះ ក៏មានពន្លឺឡើង។ ទ្រង់បានញែកពន្លឺចេញពីភាពងងឹត ហើយបានហៅថា “ថ្ងៃ” និង “យប់”។ នៅថ្ងៃទីពីរ ទ្រង់បានបង្កើតផ្ទៃមេឃ។ នៅថ្ងៃទីបី ទ្រង់បានញែកដីចេញពីទឹក ហើយបានហៅថាជា “ផែនដី” និង “សមុទ្រ”។ ទ្រង់បានបង្កើតស្មៅ រុក្ខជាតិ និងដើមឈើ ហើយបង្កើតឲ្យពួកវាបង្កើតគ្រាប់ពូជដើម្បីបណ្តុះរុក្ខជាតិ និងដើមឈើតាមពូជរបស់ពួកវា។ នៅថ្ងៃទីបួន ព្រះបានបង្កើតតួពន្លឺយ៉ាងធំ២។ ព្រះអាទិត្យគឺជាពន្លឺធំជាងដើម្បីបំភ្លឺពេលថ្ងៃ និងព្រះច័ន្ទគឺជាពន្លឺតូចជាងដើម្បីបំភ្លឺពេលយប់ ដោយព្រោះពន្លឺទាំង២យើងមានថ្ងៃ ខែ និងឆ្នាំ។ ទ្រង់ក៏បង្កើតផ្កាយទាំងអស់ផងដែរ។ នៅថ្ងៃទីប្រាំ ព្រះបានបង្កើតសត្វស្លាប និងត្រីទាំងអស់។ នៅថ្ងៃទីប្រាំមួយ ព្រះបានបង្កើតសត្វពាហនៈដែលដើរ និងលូនវារនៅលើផែនដី ហើយទ្រង់បង្កើតឲ្យពួកវាបង្កើតកូនទៅតាមពូជវានិមួយៗ។ ព្រោះទ្រង់បង្កើតរបៀបនេះ ដើម្បីឲ្យមានវដ្តជីវិត ចាស់ក៏ស្លាប់ទៅ ហើយមានកូនថ្មីកើតមកទៀតដើម្បីមកបំពេញវិញ។ នៅថ្ងៃទីប្រាំមួយ ព្រះក៏បានបង្កើតមនុស្សឲ្យមានរូបដូចអង្គទ្រង់ សូនគាត់ចេញពីធូលីនៃផែនដី។ ទ្រង់ជ្រាបថា គាត់នឹងត្រូវការអ្នកណាម្នាក់ដើម្បីជាជំនួយគាត់ ដូច្នេះ ទ្រង់បានយកឆ្អឹងជំនីរមួយពីបុរស ហើយបង្កើតស្ត្រីម្នាក់។ ទ្រង់មានបន្ទូលប្រាប់ពួកគេទាំង២ឲ្យបង្កើតកូនជាច្រើនឡើងពាសពេញលើផែនដី ហើយឲ្យមានអំណាចគ្រប់គ្រងលើរបស់សព្វសារពើទាំងអស់ដែលទ្រង់បានបង្កើត។ បន្ទាប់ពីទ្រង់បានបង្កើតរបស់សព្វសារពើមក ទ្រង់ទតឃើញទាំងអស់ថាល្អ។ ព្រះបានបង្កើតផែនដីជាទីលំនៅរបស់មនុស្ស ហើយមនុស្សគឺសម្រាប់គោរពថ្វាយបង្គំលើកតម្កើងព្រះ។ ទ្រង់ក៏បានបង្កើតមនុស្សដើម្បីគ្រប់គ្រង និងថែរក្សារបស់សព្វសារពើដែលទ្រង់បានបង្កើត។
តើអ្នកដឹងទេថា មានសៀវភៅបានពន្យល់ពីកំណើតនៃពិភពលោក? ឃ្លាដំបូងគឺ៖ «កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី»។ បន្ទាប់ពីឃ្លាខាងលើ សៀវភៅនេះក៏មានចែងបន្ថែមទៀត ពីរបៀបដែលពិភពលោកទាំងមូលត្រូវបានបង្កើតឡើង ហើយពីបុរស និងស្ត្រីដែលបានរស់នៅលើផែនដីមុនដំបូងបំផុត។ វាមិនត្រឹមតែប្រាប់យើងអំពីកំណើតដំបូងប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ប្រាប់យើងអំពីអ្វីដែលនឹងកើតឡើង បន្ទាប់ពីជីវិតនេះត្រូវបានបញ្ចប់ផងដែរ។ តាមរយៈសៀវភៅមួយក្បាលទាំងមូលនេះ យើងរកឃើញពីរបៀបដែលយើងគួររស់នៅ ដើម្បីត្រៀមខ្លួនសម្រាប់ជីវិតក្រោយពីសេចក្តីស្លាប់។ នេះគឺជាសៀវភៅដ៏យូរកាលមកហើយ ដែលមានអ្នកសរសេរប្រមាណជា៤០នាក់ផ្សេងគ្នា ក្នុងរយៈពេលប្រមាណជា១៥០០ឆ្នាំ។ ពួកគេបានកត់ត្រានូវអ្វីដែលព្រះជាម្ចាស់មានបន្ទូលប្រាប់ពួកគេ ព្រះជាម្ចាស់ក៏មានបន្ទូលអំពីព្រះអង្គទ្រង់ផ្ទាល់ ដល់អ្នកនិពន្ធទាំងនោះ។ អ្នកនិពន្ធសៀវភៅលោកុប្បត្តិ ដែលជាកណ្ឌទីមួយ បានចែងទុកអំពីការបង្កើត ហើយអំពីទឹកជំនន់ដែលគ្របដណ្តប់លើផែនដីទាំងមូល។ អ្នកនិពន្ធរូបនោះ ព្រមទាំងអ្នកនិពន្ធផ្សេងទៀត បានសរសេរអំពីប្រជារាស្រ្តដែលព្រះបានជ្រើសរើស និងរបៀបដែលទ្រង់បានដឹកនាំពួកគេអស់រយៈពេលជាច្រើនឆ្នាំ។ ព្រះបានបណ្តាលមនុស្សផ្សេងៗគ្នាឲ្យសរសេរនូវប្រវត្តិសាស្ត្រ កំណាព្យ ការថ្លែងទំនាយ និងអំពីការសន្យារបស់ព្រះជាម្ចាស់។ ពីព្រោះដោយសារតែការសរសេរនេះ ត្រូវបានបណ្តាលមកពីព្រះអង្គផ្ទាល់ ដូច្នេះ មិនមានឈ្មោះអ្នកណាម្នាក់នៅលើគម្របនោះទេ សៀវភៅនេះត្រូវបានគេហៅថា ព្រះគម្ពីរប៊ីប ឬក៏ ព្រះគម្ពីរបរិសុទ្ធ។ ព្រះគម្ពីរបរិសុទ្ធគឺជាសៀវភៅ ដែលបានចែកចាយយ៉ាងទូលំទូលាយជាងគេបំផុតក្នុងពិភពលោក។ ទោះបីជាមានពេលខ្លះមនុស្សមួយចំនួន បានព្យាយាមបំផ្លាញព្រះគម្ពីរបរិសុទ្ធនោះក៏ដោយ ប៉ុន្តែ ព្រះទ្រង់តែងតែថែរក្សាការពារទុកជានិច្ច «ព្រះបន្ទូលរបស់ព្រះអម្ចាស់ស្ថិតស្ថេរអស់កល្បជានិច្ច» (ពេត្រុសទី១ ១.២៥)។ ព្រះគម្ពីរបរិសុទ្ធត្រូវបានចងក្រងឡើងមាន៦៦កណ្ឌផ្សេងគ្នា វាត្រូវបានបែងចែកជាពីរផ្នែកគឺ គម្ពីរសញ្ញាចាស់ និងគម្ពីរសញ្ញាថ្មី។ គម្ពីរសញ្ញាចាស់ប្រាប់ពីប្រវត្តិសាស្ត្រនៃពិភពលោក និងមានចែងទុកនូវការសន្យារបស់ព្រះថានឹងបញ្ជូនព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវ មកលើផែនដីដើម្បីសង្គ្រោះយើងរាល់គ្នាឲ្យរួចពីអំពើបាប។ គម្ពីរសញ្ញាថ្មីប្រាប់យើងពីដំណើរដែលព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះជាម្ចាស់ បានយាងមកលើផែនដីដោយកត់ត្រាថា ព្រះយេស៊ូវបានប្រសូតជាទារកតូច។ ព្រឹត្តិការណ៍ជាច្រើនក្នុងជីវិតរបស់ព្រះយេស៊ូវត្រូវបានគេកត់ត្រា រួមទាំងការអស្ចារ្យជាច្រើនដែលទ្រង់បានធ្វើផងដែរ។ ព្រះគម្ពីរបរិសុទ្ធបង្ហាញយើងថា ព្រះយេស៊ូវជាគំរូដ៏ល្អឥតខ្ចោះដែលបានប្រទានមកដល់យើង ក្នុងគ្រប់ទាំងអស់។ ពេលព្រះយេស៊ូវបានមានព្រះបន្ទូល មនុស្សគ្រប់គ្នាក៏ស្ដាប់សេចក្តីបង្រៀនរបស់ទ្រង់ ហើយការបង្រៀនជាច្រើនទាំងប៉ុន្មាននោះ យើងក៏អាចអានក្នុងកណ្ឌគម្ពីរទាំងបួនដែលហៅថា កណ្ឌគម្ពីរដំណឹងល្អ។