
មុនពេលវេលាកើតមានឡើង គឺមានព្រះជាម្ចាស់។ ទ្រង់បានបង្កើតផែនដី និងសព្វសារពើទាំងអស់នៅក្នុងផែនដីនេះផង។ ដោយសារសេចក្ដីស្រឡាញ់របស់ទ្រង់ ព្រះបានបង្កើតមនុស្សដូចជារូបអង្គទ្រង់ ហើយដាក់ពួកគាត់នៅក្នុងសួនច្បារដ៏ស្រស់ស្អាតមួយ។ មនុស្សមិនបានស្ដាប់បង្គាប់តាមបញ្ជារបស់ព្រះជាម្ចាស់ឡើយ ការមិនស្ដាប់បង្គាប់នេះជាអំពើបាប ហើយការនោះបានបំបែកមនុស្សឱ្យចេញពីព្រះជាម្ចាស់។ ព្រះអង្គបានបង្គាប់ពួកគេឱ្យយកសត្វជំទង់ដែលល្អឥតខ្ចោះ មកធ្វើជាយញ្ញបូជាសម្រាប់អំពើបាបពួកគេ។ យញ្ញបូជាដែលពួកគេបានថ្វាយនោះ មិនបានបង់ថ្លៃបាបរបស់ពួកគេនោះទេ ប៉ុន្តែចង្អុលឆ្ពោះទៅយញ្ញបូជាដ៏ឧត្តមបំផុត ដែលព្រះជាម្ចាស់នឹងប្រទានឱ្យ។ ថ្ងៃណាមួយ ទ្រង់នឹងបញ្ជូនព្រះរាជបុត្រារបស់ទ្រង់គឺ ព្រះយេស៊ូវ ឱ្យយាងមកលើផែនដីនេះ ដើម្បីធ្វើជាយញ្ញបូជាលើកចុងក្រោយសម្រាប់បាបរបស់មនុស្សទាំងអស់។
ម៉ារា និងទេវតា

បួនពាន់ឆ្នាំក្រោយមក នៅក្នុងភូមិណាសារ៉ែត មានស្រីក្រមុំម្នាក់ដែលមានឈ្មោះថា ម៉ារា។ នាងបានភ្ជាប់ពាក្យនឹងរៀបការជាមួយលោក យ៉ូសែប។ ថ្ងៃមួយ មានទេវតាមួយអង្គបានបង្ហាញខ្លួននៅចំពោះនាង ហើយបានប្រាប់នាងថា នាងនឹងប្រសូតបានទារកចំបងជាពិសេសមួយ នាងត្រូវថ្វាយព្រះនាមថា៖ យេស៊ូវ។ ព្រះឱរសនេះនឹងមិនមានឪពុកជាមនុស្សលោកទេ។ ទ្រង់នឹងជាព្រះរាជបុត្រានៃព្រះជាម្ចាស់វិញ។
កំណើតរបស់ព្រះយេស៊ូវ

ក្រោយពេលទេវតាបានមកជួបលោកយ៉ូសែបនិងនាងម៉ារាហើយ ពួកគេក៏បានធ្វើដំណើរតាមផ្លូវវែងឆ្ងាយទៅកាន់ភូមិបេថ្លេហិម ដើម្បីបង់ពន្ធនានារបស់គេ។ នៅពេលពួកគេបានទៅដល់ភូមិបេថ្លេហិមហើយ ក៏មានមនុស្សជាច្រើននៅក្នុងក្រុង។ ពួកគេសម្រាកក្នុងក្រោលសត្វនាពេលយប់នោះ ពីព្រោះគ្មានបន្ទប់ទំនេរនៅផ្ទះសំណាក់ ព្រះយេស៊ូវបានប្រសូតនៅទីនោះ។ នាងម៉ារាបានរុំព្រះឱរសយេស៊ូវនឹងសំពត់ រួចដាក់ផ្ទំក្នុងស្នូកសត្វ។
ពួកគង្វាលចៀម

យប់នោះឯង នៅលើទួលមួយខាងក្រៅទីក្រុង មានពួកគង្វាលកំពុងយាមសត្វចៀមរបស់ពួកគេ។នោះមានទេវតាមួយអង្គបានបង្ហាញខ្លួន ហើយសិរីល្អរបស់ព្រះជាម្ចាស់ភ្លឺឆ្វាត់ជុំវិញគេ។ ទេវតាបានពោលទៅពួកគេថា៖ «កុំខ្លាចអី ខ្ញុំមានដំណឹងល្អដែលនាំអំណរយ៉ាងអស្ចារ្យដល់មនុស្សលោកទាំងអស់ នៅយប់នេះ មានព្រះសង្គ្រោះមួយអង្គបានប្រសូតហើយ ទ្រង់គឺជាព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ អ្នករាល់គ្នានឹងឃើញព្រះឱរសរុំនឹងសំពត់ ផ្តេកនៅក្នុងស្នូកសត្វ»។ បន្ទាប់មក មានពួកពលបរិវារទេវតាជាច្រើនបង្ហាញខ្លួនជាមួយនឹងទេវតានោះ ហើយក៏ពោលសរសើរដល់ព្រះថា៖ «សូមលើកតម្កើងសិរីល្អដល់ព្រះដែលគង់នៅស្ថានដ៏ខ្ពស់បំផុត ហើយនៅផែនដី សូមឱ្យបានប្រកបដោយសេចក្តីសុខសាន្ត ដល់អស់អ្នកដែលព្រះអង្គគាប់ព្រះហឫទ័យ!»។ ពេលដែលពួកទេវតាបានចេញទៅហើយ ពួកគង្វាលបានទុកចៀមរបស់គេ រួចទៅភូមិបេថ្លេហិមជាប្រញាប់។ ពួកគេបានឃើញព្រះឱរសដូចទេវតាបានប្រាប់នៅទីនោះ។
ពួកហោរា

ក្រោយពីព្រះយេស៊ូវបានប្រសូតហើយ នោះមានពួកហោរាដែលធ្វើដំណើរពីស្រុកដទៃទៅក្រុងយេរូសាឡិម ពួកគេសួរថា៖ «តើព្រះបុត្រាដែលប្រសូតមក ជាស្ដេចសាសន៍យូដា គង់នៅឯណា? យើងបានឃើញផ្កាយរបស់ព្រះអង្គពីទិសខាងកើត ហើយយើងចង់ថ្វាយបង្គំព្រះអង្គ»។ កាលព្រះបាទ ហេរ៉ូឌ បានឮដូច្នេះ ទ្រង់មិនសប្បាយចិត្តទេ ទ្រង់បានហៅពួកសង្គ្រាជ និងពួកគ្រូខាងក្រឹត្យវិន័យមកប្រជុំគ្នា។ ពួកគេបានទូលទ្រង់ថា ពួកហោរាបានទាយថា នឹងមានស្ដេចមួយអង្គប្រសូតនៅភូមិបេថ្លេហិម។ ព្រះបាទហេរ៉ូឌបានចាត់ពួកហោរាទាំងនោះឱ្យទៅបេថ្លេហិម ដើម្បីស៊ើបសួរពីស្ដេចនោះ។ កាលពួកហោរាបានចេញពីក្រុងយេរូសាឡិមហើយ ផ្កាយដែលគេបានឃើញពីទិសខាងកើត ក៏នាំមុខគេរហូតដល់ផ្ទះដែលពួកគេបានជួបព្រះឱរស យេស៊ូវ។ ពួកគេក៏ក្រាបថ្វាយបង្គំ ព្រមទាំងថ្វាយទ្រព្យដល់ទ្រង់ជា មាស កំញាន និងជ័រល្វីងទេស។ បន្ទាប់មក ពួកគេបានត្រឡប់ទៅស្រុករបស់ខ្លួនវិញ តាមផ្លូវមួយផ្សេងទៀត ដោយព្រោះព្រះបានមានបន្ទូលហាមពួកគេក្នុងសុបិន មិនឱ្យពួកគេត្រឡប់ទៅព្រះបាទ ហេរ៉ូឌ ជាស្ដេចអាក្រក់ឃោរឃៅវិញឡើយ។
មូលហេតុសម្រាប់អំណោយទានព្រះជាម្ចាស់
ព្រះយេស៊ូវគឺជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់។ ទ្រង់បានរស់នៅដោយគ្មានអំពើបាប ហើយគ្រប់លក្ខណ៍ក្នុងគ្រប់ទាំងផ្លូវរបស់ព្រះអង្គ។ ពេលទ្រង់មានព្រះជន្មសាមសិបឆ្នាំ ទ្រង់ចាប់ផ្ដើមបង្រៀនបណ្ដាជនអំពីព្រះជាម្ចាស់ ជាព្រះវរបិតារបស់ទ្រង់។ ទ្រង់បានធ្វើការអស្ចារ្យជាច្រើនដូចជា៖ ប្រោសមនុស្សខ្វាក់ភ្នែកឱ្យភ្លឺឡើងវិញ ប្រោសអ្នកជំងឺជាច្រើនឱ្យបានជា ថែមទាំងប្រោសមនុស្សស្លាប់ឱ្យរស់ឡើងវិញផងដែរ។ លើសពីកិច្ចការទាំងអស់នេះ ទ្រង់បានបង្រៀនពីរបៀបទទួលបានជីវិតអស់កល្បជានិច្ចនៅឯស្ថានសួគ៌។ បន្ទាប់មក ទ្រង់បានប្រគល់ព្រះជន្មរបស់ទ្រង់ជាយញ្ញបូជាសម្រាប់មនុស្សលោកទាំងមូលផង។
ព្រះគម្ពីរបរិសុទ្ធ នៅក្នុងកណ្ឌគម្ពីរ យ៉ូហាន ៣.១៦ បានចែងថា៖ «ដ្បិតព្រះស្រឡាញ់មនុស្សលោកជាខ្លាំង បានជាទ្រង់ប្រទានព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ដើម្បីឱ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឱ្យមានជីវិតអស់កល្បជានិច្ចវិញ។» ព្រះយេស៊ូវបានយាងមកលើផែនដីនេះ ដើម្បីសុគតនៅលើឈើឆ្កាង ធ្វើជាយញ្ញបូជាដ៏ឧត្តុង្គឧត្តម។ តាមរយៈការសុគតរបស់ទ្រង់ នោះថ្លៃលោះបាបគ្រប់ទាំងអស់ត្រូវបានបង់រួចហើយ គ្មានតម្រូវការថ្វាយយញ្ញបូជាដើម្បីលោះបាបទៀតទេ។ នេះគឺជាការបំពេញនូវសេចក្ដីសន្យារបស់ព្រះជាម្ចាស់ ថានឹងបញ្ជូនព្រះអង្គសង្គ្រោះឱ្យយាងមក។

