ការប្រយុទ្ធដ៏ធំបំផុតមួយចំនួននៅក្នុងជីវិតត្រូវបានតយុទ្ធនៅក្នុងដួងចិត្ត។
មេដឹកនាំជាច្រើនក្នុងប្រវត្តិសាស្ត្រមានបំណងចង់ដណ្តើមយកឈ្នះប្រទេសដទៃទៀត ហើយមានអ្នកមានអំណាចបែបផ្ដាច់ការដែលគាបសង្កត់ និងអ្នកដឹកនាំដែលអាត្មានិយមខ្លះថែមទាំងរិះគិតពីការគ្រប់គ្រងពិភពលោកទាំងមូល។ មេដឹកនាំទាំងនោះបានបង្ខំទាហានរាប់ពាន់នាក់ឲ្យចូលប្រយុទ្ធ ដោយសារតែបំណងប្រាថ្នាផ្ទាល់ខ្លួន សម្រាប់ដណ្ដើមអំណាច ទ្រព្យសម្បត្តិ និងកិត្តិនាម។
ការប្រយុទ្ធដែលត្រូវប្រឈមមុខគ្នារវាងកងទ័ពបានបណ្ដាលឲ្យមានការឈឺចាប់ និងការបាត់បង់ជីវិតជាច្រើនក្រៃលែង។ ពលទាហានបានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយជីវិតជាច្រើនត្រូវបានបាត់បង់ដោយមិនចាំបាច់ ដោយសារតែគោលដៅអាត្មានិយមរបស់មេដឹកនាំមួយចំនួន។ ការនេះបានធ្វើឲ្យមានការឈឺចាប់យ៉ាងខ្លាំង ក្នុងដួងចិត្តរបស់មនុស្សជាទីស្រឡាញ់របស់អ្នកដែលបានពលីជីវិត ហើយការបរាជ័យក៏បានធ្វើឲ្យមេដឹកនាំដែលចុះចាញ់បាត់បង់កងទ័ពមានការឈឺចាប់ និងសោកសៅជាខ្លាំង។
សមរភូមិខាងវិញ្ញាណ
មនុស្សសាមញ្ញគ្រប់រូបត្រូវជួបប្រទះនឹងការប្រយុទ្ធខាងវិញ្ញាណដ៏ធំអស្ចារ្យនៅក្នុងជីវិត។ ផលវិបាកនៃការប្រយុទ្ធទាំងនេះគឺមានភាពធ្ងន់ធ្ងរ និងមានសារៈសំខាន់យ៉ាងខ្លាំង។ បរាជ័យក្នុងការប្រយុទ្ធខាងរូបកាយអាចនាំមកនូវភាពអាម៉ាស់ដល់អ្នកដឹកនាំនោះ ក្នុងពេលគាត់មានជីវិតរស់នៅ ប៉ុន្តែ បរាជ័យក្នុងការតយុទ្ធនៃព្រលឹងរបស់អ្នកនឹងនាំមកនូវការឈឺចាប់យ៉ាងខ្លាំងអស់កល្បជានិច្ច។ តើអ្នកធ្លាប់ពិចារណាពីផលវិបាកដែលជៀសមិនរួចក្នុងជីវិតអាត្មានិយមដែលគ្មានព្រះគ្រីស្ទឬទេ? តើអ្នកនឹងបរាជ័យក្នុងសមរភូមិជីវិត? សង្រ្គាមរវាងជីវិត និងសេចក្តីស្លាប់? សង្រ្គាមរវាងស្ថានសួគ៌ និងស្ថាននរក? ការប្រយុទ្ធគ្នារវាងការលះបង់់ខ្លួនឯង និងការស្រឡាញ់ខ្លួនឯង ព្រលឹងវិញ្ញាណរបស់អ្នក និងលោកីយ៍ឬទេ? ព្រះយេស៊ូវមានបន្ទូលថា៖ «ដ្បិតបើមនុស្សម្នាក់បានពិភពលោកទាំងមូល តែបាត់បង់ជីវិត តើនឹងមានប្រយោជន៍អ្វីដល់អ្នកនោះ?» (ម៉ាកុស ៨.៣៦)។
