សេចក្ដីសង្រ្គោះ

ការ​ប្រយុទ្ធ​ដ៏​ធំ​បំផុត​មួយ​ចំនួន​នៅ​ក្នុង​ជីវិត​ត្រូវ​បាន​តយុទ្ធ​នៅ​ក្នុង​ដួង​ចិត្ត។ មេ​ដឹក​នាំ​ជា​ច្រើន​ក្នុង​ប្រវត្តិសាស្ត្រ​មាន​បំណង​ចង់​ដណ្តើម​យក​ឈ្នះ​ប្រទេស​ដទៃ​ទៀត ហើយ​មាន​អ្នក​មាន​អំណាច​បែប​ផ្ដាច់ការ​ដែល​គាប​សង្កត់ និង​អ្នក​ដឹក​នាំ​ដែល​អាត្មានិយម​ខ្លះ​ថែម​ទាំង​រិះ​គិត​ពី​ការ​គ្រប់​គ្រង​ពិភពលោក​ទាំង​មូល។ មេ​ដឹក​នាំ​ទាំង​នោះ​បាន​បង្ខំ​ទាហាន​រាប់​ពាន់​នាក់​ឲ្យ​ចូល​ប្រយុទ្ធ ដោយសារ​តែ​បំណង​ប្រាថ្នា​ផ្ទាល់​ខ្លួន សម្រាប់​ដណ្ដើម​អំណាច ទ្រព្យ​សម្បត្តិ និង​កិត្តិនាម។ ការ​ប្រយុទ្ធ​ដែល​ត្រូវ​ប្រឈម​មុខ​គ្នា​រវាង​កងទ័ព​បាន​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់ និង​ការ​បាត់​បង់​ជីវិត​ជា​ច្រើន​ក្រៃ​លែង។ ពល​ទាហាន​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ ហើយ​ជីវិត​ជា​ច្រើន​ត្រូវ​បាន​បាត់​បង់​ដោយ​មិន​ចាំ​បាច់ ដោយសារ​តែ​គោលដៅ​អាត្មានិយម​របស់​មេ​ដឹក​នាំ​មួយ​ចំនួន។ ការ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង ក្នុង​ដួង​ចិត្ត​របស់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក​ដែល​បាន​ពលី​ជីវិត ហើយ​ការ​បរាជ័យ​ក៏​បាន​ធ្វើ​ឲ្យ​មេ​ដឹក​នាំ​ដែល​ចុះ​ចាញ់​បាត់​បង់​កងទ័ព​មាន​ការ​ឈឺ​ចាប់ និង​សោក​សៅ​ជា​ខ្លាំង។ មនុស្ស​សាមញ្ញ​គ្រប់​រូប​ត្រូវ​ជួប​ប្រទះ​នឹង​ការ​ប្រយុទ្ធ​ខាង​វិញ្ញាណ​ដ៏​ធំ​អស្ចារ្យ​នៅ​ក្នុង​ជីវិត។ ផល​វិបាក​នៃ​ការ​ប្រយុទ្ធ​ទាំង​នេះ​គឺ​មាន​ភាព​ធ្ងន់​ធ្ងរ និង​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង។ បរាជ័យ​ក្នុង​ការ​ប្រយុទ្ធ​ខាង​រូប​កាយ​អាច​នាំ​មក​នូវ​ភាព​អាម៉ាស់​ដល់​អ្នក​ដឹក​នាំ​នោះ ក្នុង​ពេល​គាត់​មាន​ជីវិត​រស់​នៅ ប៉ុន្តែ បរាជ័យ​ក្នុង​ការ​តយុទ្ធ​នៃ​ព្រលឹង​របស់​អ្នក​នឹង​នាំ​មក​នូវ​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​អស់​កល្ប​ជា​និច្ច។ តើ​អ្នក​ធ្លាប់​ពិចារណា​ពី​ផល​វិបាក​ដែល​ជៀស​មិន​រួច​ក្នុង​ជីវិត​អាត្មានិយម​ដែល​គ្មាន​ព្រះ​គ្រីស្ទ​ឬ​ទេ? តើ​អ្នក​នឹង​បរាជ័យ​ក្នុង​សមរភូមិ​ជីវិត? សង្រ្គាម​រវាង​ជីវិត