តើអ្នកធ្លាប់បានក្រឡេកមើលជុំវិញខ្លួនហើយឆ្ងល់ថា តើអ្វីៗគ្រប់យ៉ាងបានចាប់ផ្តើមដោយរបៀបណា? គឺមានសត្វពាហនៈ សត្វស្លាប ដើមឈើ និង រុក្ខជាតិជាច្រើនប្រភេទនៅលើផែនដី។ តើរបស់ទាំងអស់នោះកើតចេញពីណា? តើរបស់ទាំងអស់នោះមានតាំងពីដើមមកឬ? ចុះចំណែកមនុស្ស? យើងក្រឡេកមើលមកសារពាង្គកាយយើងហើយមើលពីរបៀបដែលរាងកាយធ្វើចលនា យើងប្រើភ្នែកដើម្បីមើល ត្រចៀកដើម្បីស្តាប់ និងដៃជើងសម្រាប់ធ្វើការងារផ្សេងៗ និងទៅទីកន្លែងណាដែលយើងចង់ទៅ។ តើទាំងអស់នេះកើតឡើងតាំងតែពីដើមមក ឬក៏មានអ្នកណាម្នាក់បង្កើតមក?
ចម្លើយសម្រាប់សំនួរទាំងអស់នេះមាននៅក្នុងព្រះគម្ពីរបរិសុទ្ធ ដែលជាព្រះបន្ទូលព្រះ។ ព្រះគម្ពីរបានប្រាប់យើងពីការបង្កើតនៃពិភពលោក។ ខគម្ពីរដំបូងនៅក្នុងព្រះគម្ពីរបានចែងថា «កាលដើមដំបូងឡើយព្រះបានបង្កើតផ្ទៃមេឃនិងផែនដី» (លោកុប្បត្តិ ១:១) មុនដែលផែនដីបានបង្កើតមក គឺមានវត្តមានរបស់ព្រះរួចទៅហើយ។ ព្រះតែងតែមានវត្តមាន ទ្រង់គ្មានទីចាប់ផ្តើម និងគ្មានទីបញ្ចប់។នៅក្នុងជំពូកដំបូងនៃព្រះគម្ពីរលោកុប្បត្តិបានបង្រៀនយើងថា ព្រះបានបង្កើតពិភពលោកនិងរបស់សព្វសារពើក្នុងរយៈពេលប្រាំមួយថ្ងៃ។
នៅថ្ងៃទីមួយ ព្រះបានមានបន្ទូលថា «ចូរឱ្យមានពន្លឺឡើង» ដូច្នេះក៏មានពន្លឺឡើង។ ទ្រង់បានញែកពន្លឺចេញពីងងឹតហើយបានហៅថា ថ្ងៃនិងយប់។
នៅថ្ងៃទីពីរ ទ្រង់បានបង្កើតផ្ទៃមេឃ។
នៅថ្ងៃទីបី ទ្រង់បានញែកដីចេញពីទឹក ហើយបានហៅថាជាផែនដីនិងសមុទ្រ។ ទ្រង់បានបង្កើតស្មៅ រុក្ខជាតិ និងដើមឈើ ហើយបង្កើតឱ្យពួកវាបង្កើតគ្រាប់ពូជដើម្បីបណ្តុះរុក្ខជាតិនិងដើមឈើតាមពូជរបស់ពួកវា។
នៅថ្ងៃទីបួន ព្រះបានបង្កើតពន្លឺយ៉ាងធំពីរ។ ព្រះអាទិត្យគឺជាពន្លឺធំជាង ដើម្បីបំភ្លឺពេលថ្ងៃ និងព្រះច័ន្ទគឺជាពន្លឺតូចជាង ដើម្បីបំភ្លឺពេលយប់។ ដោយព្រោះពន្លឺទាំងពីរយើងមានថ្ងៃ ខែ ឆ្នាំ។ ទ្រង់ក៏បង្កើតផ្កាយទាំងអស់ផងដែរ។
នៅថ្ងៃទីប្រាំ ព្រះបានបង្កើតសត្វស្លាបនិងត្រីទាំងអស់។
នៅថ្ងៃទីប្រាំមួយ ព្រះបានបង្កើតសត្វពាហនៈ ដែលដើរនិងលូនវានៅលើផែនដី ហើយទ្រង់បង្កើតឱ្យពួកវាបង្កើតកូនទៅតាមពូជវានិមួយៗ ព្រោះទ្រង់បង្កើតរបៀបនេះ ដើម្បីឱ្យមានវដ្តជីវិត។ ចាស់ក៏ស្លាប់ទៅ ហើយមានកូនថ្មីកើតមកទៀត ដើម្បីមកបំពេញវិញ។
នៅថ្ងៃទីប្រាំមួយ ព្រះក៏បានបង្កើតមនុស្សឱ្យមានរូបដូចទ្រង់ សូនគាត់ចេញពីធូលីនៃផែនដី។ ទ្រង់ជ្រាបថា គាត់និងត្រូវការអ្នកណាម្នាក់ដើម្បីជាជំនួយគាត់ ដូច្នេះទ្រង់បានយកឆ្អឹងជំនីរមួយពីបុរសហើយ បង្កើតស្ត្រីម្នាក់។ ទ្រង់មានបន្ទូលប្រាប់ពួកគេទាំងពីរឱ្យបង្កើតកូនជាច្រើនឡើងពាសពេញលើផែនដី ហើយឱ្យមានអំណាចគ្រប់គ្រងលើរបស់សព្វសារពើទាំងអស់ដែលទ្រង់បានបង្កើត។
បន្ទាប់ពីទ្រង់បានបង្កើតរបស់សព្វសារពើមក ទ្រង់ទតឃើញទាំងអស់ថាល្អ។
ព្រះបានបង្កើតផែនដីជាទីលំនៅរបស់មនុស្ស ហើយមនុស្សគឺសម្រាប់គោរពថ្វាយបង្គំលើកដំកើងព្រះ។ ទ្រង់ក៏បានបង្កើតមនុស្សដើម្បីគ្រប់គ្រងនិងថែរក្សារបស់សព្វសារពើដែលទ្រង់បានបង្កើត។
ព្រះគម្ពីរបានចែងជាច្រើនទៀតពីប្រវត្តិនៃពិភពលោក និងមនុស្សជាច្រើនជំនាន់ទៀត តែនេះគឺជាកំណត់ត្រាពីអ្វីៗដែលបានចាប់ផ្តើមពីកាលដំបូងឡើយ។ ព្រះទ្រង់ស្រឡាញ់មនុស្សគ្មានអ្វីប្រៀបបាន ហើយទ្រង់បានបង្កើតរឿងអស្ចារ្យជាច្រើនទៀតដើម្បីឱ្យមនុស្សមានអំណរអរសប្បាយ។ ពរទារកទើបចាប់កំណើត មើលឃើញផ្កាស្រស់ស្អាត ឬមើលថ្ងៃរៀបលិចធ្វើឱ្យយើងគិតដល់ពីព្រះ ដែលទ្រង់ជាឪពុកនៃគ្រប់ទាំងអស់។ ទ្រង់ចង់ឱ្យអ្នកគោរពទ្រង់ក្នុងជីវិតអ្នក។ ទ្រង់មានអំណាចលើគ្រប់ទាំងអស់ ហើយទ្រង់ស្រឡាញ់អ្នក និងចង់ក្លាយជាព្រះសង្គ្រោះនិងជាមិត្តរបស់អ្នក។