ទោះបីព្រះយេស៊ូវត្រូវបានធ្វើគុតដោយមនុស្សអាក្រក់ក៏ដោយ ក៏សេចក្ដីស្លាប់គ្មានអំណាចលើទ្រង់សោះឡើយ។ បីថ្ងៃក្រោយមក ទ្រង់បានរស់ឡើងវិញដោយយកឈ្នះលើអំណាចនៃសេចក្ដីស្លាប់។ ក្រោយថ្ងៃដែលព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ក្នុងអំឡុងពេលនោះ មានមនុស្សជាច្រើនបានឃើញទ្រង់។ នៅថ្ងៃមួយ បន្ទាប់ពីបានប្រទានពរដល់ពួកអ្នកដើរតាម នោះទ្រង់ក៏បានយាងឡើងទៅស្ថានសួគ៌វិញ។
នៅពេលយើងជ្រើសរើសជឿ ហើយចុះចូលថ្វាយជីវិតរបស់យើងចំពោះព្រះយេស៊ូវ នោះព្រះលោហិតរបស់ទ្រង់ក៏សម្អាតយើងពីគ្រប់អំពើបាបទាំងអស់។ ពេលយើងទទួលយកនូវអំណោយទាននេះ គឺជាសេចក្ដីសង្គ្រោះ នោះយើងរួបរួមជាមួយនឹងព្រះវិញ។ ព្រះយេស៊ូវក្លាយជាព្រះអង្គសង្គ្រោះផ្ទាល់ខ្លួនរបស់យើង ហើយយើងអាចរីករាយទទួលព្រះពរក្នុងនាមជាកូនរបស់ទ្រង់! ថ្ងៃណាមួយ ព្រះយេស៊ូវនឹងយាងត្រឡប់មកវិញ។ ព្រះអង្គនឹងយកអ្នកជឿពិតប្រាកដទាំងអស់ទៅស្ថានសួគ៌ នៅទីនោះ ពួកគេនឹងរស់នៅជាមួយព្រះជាម្ចាស់អស់កល្បជានិច្ច ៕