ការប្រយុទ្ធដ៏ធំបំផុតមួយចំនួននៅក្នុងជីវិតត្រូវបានតយុទ្ធនៅក្នុងដួងចិត្ត។ មេដឹកនាំជាច្រើនក្នុងប្រវត្តិសាស្ត្រមានបំណងចង់ដណ្តើមយកឈ្នះប្រទេសដទៃទៀត ហើយមានអ្នកមានអំណាចបែបផ្ដាច់ការដែលគាបសង្កត់ និងអ្នកដឹកនាំដែលអាត្មានិយមខ្លះថែមទាំងរិះគិតពីការគ្រប់គ្រងពិភពលោកទាំងមូល។ មេដឹកនាំទាំងនោះបានបង្ខំទាហានរាប់ពាន់នាក់ឲ្យចូលប្រយុទ្ធ ដោយសារតែបំណងប្រាថ្នាផ្ទាល់ខ្លួន សម្រាប់ដណ្ដើមអំណាច ទ្រព្យសម្បត្តិ និងកិត្តិនាម។ ការប្រយុទ្ធដែលត្រូវប្រឈមមុខគ្នារវាងកងទ័ពបានបណ្ដាលឲ្យមានការឈឺចាប់ និងការបាត់បង់ជីវិតជាច្រើនក្រៃលែង។ ពលទាហានបានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយជីវិតជាច្រើនត្រូវបានបាត់បង់ដោយមិនចាំបាច់ ដោយសារតែគោលដៅអាត្មានិយមរបស់មេដឹកនាំមួយចំនួន។ ការនេះបានធ្វើឲ្យមានការឈឺចាប់យ៉ាងខ្លាំង ក្នុងដួងចិត្តរបស់មនុស្សជាទីស្រឡាញ់របស់អ្នកដែលបានពលីជីវិត ហើយការបរាជ័យក៏បានធ្វើឲ្យមេដឹកនាំដែលចុះចាញ់បាត់បង់កងទ័ពមានការឈឺចាប់ និងសោកសៅជាខ្លាំង។ មនុស្សសាមញ្ញគ្រប់រូបត្រូវជួបប្រទះនឹងការប្រយុទ្ធខាងវិញ្ញាណដ៏ធំអស្ចារ្យនៅក្នុងជីវិត។ ផលវិបាកនៃការប្រយុទ្ធទាំងនេះគឺមានភាពធ្ងន់ធ្ងរ និងមានសារៈសំខាន់យ៉ាងខ្លាំង។ បរាជ័យក្នុងការប្រយុទ្ធខាងរូបកាយអាចនាំមកនូវភាពអាម៉ាស់ដល់អ្នកដឹកនាំនោះ ក្នុងពេលគាត់មានជីវិតរស់នៅ ប៉ុន្តែ បរាជ័យក្នុងការតយុទ្ធនៃព្រលឹងរបស់អ្នកនឹងនាំមកនូវការឈឺចាប់យ៉ាងខ្លាំងអស់កល្បជានិច្ច។ តើអ្នកធ្លាប់ពិចារណាពីផលវិបាកដែលជៀសមិនរួចក្នុងជីវិតអាត្មានិយមដែលគ្មានព្រះគ្រីស្ទឬទេ? តើអ្នកនឹងបរាជ័យក្នុងសមរភូមិជីវិត? សង្រ្គាមរវាងជីវិត និងសេចក្តីស្លាប់? សង្រ្គាមរវាងស្ថានសួគ៌ និងស្ថាននរក? ការប្រយុទ្ធគ្នារវាងការលះបង់់ខ្លួនឯង និងការស្រឡាញ់ខ្លួនឯង ព្រលឹងវិញ្ញាណរបស់អ្នក និងលោកីយ៍ឬទេ? ព្រះយេស៊ូវមានបន្ទូលថា៖ «ដ្បិតបើមនុស្សម្នាក់បានពិភពលោកទាំងមូល តែបាត់បង់ជីវិត តើនឹងមានប្រយោជន៍អ្វីដល់អ្នកនោះ?» (ម៉ាកុស ៨.៣៦)។ មិនថាយើងមានទ្រព្យសម្បត្តិជាកម្មសិទ្ធច្រើន ឬតិចនៅក្នុងពិភពលោកនេះទេ ប្រសិនបើយើងបាត់បង់ព្រលឹងខ្លួន ជោគវាសនាដ៏អស់កល្បជានិច្ចរបស់យើងនឹងត្រូវបានបោះត្រារួចជាស្រេច នោះគឺជាសោកនាដកម្មប្រាកដមែន! មនុស្សជាច្រើនមិនដឹងថា មានការប្រយុទ្ធខាងវិញ្ញាណដ៏ធំអស្ចារ្យមួយដែលត្រូវប្រយុទ្ធនោះទេ។ ការយល់ដឹងរបស់ពួកគេត្រូវបានកំបាំងដោយសារអារក្សសាតាំង និងលោកីយ៍ ហើយពួកគេកំពុងដេកលង់លក់យ៉ាងច្បាស់ជាក់ស្ដែង ក្នុងកំឡុងពេលមានការប្រយុទ្ធនឹងអំពើបាប។ ព្រះគម្ពីរចែងថា៖ «អ្នកដែលដេកលក់អើយ ចូរភ្ញាក់ឡើង ចូរក្រោកពីពួកមនុស្សស្លាប់ឡើង នោះព្រះគ្រីស្ទនឹងចាំងពន្លឺមកលើអ្នក» (អេភេសូរ ៥.១៤)។ សូមអង្រួនច្រវាក់របស់សាតាំង និងអំពើបាបឲ្យដាច់។ សូមបន្ដការប្រយុទ្ធនេះដល់ទីបំផុតចុះ! អ្នកមិនអាចគេចផុតពីសេចក្ដីស្លាប់តាមបែបធម្មជាតិបានទេ ប៉ុន្តែ អ្នកអាចគេចផុតពីសេចក្ដីស្លាប់ខាងព្រលឹងវិញ្ញាណជារៀងរហូត។ ប្រសិនបើអ្នកចុះចាញ់ការប្រយុទ្ធដើម្បីសេចក្ដីសង្គ្រោះសម្រាប់ព្រលឹងរបស់អ្នក នោះវានឹងក្លាយជាសេចក្ដីវិនាសក្នុងស្ថាននរក និងទារុណកម្មដ៏អស់កល្បជានិច្ច។