តើអ្នកមានចិត្តសប្បាយរីករាយឬទេ? សេចក្តីភ័យខ្លាចនិងការដឹងខ្លួនថាមានបាប អាចនឹងឆក់យកសេចក្ដីសុខរបស់យើងបាន។ អ្នកប្រហែលជាឆ្ងល់ថា "តើខ្ញុំអាចសប្បាយចិត្តបានយ៉ាងដូចម្តេច"?
ខ្ញុំមានដំណឹងល្អមួយសម្រាប់អ្នក! មានព្រះមួយអង្គដែលអាចជួយអ្នកបាន។ ទ្រង់អាចអត់ទោសអំពើបាបរបស់អ្នក ព្រមទាំងផ្ដល់សេចក្ដីសុខដ៏យូរអង្វែងដល់អ្នកបានថែមទៀតផង។ សូមឱ្យខ្ញុំប្រាប់អ្នកអំពីទ្រង់ ព្រះអង្គមាននាមថា «ព្រះយេស៊ូវ»។
ព្រះវរបិតារបស់ព្រះយេស៊ូវគឺជាព្រះតែមួយអង្គគត់ ដែលបានបង្កើតពិភពលោក និងរបស់សព្វសារពើ ហើយទ្រង់ក៏ជាព្រះអាទិកររបស់អ្នកនិងខ្ញុំផងដែរ។ ព្រះជាម្ចាស់ស្រឡាញ់ពួកយើង ព្រមទាំងមនុស្សលោកទាំងអស់ខ្លាំងណាស់ បានជាទ្រង់ចាត់បញ្ជូនព្រះយេស៊ូវ ដែលជាព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ មកលើពិភពលោកនេះ។ កាលព្រះយេស៊ូវគង់នៅលើផែនដីនៅឡើយ ទ្រង់បានប្រោសមនុស្សមានជំងឺឱ្យបានជាសះស្បើយ កម្សាន្តចិត្តដល់មនុស្សសោកសង្រេង ប្រោសភ្នែកដែលខ្វាក់ឱ្យភ្លឺឡើងវិញ ហើយក៏បានបង្រៀនមនុស្សនូវកិច្ចការជាច្រើនដែរ។
ព្រះយេស៊ូវសព្វព្រះទ័យឱ្យយើងយល់ពីសេចក្ដីស្រឡាញ់ដ៏ធំធេង ដែលព្រះវរបិតារបស់ទ្រង់មានចំពោះអ្នកនិងខ្ញុំ ដូច្នេះ ទ្រង់បានបង្រៀននូវរឿងប្រៀបប្រដូចមួយ ដែលពន្យល់អំពីសេចក្ដីស្រឡាញ់របស់ព្រះវរបិតាទ្រង់។ អ្នកអាចអានរឿងខាងក្រោមនេះនៅក្នុងព្រះគម្ពីរបរិសុទ្ធ កណ្ឌលូកា ១៥.១១-២៤៖
មានបុរសម្នាក់មានកូនប្រុស២នាក់ ឪពុកបានគិតថាអ្វីៗនឹងល្អប្រសើររហូតដល់ថ្ងៃមួយ កូនប្រុសពៅទាស់ប្រឆាំងហើយមកជួបឪពុក រួចនិយាយថា "ខ្ញុំមិនចូលចិត្ដផ្ទះនេះទេ ខ្ញុំចង់រស់នៅតាមចិត្តខ្លួនឯង ឥឡូវខ្ញុំនឹងចេញពីទីនេះទៅ។ សូមប្រគល់ចំណែកមរតកដែលត្រូវចែកឱ្យខ្ញុំនោះមក"។ ឪពុកគ្រាំគ្រាចិត្តណាស់ តែគាត់ក៏ព្រមប្រគល់លុយកាក់ ហើយអនុញ្ញាតឱ្យកូនទៅ។ គាត់ឆ្ងល់ក្នុងចិត្តថា តើអាចមានឱកាសជួបកូនប្រុសរបស់ខ្លួនម្ដងទៀតទេ។
កូនប្រុសនោះបានចាកចេញទៅយ៉ាងឆ្ងាយ សប្បាយរីករាយនឹងលុយកាក់ជាមួយមិត្តភក្តិរបស់គាត់ ហើយក៏បានចាយលុយយ៉ាងខ្ជះខ្ជាយតាមចិត្តចង់។ គាត់គិតថា អ្វីៗពេលនេះគឺពិតជាសប្បាយណាស់! នៅថ្ងៃមួយ ភ្លាមៗនោះ លុយទាំងប៉ុន្មានក៏អស់រលីងទៅ ហើយមិត្តភឿនរបស់គាត់ក៏បានចាកចោលគ្មានសល់សូម្បីម្នាក់។ ឥឡូវនេះ ដោយសារភាពតែលតោលឯកា និងភាពកម្សត់ទុគ៌ត តើគាត់គួរធ្វើយ៉ាងណា?