មិនថាយើងមានទ្រព្យសម្បត្តិជាកម្មសិទ្ធច្រើន ឬតិចនៅក្នុងពិភពលោកនេះទេ ប្រសិនបើយើងបាត់បង់ព្រលឹងខ្លួន ជោគវាសនាដ៏អស់កល្បជានិច្ចរបស់យើងនឹងត្រូវបានបោះត្រារួចជាស្រេច នោះគឺជាសោកនាដកម្មប្រាកដមែន! មនុស្សជាច្រើនមិនដឹងថា មានការប្រយុទ្ធខាងវិញ្ញាណដ៏ធំអស្ចារ្យមួយដែលត្រូវប្រយុទ្ធនោះទេ។ ការយល់ដឹងរបស់ពួកគេត្រូវបានកំបាំងដោយសារអារក្សសាតាំង និងលោកីយ៍ ហើយពួកគេកំពុងដេកលង់លក់យ៉ាងច្បាស់ជាក់ស្ដែង ក្នុងកំឡុងពេលមានការប្រយុទ្ធនឹងអំពើបាប។ ព្រះគម្ពីរចែងថា៖ «អ្នកដែលដេកលក់អើយ ចូរភ្ញាក់ឡើង ចូរក្រោកពីពួកមនុស្សស្លាប់ឡើង នោះព្រះគ្រីស្ទនឹងចាំងពន្លឺមកលើអ្នក» (អេភេសូរ ៥.១៤)។ សូមអង្រួនច្រវាក់របស់សាតាំង និងអំពើបាបឲ្យដាច់។ សូមបន្ដការប្រយុទ្ធនេះដល់ទីបំផុតចុះ! អ្នកមិនអាចគេចផុតពីសេចក្ដីស្លាប់តាមបែបធម្មជាតិបានទេ ប៉ុន្តែ អ្នកអាចគេចផុតពីសេចក្ដីស្លាប់ខាងព្រលឹងវិញ្ញាណជារៀងរហូត។ ប្រសិនបើអ្នកចុះចាញ់ការប្រយុទ្ធដើម្បីសេចក្ដីសង្គ្រោះសម្រាប់ព្រលឹងរបស់អ្នក នោះវានឹងក្លាយជាសេចក្ដីវិនាសក្នុងស្ថាននរក និងទារុណកម្មដ៏អស់កល្បជានិច្ច។
ជម្រើស
តើអ្នកធ្លាប់គិតពិចារណាថា គឺអាចមានតែមួយពព្រិចភ្នែករវាងជីវិត និងសេចក្តីស្លាប់ឬទេ? តើអ្នកបានត្រៀមខ្លួនជាស្រេច ដើម្បីឆ្លងកាត់ខ្សែរបន្ទាត់ពេលវេលាទៅកាន់ភាពអស់កល្បជានិច្ចហើយឬនៅ? ដើម្បីទទួលបានជ័យជម្នះដែលនឹងនាំអ្នកទៅកាន់ទីលំនៅឯស្ថានសួគ៌ នោះអ្នកត្រូវតែមករកសេចក្ដីសង្គ្រោះតាមរយៈព្រះយេស៊ូវ។ «ឥឡូវនេះព្រះអង្គបង្គាប់មនុស្សទាំងអស់ នៅគ្រប់ទីកន្លែងឲ្យប្រែចិត្តវិញ» (កិច្ចការ ១៧.៣០)។ គឺឥឡូវនេះ! មិនមែនថ្ងៃស្អែក ឬរដូវដែលងាយស្រួលផ្សេងទៀតទេ។ «គឺឥឡូវនេះហើយ! មើល៍ ថ្ងៃដែលព្រះសង្គ្រោះ គឺឥឡូវនេះហើយ!» (កូរិនថូសទី២ ៦.២)។ ប្រសិនបើអ្នកគ្មានព្រះគ្រីស្ទនៅក្នុងដួងចិត្ត អតីតកាលរបស់អ្នកតែងតែថ្កោលទោសអ្នក ហើយបើអ្នកមិនទាន់បានពិសោធការកើតជាថ្មីនៅឡើយ (យ៉ូហាន ៣.៣) សូមកុំបង្អង់! សូមប្រែចិត្ត ហើយមករកព្រះយេស៊ូវក្នុងភាពជាអ្នក នៅពេលដែលទ្រង់កំពុងត្រាស់ហៅអ្នក។ ទ្រង់មានបន្ទូលថា៖ «បើអ្នកណាឮសំឡេងយើង ហើយបើកទ្វារឲ្យ នោះយើងនឹងចូលទៅក្នុងផ្ទះអ្នកនោះ» (វិវរណៈ ៣.