តើអ្នកដឹងទេថា មានសៀវភៅបានពន្យល់ពីកំណើតនៃពិភពលោក? ឃ្លាដំបូងគឺ៖ «កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី»។ បន្ទាប់ពីឃ្លាខាងលើ សៀវភៅនេះក៏មានចែងបន្ថែមទៀត ពីរបៀបដែលពិភពលោកទាំងមូលត្រូវបានបង្កើតឡើង ហើយពីបុរស និងស្ត្រីដែលបានរស់នៅលើផែនដីមុនដំបូងបំផុត។ វាមិនត្រឹមតែប្រាប់យើងអំពីកំណើតដំបូងប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ប្រាប់យើងអំពីអ្វីដែលនឹងកើតឡើង បន្ទាប់ពីជីវិតនេះត្រូវបានបញ្ចប់ផងដែរ។ តាមរយៈសៀវភៅមួយក្បាលទាំងមូលនេះ យើងរកឃើញពីរបៀបដែលយើងគួររស់នៅ ដើម្បីត្រៀមខ្លួនសម្រាប់ជីវិតក្រោយពីសេចក្តីស្លាប់។
នេះគឺជាសៀវភៅដ៏យូរកាលមកហើយ ដែលមានអ្នកសរសេរប្រមាណជា៤០នាក់ផ្សេងគ្នា ក្នុងរយៈពេលប្រមាណជា១៥០០ឆ្នាំ។ ពួកគេបានកត់ត្រានូវអ្វីដែលព្រះជាម្ចាស់មានបន្ទូលប្រាប់ពួកគេ ព្រះជាម្ចាស់ក៏មានបន្ទូលអំពីព្រះអង្គទ្រង់ផ្ទាល់ ដល់អ្នកនិពន្ធទាំងនោះ។ អ្នកនិពន្ធសៀវភៅលោកុប្បត្តិ ដែលជាកណ្ឌទីមួយ បានចែងទុកអំពីការបង្កើត ហើយអំពីទឹកជំនន់ដែលគ្របដណ្តប់លើផែនដីទាំងមូល។ អ្នកនិពន្ធរូបនោះ ព្រមទាំងអ្នកនិពន្ធផ្សេងទៀត បានសរសេរអំពីប្រជារាស្រ្តដែលព្រះបានជ្រើសរើស និងរបៀបដែលទ្រង់បានដឹកនាំពួកគេអស់រយៈពេលជាច្រើនឆ្នាំ។ ព្រះបានបណ្តាលមនុស្សផ្សេងៗគ្នាឲ្យសរសេរនូវប្រវត្តិសាស្ត្រ កំណាព្យ ការថ្លែងទំនាយ និងអំពីការសន្យារបស់ព្រះជាម្ចាស់។ ពីព្រោះដោយសារតែការសរសេរនេះ ត្រូវបានបណ្តាលមកពីព្រះអង្គផ្ទាល់ ដូច្នេះ មិនមានឈ្មោះអ្នកណាម្នាក់នៅលើគម្របនោះទេ សៀវភៅនេះត្រូវបានគេហៅថា ព្រះគម្ពីរប៊ីប ឬក៏ ព្រះគម្ពីរបរិសុទ្ធ។
ព្រះគម្ពីរបរិសុទ្ធគឺជាសៀវភៅ ដែលបានចែកចាយយ៉ាងទូលំទូលាយជាងគេបំផុតក្នុងពិភពលោក។ ទោះបីជាមានពេលខ្លះមនុស្សមួយចំនួន បានព្យាយាមបំផ្លាញព្រះគម្ពីរបរិសុទ្ធនោះក៏ដោយ ប៉ុន្តែ ព្រះទ្រង់តែងតែថែរក្សាការពារទុកជានិច្ច «ព្រះបន្ទូលរបស់ព្រះអម្ចាស់ស្ថិតស្ថេរអស់កល្បជានិច្ច» (ពេត្រុសទី១ ១.