និង​សេចក្តី​ស្លាប់? សង្រ្គាម​រវាង​ស្ថាន​សួគ៌ និង​ស្ថាន​នរក? ការ​ប្រយុទ្ធ​គ្នា​រវាង​ការ​លះ​បង់់​ខ្លួន​ឯង និង​ការ​ស្រឡាញ់​ខ្លួន​ឯង ព្រលឹង​វិញ្ញាណ​របស់​អ្នក និង​លោកីយ៍​ឬ​ទេ? ព្រះ‍យេ‍ស៊ូវ​មាន​បន្ទូល​ថា៖ «ដ្បិត​បើ​មនុស្ស​ម្នាក់​បាន​ពិភពលោក​ទាំង​មូល តែ​បាត់​បង់​ជីវិត តើ​នឹង​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ?» (ម៉ា‍កុស ៨.​៣៦)។ មិន​ថា​យើង​មាន​ទ្រព្យ​សម្បត្តិ​ជា​កម្មសិទ្ធ​ច្រើន ឬ​តិច​នៅ​ក្នុង​ពិភពលោក​នេះ​ទេ ប្រសិន​បើ​យើង​បាត់​បង់​ព្រលឹង​ខ្លួន ជោគ​វាសនា​ដ៏​អស់​កល្ប​ជា​និច្ច​របស់​យើង​នឹង​ត្រូវ​បាន​បោះ​ត្រា​រួច​ជា​ស្រេច នោះ​គឺ​ជា​សោកនាដកម្ម​ប្រាកដ​មែន! មនុស្ស​ជា​ច្រើន​មិន​ដឹង​ថា មាន​ការ​ប្រយុទ្ធ​ខាង​វិញ្ញាណ​ដ៏​ធំ​អស្ចារ្យ​មួយ​ដែល​ត្រូវ​ប្រយុទ្ធ​នោះ​ទេ។ ការ​យល់​ដឹង​របស់​ពួក​គេ​ត្រូវ​បាន​កំបាំង​ដោយសារ​អារក្ស​សាតាំង និង​លោកីយ៍ ហើយ​ពួក​គេ​កំពុង​ដេក​លង់​លក់​យ៉ាង​ច្បាស់​ជាក់​ស្ដែង ក្នុង​កំឡុង​ពេល​មាន​ការ​ប្រយុទ្ធ​នឹង​អំពើ​បាប។ ព្រះ​គម្ពីរ​ចែង​ថា៖ «អ្នក​ដែល​ដេក​លក់​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ក្រោក​ពី​ពួក​មនុស្ស​ស្លាប់​ឡើង នោះ​ព្រះ‍គ្រីស្ទ​នឹង​ចាំង​ពន្លឺ​មក​លើ​អ្នក» (អេ‍ភេ‍សូ‍រ ៥.១៤)។ សូម​អង្រួន​ច្រវាក់​របស់​សាតាំង និង​អំពើ​បាប​ឲ្យ​ដាច់។ សូម​បន្ដ​ការ​ប្រយុទ្ធ​នេះ​ដល់​ទី​បំផុត​ចុះ! អ្នក​មិន​អាច​គេច​ផុត​ពី​សេចក្ដី​ស្លាប់​តាម​បែប​ធម្មជាតិ​បាន​ទេ ប៉ុន្តែ អ្នក​អាច​គេច​ផុត​ពី​សេចក្ដី​ស្លាប់​ខាង​ព្រលឹង​វិញ្ញាណ​ជា​រៀង​រហូត។ ប្រសិន​បើ​អ្នក​ចុះ​ចាញ់​ការ​ប្រយុទ្ធ​ដើម្បី​សេចក្ដី​សង្គ្រោះ​សម្រាប់​ព្រលឹង​របស់​អ្នក នោះ​វា​នឹង​ក្លាយ​ជា​សេចក្ដី​វិនាស​ក្នុង​ស្ថាន​នរក និង​ទារុណកម្ម​ដ៏​អស់​កល្ប​ជា​និច្ច។

សេចក្តី​ស្រឡាញ់​គឺ​ជា​ពាក្យ​ដ៏​ពីរោះ ក្នុង​គ្រប់​ទាំង​ភាសា​នានា។ តើ​អ្វី​ដែល​ពាក្យ​ស្រឡាញ់​មាន តើ​ជា​ការ​ថ្នាក់​ថ្នម ការ​យក​ចិត្ត​ទុក​ដាក់ ភាព​កក់​ក្តៅ ភាព​សប្បុរស ការ​យោគ​យល់​គ្នា ការ​គាំពារ​គ្នា ឬ​ក៏​សេចក្ដី​ស្រឡាញ់​របស់​ម្តាយ​ចំពោះ​កូន​មែន​ទេ? សូម​លោក​អ្នក​ពិចារណា​វិញ តើ​ពាក្យ​ដ៏​ពីរោះ​នេះ​ពិត​ជា​មាន​ន័យ​ដូច​ម្ដេច? តើ​អ្នក​ចង់​ទទួល​បាន​សេចក្តី​ស្រឡាញ់​ឬ​ទេ? តើ​អ្នក​មាន​សេចក្តី​ស្រឡាញ់​ឬ​ទេ? ព្រះ‍ជា‍ម្ចាស់​ជា​តួ​នៃ​សេចក្តី​ស្រឡាញ់ ហើយ​សេចក្តី​ស្រឡាញ់​ទ្រង់​ដែល​នៅ​ជាប់​ក្នុង​ដួង​ចិត្ត​របស់​អ្នក អាច​ជួយ​អ្នក​ឲ្យ​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ ព្រះ​គឺ​ជា​ប្រភព​ដើម​ចម​នៃ​សេចក្តី​ស្រឡាញ់​ទាំង​អស់។ ព្រះ‍គម្ពីរ​យ៉ូហាន​ទី១ ៤.​១៦ មាន​ចែង​ថា៖ «យើង​បាន​ស្គាល់ ហើយ​ក៏​ជឿ​ចំពោះ​សេចក្ដី​ស្រឡាញ់ ដែល​ព្រះ‍អង្គ​មាន​សម្រាប់​យើង។ ព្រះ‍ទ្រង់​ជា​សេចក្ដី​ស្រឡាញ់ ហើយ​អ្នក​ណា​ដែល​ស្ថិត​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​ស្ថិត​នៅ​ជាប់​ក្នុង​ព្រះ ហើយ​ព្រះ​ក៏​ស្ថិត​នៅ​ជាប់​ក្នុង​អ្នក​នោះ​ដែរ»។ គ្មាន​នរណា​ម្នាក់​អាច​ស្វែង​រក ឬ​អាច​ទទួល​បាន​សេចក្តី​ស្រឡាញ់​ជោគ​ជ័យ​ពិត​ប្រាកដ​នោះ​ទេ លុះ​ត្រា​តែ​អ្នក​នោះ​ស្វែង​រក​តាម​រយៈ​ព្រះ‍ជា‍ម្ចាស់​ផ្ទាល់។ ផ្ទុយ​ពី​សេចក្តី​ស្រឡាញ់​មាន​ដូច​ជា៖ ការ​ស្អប់​ខ្ពើម ការ​មិន​ទុក​ចិត្ត ភាព​អាត្មានិយម ជម្លោះ និង​សង្គ្រាម។ យើង​គ្រាន់​តែ​គិត​ពិចារណា​ពី​ស្ថានភាព​ដែល​តែង​តែ​កើត​ឡើង​នៅ​លើ​ពិភពលោក និង​ក្នុង​ក្រុម​គ្រួសារ​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​ដឹង​ថា គឺ​ពិត​ជា​មាន​តម្រូវ​ការ​យ៉ាង​ខ្លាំង​ចំពោះ​សេចក្តី​ស្រឡាញ់។ ចុះ​ចំណែក​អ្នក​វិញ តើ​អ្នក​ទទួល​បាន​សេចក្តី​ស្រឡាញ់​ឬ​ទេ? តើ​អ្នក​មាន​អារម្មណ៍​ឈឺ​ចាប់ ភាព​ឯកោ គ្មាន​ភាព​ថ្នាក់​ថ្នម និង​គ្មាន​ភាព​កក់​ក្តៅ​ដែល​មិន​រសាយ ក្នុង​ដួង​ចិត្ត​របស់​អ្នក​ឬ​ទេ? តើ​ពេល​ខ្លះ​អ្នក​ធ្លាប់​គិត​ថា​គ្មាន​អ្នក​ណា​ម្នាក់​ពិត​ជា​ខ្វល់​ខ្វាយ​នឹង​អ្នក​មែន​ឬ? តើ​អ្នក​ចម្រើន​វ័យ​ធំ​ធាត់​ក្នុង​គ្រួសារ​ដែល​មាន​ឪពុក​ម្តាយ​មិន​ស្រឡាញ់​គ្នា ឬ​មិន​ស្រឡាញ់​កូនៗ​ឬ​ទេ? អារម្មណ៍​ទាំង​អស់​នេះ​គឺ​ធម្មតា​ទេ​ក្នុង​លោកីយ៍​សព្វ​ថ្ងៃ ដោយសារ​តែ​អត្តចរិត​គិត​តែ​ពី​ខ្លួន​ឯង​មុន​អ្នក​ដទៃ។ ការ​ឈឺ​ចាប់​ក្នុង​ដួង​ចិត្ត គឺ​ជា​លទ្ធផល​ដែល​មក​ពី​ការ​បណ្ដោយ​ខ្លួន ដើម្បី​ស្វែង​រក​ផល​ចំណេញ​តាម​ភាព​អត្មានិយមបែប​បុគ្គល។ សេចក្តី​ស្រឡាញ់​គឺ​មិន​មែន​ជា​ចំណង់​ដ៏​ស្រើប​ស្រាល​បំពេញ​តែ​តណ្ហា​របស់​ខ្លួន ដែល​ជា​រឿយៗ​នាំ​ឲ្យ​មនុស្ស​ឯ​ទៀត​ឈឺ​ចាប់​នោះ​ទេ។ ការ​នេះ​ដែល​មនុស្ស​ខ្លះ​ហៅ​ថា សេចក្តី​ស្រឡាញ់ ផ្ទុយ​មក​វិញ​វា​គឺ​ជា​ភាព​អាត្មានិយម ពីព្រោះ​វា​ជា​ការ​ស្វែង​រក​ភាព​ត្រេក​ត្រអាល​ផ្ទាល់​ខ្លួន។ សេចក្តី​ស្រឡាញ់​ដ៏​ពិត គឺ​មិន​លើក​តម្កើង​ខ្លួន ឬ​បំពេញ​តែ​ចិត្ត​ខ្លួន​ឯង​ទេ។ ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​ដែល​យើង​ជួប​ក្នុង​ជីវិត​មិន​មែន​មាន​ន័យ​ថា ព្រះ​មិន​ស្រឡាញ់​យើង​នោះ​ទេ។ ពេល​ខ្លះ ព្រះ‍ជា‍ម្ចាស់​អនុញ្ញាត​ឱ្យ​យើង​រង​ទុក្ខ​លំបាក សម្រាប់​ជា​ផល​ប្រយោជន៍​របស់​យើង។ ឪពុក​ម្ដាយ​ដែល​មាន​សេចក្តី​ស្រឡាញ់​ពិត គឺ​មិន​តែង​តែ​ផ្តល់​នូវ​អ្វីៗ​ដែល​កូន​ចង់​បាន​នោះ​ទេ ប៉ុន្តែ ហាម​ប្រាម​កូន​ដើម្បី​ជា​ប្រយោជន៍​របស់​គាត់​វិញ។ សេចក្តី​ស្រឡាញ់​ពិត​ជា​ការ​លះ​បង់​ផ្ទាល់​ខ្លួន ជា​ការ​ស្វែង​រក​ភាព​ល្អ​ប្រសើរ​សម្រាប់​អ្នក​ដ៏ទៃ ហើយ​តែង​តែ​ផ្តល់​ភាព​កក់​ក្តៅ ការ​អាណិត​អាសូរ និង​ភាព​សប្បុរស។ ប្រសិន​បើ​យើង​ស្រឡាញ់​ពិត យើង​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ផាសុកភាព​ដល់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង នា​ពេល​បច្ចុប្បន្ន និង​អនាគត​ផង​ដែរ។ ស្វាមី ឬ​ឪពុក​ដែល​មាន​ក្ដី​ស្រឡាញ់​នឹង​បង្ហាញ​ការ​ថ្នាក់​ថ្នម​ដល់​ប្រពន្ធ និង​កូនៗ​របស់​គាត់។ គាត់​ពេញ​ចិត្ត​នឹង​ផ្ដល់​ឲ្យ ហើយ​លះ​បង់​ពី​ខ្លួន​គាត់ ដើម្បី​បង្កើត​បរិយាកាស​នៃ​សេចក្តី​ស្រឡាញ់ និង​សុភមង្គល​សម្រាប់​ក្រុម​គ្រួសារ​របស់​គាត់។ ភរិយា ឬ​ម្តាយ​ដែល​មាន​ក្ដី​ស្រឡាញ់​ពិត​នឹង​ផ្ដល់​តម្លៃ​ដល់​ស្វាមី ព្រម​ទាំង​អប់រំ​កូនៗ​របស់​ខ្លួន​ឲ្យ​មាន​ការ​គោរព និង​មាន​ក្តី​ស្រឡាញ់​ចំពោះ​ឪពុក​ម្តាយ​និង​បង​ប្អូន។ គាត់​ពេញ​ចិត្ត​នឹង​ផ្តល់​បរិយាកាស​សុវត្ថិភាព និង​សេចក្ដី​សុខ​ស្ងប់​ស្ងាត់ សម្រាប់​ក្រុម​គ្រួសារ​របស់​គាត់។ ព្រះ‍យេ‍ស៊ូវ​គ្រីស្ទ​ដែល​គ្មាន​ទោស​សោះ​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​ជា​គំរូ ដោយ​ការ​សុគត​របស់​ទ្រង់​នៅ​លើ​ឈើ​ឆ្កាង។