គាត់បានទៅជួបកសិករម្នាក់ បន្ទាប់មក គេក៏ឱ្យគាត់ទៅដាក់ចំណីសត្វជ្រូក ប៉ុន្តែ គេមិនបានឱ្យអាហារដល់កូនពៅគ្រប់គ្រាន់នោះទេ។ គាត់ឃ្លានខ្លាំងណាស់ស្ទើរតែដាច់ពោះ ដែលគាត់សឹងតែស៊ីចំណីរបស់សត្វជ្រូក។ ពេលចាប់ផ្ដើមគិតពិចារណាពីរឿងអាក្រក់ទាំងអស់ដែលធ្លាប់បានប្រព្រឹត្ត និងពីអ្វីៗដែលបានធ្វើខុសដាក់ឪពុកខ្លួន នោះគាត់ពិបាកចិត្តកាន់តែខ្លាំងឡើងៗ។

ថ្ងៃមួយ គាត់បាននឹកចាំពីសេចក្ដីស្រឡាញ់របស់ឪពុកដែលធ្លាប់ផ្តល់ឱ្យ និងអ្វីៗដែលធ្លាប់មានពីកាលនៅផ្ទះ សូម្បីតែអ្នកបម្រើរបស់ឪពុកក៏មានអាហារបរិភោគគ្រប់គ្រាន់ដែរ។ គាត់បានគិតថា "តើខ្ញុំអាចវិលត្រឡប់ទៅរកឪពុកខ្ញុំវិញបានឬទេ បន្ទាប់ពីកំហុសទាំងប៉ុន្មានដែលខ្ញុំបានប្រព្រឹត្តទាស់នឹងលោក? តើគាត់នៅតែស្រឡាញ់ខ្ញុំដែរឬទេ? ខ្ញុំពិតជាមិនស័ក្ដិសមនឹងធ្វើជាកូនរបស់ឪពុកសោះឡើយ ខ្ញុំសុខចិត្តធ្វើជាអ្នកបម្រើតែប៉ុណ្ណោះ ប្រសិនបើលោកឪពុកព្រមទទួលយកខ្ញុំវិញ"។ ភ្លាមៗនោះ កូនពៅក៏ក្រោកឡើង ហើយចាប់ផ្តើមធ្វើដំណើរទៅកាន់ផ្ទះឪពុកវិញ ដើម្បីឱ្យដឹងច្បាស់ថា តើលោកឪពុកនឹងព្រមអត់ទោសដល់រូបគាត់ដែរឬទេ។
ឪពុកបានទន្ទឹងរង់ចាំកូនប្រុសពៅជានិច្ច តាំងពីកូននោះបានចាកចេញទៅ។ ឪពុកតែងតែឆ្ងល់ថា "តើកូនខ្ញុំអាចនឹងត្រឡប់មកវិញដែរឬទេ"? នាថ្ងៃដ៏អស្ចារ្យមួយ គាត់បានឃើញមនុស្សម្នាក់ដើរមកពីចម្ងាយ តើម្នាក់នោះអាចជាកូនប្រុសពៅឬទេ? កាលបានដឹងច្បាស់ថាជាកូនរបស់គាត់ពិតមែន នោះគាត់ក៏បានរត់ទៅរកដោយសន្ធឹងដៃយ៉ាងធំដើម្បីទទួល។
កូនប្រុសពៅបាននិយាយថា "លោកឪពុក កូនបានប្រព្រឹត្តបាបទាស់នឹងលោកឪពុក កូនមិនសមឱ្យគេហៅថាជាកូនរបស់លោកឪពុកទៀតទេ"។ ប៉ុន្តែ ឪពុកបង្គាប់អ្នកបម្រើថា "ចូរប្រញាប់យកអាវល្អបំផុតមកបំពាក់ឱ្យកូនយើង ហើយរៀបចំពិធីជប់លៀងចុះ ដ្បិតនេះជាកូនរបស់យើងដែលបានបាត់ទៅ តែឥឡូវបានឃើញវិញហើយ"។