២៥)។ ព្រះគម្ពីរបរិសុទ្ធត្រូវបានចងក្រងឡើងមាន៦៦កណ្ឌផ្សេងគ្នា វាត្រូវបានបែងចែកជាពីរផ្នែកគឺ គម្ពីរសញ្ញាចាស់ និងគម្ពីរសញ្ញាថ្មី។ គម្ពីរសញ្ញាចាស់ប្រាប់ពីប្រវត្តិសាស្ត្រនៃពិភពលោក និងមានចែងទុកនូវការសន្យារបស់ព្រះថានឹងបញ្ជូនព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវ មកលើផែនដីដើម្បីសង្គ្រោះយើងរាល់គ្នាឲ្យរួចពីអំពើបាប។ គម្ពីរសញ្ញាថ្មីប្រាប់យើងពីដំណើរដែលព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះជាម្ចាស់ បានយាងមកលើផែនដីដោយកត់ត្រាថា ព្រះយេស៊ូវបានប្រសូតជាទារកតូច។ ព្រឹត្តិការណ៍ជាច្រើនក្នុងជីវិតរបស់ព្រះយេស៊ូវត្រូវបានគេកត់ត្រា រួមទាំងការអស្ចារ្យជាច្រើនដែលទ្រង់បានធ្វើផងដែរ។ ព្រះគម្ពីរបរិសុទ្ធបង្ហាញយើងថា ព្រះយេស៊ូវជាគំរូដ៏ល្អឥតខ្ចោះដែលបានប្រទានមកដល់យើង ក្នុងគ្រប់ទាំងអស់។ ពេលព្រះយេស៊ូវបានមានព្រះបន្ទូល មនុស្សគ្រប់គ្នាក៏ស្ដាប់សេចក្តីបង្រៀនរបស់ទ្រង់ ហើយការបង្រៀនជាច្រើនទាំងប៉ុន្មាននោះ យើងក៏អាចអានក្នុងកណ្ឌគម្ពីរទាំងបួនដែលហៅថា កណ្ឌគម្ពីរដំណឹងល្អ។
ដំណឹងល្អតាមរយៈលោកយ៉ូហាន មានកត់ត្រាទុកនូវព្រះបន្ទូលរបស់ព្រះយេស៊ូវជាច្រើន។ ទ្រង់បានមានបន្ទូលទៅកាន់មនុស្សគ្រប់គ្នាថា ព្រះជាម្ចាស់ជាបិតារបស់ទ្រង់ ហើយក៏បង្រៀនថា ទ្រង់ស្រឡាញ់មនុស្សគ្រប់ជាតិសាសន៍ក្នុងពិភពលោក។ កណ្ឌគម្ពីរយ៉ូហាន ៣.១៦ បានចែងថា៖ «ដ្បិតព្រះស្រឡាញ់មនុស្សលោកជាខ្លាំង បានជាទ្រង់ប្រទានព្រះរាជបុត្រាតែមួយរបស់ព្រះអង្គ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»។ ព្រះគម្ពីរយ៉ូហានដដែល ក៏មានចែងពីការរងទុក្ខ និងការសុគតរបស់ព្រះយេស៊ូវដើម្បីសងថ្លៃអំពើបាបរបស់យើង ហើយថា ទ្រង់មានព្រះជន្មរស់ពីសេចក្ដីស្លាប់ឡើងវិញជារៀងរហូតអស់កល្បជានិច្ច។ ព្រះយេស៊ូវមានបន្ទូលថា មនុស្សគ្រប់គ្នាអាចទទួលការអត់ទោសពីអំពើបាបបាន ប្រសិនបើអ្នកនោះគ្រាន់តែជឿលើទ្រង់។ ពីព្រោះព្រះគម្ពីរយ៉ូហានកត់ត្រាទុកនូវព្រះបន្ទូលរបស់ព្រះយេស៊ូវជាច្រើន ហើយក៏ងាយយល់ផងដែរ វាជាកណ្ឌដំបូងមួយក្នុងចំណោមកណ្ឌគម្ពីរផ្សេងទៀត ដែលយើងគួរអាន។