២០)។ អ្នកអាចឆ្ងល់ថា “តើមនុស្សមានបាប ពិតជាអាចសង្រ្គោះបានឬទេ?” ពិតជាបាន! សូមមករកព្រះយេស៊ូវគ្រីស្ទដោយសេចក្តីជំនឿអស់ពីដួងចិត្តរបស់អ្នក ហើយទទួលយកទ្រង់ជាព្រះអង្គសង្គ្រោះផ្ទាល់ខ្លួនរបស់អ្នក ដោយប្រែចិត្តពីអំពើបាប ហើយគោរពតាមសំឡេងនៃព្រះវិញ្ញាណបរិសុទ្ធ។ នោះអ្នកនឹងឈ្នះការប្រយុទ្ធសម្រាប់ព្រលឹងវិញ្ញាណរបស់អ្នក។ អ្នកនឹងមិនត្រឹមតែរីករាយក្នុងភាពសុខសាន្ត ព្រមទាំងមានអំណរក្នុងជីវិតនេះប៉ុណ្ណោះទេ ប៉ុន្តែ ក៏នឹងមានសុភមង្គល និងសិរីល្អជាមួយព្រះអង្គសង្គ្រោះរបស់អ្នក ក្នុងភាពអស់កល្បជានិច្ច។ រាប់ពាន់ឆ្នាំមុន ព្យាការីអេសេគាលបានថ្លែងថា៖ «តែមនុស្សទុច្ចរិត បើបែរចេញពីអស់ទាំងអំពើបាបដែលខ្លួនបានប្រព្រឹត្ត...ព្រមទាំងប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ ហើយទៀងត្រង់វិញ អ្នកនោះនឹងមានជីវិតរស់នៅ» (អេសេគាល ១៨.២១)។
ប្រសិនបើអ្នកចង់រីករាយត្រេកត្រអាលនឹងលោកីយ៍ដែលមានបាបនេះ អ្នកនឹងដឹងខ្លួនថា អ្នកទទួលភាពបរាជ័យនៅទីបញ្ចប់ ដូចមេដឹកនាំដែលស្រេកឃ្លានអំណាចជាច្រើនក្នុងប្រវត្តិសាស្ត្រ អ្នកនឹងដូចជាមនុស្សលង់ទឹកដែលគ្មានអ្នកជួយសង្គ្រោះ ហើយអ្នកនឹងត្រូវវិនាស។ កុំបង្អង់យូរឡើយ សូមទទួលយកព្រះយេស៊ូវគ្រីស្ទដែលជាអ្នកជួយសង្គ្រោះជីវិតដ៏អស្ចារ្យ ទ្រង់នឹងសង្រ្គោះអ្នក បន្ទាប់មក ចំពោះសមរភូមិចុងក្រោយ នោះអ្នកនឹងនិយាយជាមួយសាវកប៉ុលថា៖ «អរព្រះគុណដល់ព្រះ ដែលទ្រង់ប្រទានឲ្យយើងមានជ័យជម្នះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង» (កូរិនថូសទី១ ១៥.៥៧)។
សាវកប៉ុលបានសរសេរអំពីការប្រយុទ្ធខាងព្រលឹងវិញ្ញាណនេះ ថាជាការប្រយុទ្ធដ៏ល្អ។ គាត់មានប្រសាសន៍ថា៖ «ចូរតយុទ្ធឲ្យបានល្អខាងជំនឿ ចូរចាប់ជីវិតអស់កល្បជានិច្ចឲ្យជាប់» (ធីម៉ូថេទី១ ៦.១២)។ ព្រះសព្វព្រះហឫទ័យយ៉ាងខ្លាំងចំពោះការប្រយុទ្ធដោយសេចក្តីជំនឿនេះ ហើយទ្រង់មានអំណរក្នុងការប្រទានរង្វាន់ដល់អ្នកដែលជឿទ្រង់។ ជ័យជម្នះសម្រាប់ជីវិតអស់កល្បជានិច្ចនេះ គឺស្ថិតនៅក្នុងការរក្សាសេចក្ដីជំនឿរបស់បុគ្គលម្នាក់ៗរៀងខ្លួន។
បងប្អូនជាទីស្រឡាញ់អើយ បងប្អូនមានជម្រើសរវាងជ័យជម្នះ ឬបរាជ័យ ស្ថានសួគ៌ ឬស្ថាននរក ព្រះដ៏រស់ ឬអារក្សសាតាំង សិរីរុងរឿងពោរពេញដោយអំណរដ៏អស់កល្បជានិច្ច ឬការទទួលរងទុក្ខវេទនាដោយសារទារុណកម្មអស់កល្បជានិច្ច។ «ខ្ញុំបានដាក់ជីវិត និងសេចក្ដីស្លាប់ ហើយព្រះពរ និងបណ្ដាសា នៅមុខអ្នករាល់គ្នា។ ដូច្នេះ ចូរជ្រើសរើសយកជីវិតចុះ» (ចោទិយកថា ៣០.១៩)។
សូមជ្រើសរើសទទួលយកព្រះយេស៊ូវនៅថ្ងៃនេះ!៕