យើងម្នាក់ៗគឺដូចគ្នាទៅនឹងកូនប្រុសពៅម្នាក់នេះដែរ យើងទាំងអស់គ្នាបានទាស់ចេញពីព្រះជាម្ចាស់ ដែលជាព្រះអាទិកររបស់យើង។ គ្រប់គ្នាបានខ្ជះខ្ជាយឱកាសជាច្រើន ព្រមទាំងអ្វីៗល្អដែលព្រះទ្រង់បានប្រទានដល់យើង ហើយម្នាក់ៗបានរស់នៅដោយភាពអាត្មានិយម និងបះបោរប្រឆាំងទាស់នឹងទ្រង់ថែមទៀតផង។ ថ្ងៃនេះ ព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ កំពុងត្រាស់ហៅយើងឱ្យមករកព្រះយេស៊ូវ។ ទ្រង់កំពុងរង់ចាំយើងដោយសន្ធឹងព្រះហស្ថទាំងទ្វេដើម្បីទទួលយើងរាល់គ្នា។
ព្រះយេស៊ូវបានបង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ដល់យើង ដោយស៊ូប្តូរព្រះជន្មជាយញ្ញបូជាដើម្បីលោះបាបរបស់អ្នកនិងខ្ញុំ ថែមទាំងបាបរបស់មនុស្សលោកទាំងមូលផងដែរ។ ទ្រង់ត្រូវទទួលការឈឺចាប់ និងការបដិសេធ ពេលទ្រង់បានអនុញ្ញាតឱ្យមនុស្សអាក្រក់ដំដែកគោលភ្ជាប់ទ្រង់លើឈើឆ្កាង។ តាមរយៈព្រះចេស្ដា ទ្រង់បានរស់ពីសុគតឡើងវិញ ហើយមានព្រះជន្មគង់នៅអស់កល្បជានិច្ច។
សូមមករកព្រះយេស៊ូវ រួចសុំទ្រង់អត់ទោសអំពើបាបរបស់អ្នក។ ពេលទ្រង់ទតឃើញថា អ្នកសោកស្ដាយដោយព្រោះទោសកំហុសដែលខ្លួនបានប្រព្រឹត្ត នោះទ្រង់នឹងអត់ទោស ហើយលាងជម្រះរាល់អំពើបាបរបស់អ្នកចេញ ដោយព្រះលោហិតដែលទ្រង់បានបង្ហូរ។ ការនោះនឹងជាបទពិសោធដ៏អស្ចារ្យមួយ! បន្ទាប់មក អ្នកនឹងក្លាយជាមនុស្សថ្មី ហើយជីវិតរបស់អ្នកនឹងក្លាយជាមានអត្ថន័យថ្មីផងដែរ។ ព្រះយេស៊ូវនឹងលើកលែងទោស ហើយដកសេចក្តីភ័យខ្លាចរបស់អ្នកចេញ រួចបំពេញដួងចិត្តដោយអំណរ និងភាពសប្បាយរីករាយជំនួសមកវិញ។ ព្រះយេស៊ូវនឹងក្លាយជាព្រះសង្គ្រោះរបស់អ្នក! ៕