តើអ្នកធ្លាប់ឆ្ងល់ទេថា តើនឹងមានរឿងអ្វីកើតឡើងបន្ទាប់ពីជីវិតត្រូវបានបញ្ចប់? ព្រះគម្ពីរបរិសុទ្ធបានចែងប្រាប់យើងថា ថ្ងៃណាមួយ ព្រះយេស៊ូវនឹងយាងមកម្តងទៀត ដើម្បីជំនុំជម្រះមនុស្សទាំងអស់ ហើយពីរបៀបត្រៀមខ្លួនសម្រាប់ថ្ងៃនោះ។ ព្រះយេស៊ូវមានបន្ទូលប្រាប់យើងថា ទ្រង់បានទៅរៀបចំទីលំនៅឯស្ថានសួគ៌ សម្រាប់អស់អ្នកណាដែលទទួលទ្រង់។
នៅក្នុងព្រះគម្ពីរបរិសុទ្ធ យើងរកឃើញចម្លើយចំពោះសំណួរដ៏ស្មុគស្មាញនៃជីវិតដូចជា៖ តើយើងមកពីណា? ហេតុអ្វីបានជាយើងនៅទីនេះ? តើយើងនឹងទៅឯណាក្រោយពីផុតជីវិត? សំណួរទាំងនេះ និងសំណួរជាច្រើនទៀតមានចម្លើយទាំងអស់នៅក្នុងព្រះគម្ពីរបរិសុទ្ធ។ ពេលយើងវង្វេងហើយខ្វះគោលដៅក្នុងជីវិត នោះយើងអាចស្វែងរកគោលបំណងជាថ្មីដោយការអានព្រះគម្ពីរបរិសុទ្ធ ពីព្រោះព្រះជាម្ចាស់មានបន្ទូលថា៖ «យើងនឹងបង្ហាត់បង្រៀនអ្នកឲ្យស្គាល់ផ្លូវ ដែលអ្នកត្រូវដើរ យើងនឹងទូន្មានអ្នក ទាំងភ្នែកយើងមើលអ្នកជាប់» (ទំនុកតម្កើង ៣២.៨)។ ពេលមនុស្សជាទីស្រឡាញ់របស់យើងលាចាកពីផែនដីនេះទៅ យើងអាចទទួលការកំសាន្តចិត្តដោយការអានព្រះគម្ពីរបរិសុទ្ធ ទ្រង់សន្ទនាជាមួយយើងតាមរយៈព្រះគម្ពីរបរិសុទ្ធនាពេលសព្វថ្ងៃនេះ។
ពេលខ្លះយើងអានសៀវភៅណាមួយហើយឆ្ងល់ថា តើវាពិតប្រាកដឬទេ ប៉ុន្តែយើងដឹងថា ព្រះគម្ពីរបរិសុទ្ធគឺពិតប្រាកដមែន ដោយសារតែជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានខគម្ពីររាប់រយដែលមានពាក្យទាំងនេះ៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា»។ ពាក្យទំនាយជាច្រើនត្រូវបានសរសេរចុះ ហើយក្រោយមក បានកើតឡើងដូចដែលបានទាយទុកនោះមែន។ ព្រះយេស៊ូវបានសន្យាថានឹងប្រទានសេចក្តីសុខសាន្ត និងអំណរដល់អស់អ្នកដែលមករកទ្រង់ មនុស្សជាច្រើនបានជួបប្រទះបទពិសោធន៍នេះ។ ដោយសារសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សលោក ទ្រង់បានប្រទានព្រះបន្ទូលរបស់ទ្រង់ដល់យើង ព្រះគម្ពីរបរិសុទ្ធនឹងមានបន្ទូលមកកាន់ដួងចិត្តរបស់យើងគ្រប់ៗគ្នា៕
សូមអានព្រះគម្ពីរបរិសុទ្ធនៅថ្ងៃនេះ!