តើអ្នកធ្លាប់បានក្រឡេកមើលជុំវិញខ្លួនហើយឆ្ងល់ថា តើអ្វីៗគ្រប់យ៉ាងបានចាប់ផ្តើមដោយរបៀបណា? គឺមានសត្វពាហនៈ សត្វស្លាប ដើមឈើ និងរុក្ខជាតិជាច្រើនប្រភេទនៅលើផែនដី។ តើរបស់ទាំងអស់នោះកើតចេញពីណា? តើរបស់ទាំងអស់នោះមានតាំងពីដើមមកឬ? ចុះចំណែកមនុស្ស? យើងក្រឡេកមើលមកសារពាង្គកាយយើង ហើយមើលពីរបៀបដែលរាងកាយធ្វើចលនា យើងប្រើភ្នែកដើម្បីមើល ត្រចៀកដើម្បីស្តាប់ និងដៃជើងសម្រាប់ធ្វើការងារផ្សេងៗ និងទៅទីកន្លែងណាដែលយើងចង់ទៅ។ តើទាំងអស់នេះកើតឡើងតាំងតែពីដើមមក ឬក៏មានអ្នកណាម្នាក់បង្កើតមក?
ចម្លើយសម្រាប់សំនួរទាំងអស់នេះមាននៅក្នុងព្រះគម្ពីរបរិសុទ្ធ ដែលជាព្រះបន្ទូលព្រះ។ ព្រះគម្ពីរបានប្រាប់យើងពីការបង្កើតនៃពិភពលោក ខគម្ពីរដំបូងនៅក្នុងព្រះគម្ពីរបានចែងថា៖ «កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេយ និងផែនដី» (លោកុប្បត្តិ ១.១)។ មុនដែលផែនដីបានបង្កើតមក គឺមានវត្តមានរបស់ព្រះរួចទៅហើយ។ ព្រះតែងតែមានវត្តមាន ទ្រង់គ្មានទីចាប់ផ្តើម និងគ្មានទីបញ្ចប់។ នៅក្នុងជំពូកដំបូងនៃព្រះគម្ពីរលោកុប្បត្តិ បានបង្រៀនយើងថា ព្រះបានបង្កើតពិភពលោក និងរបស់សព្វសារពើក្នុងរយៈពេលប្រាំមួយថ្ងៃ។
នៅថ្ងៃទីមួយ ព្រះបានមានបន្ទូលថា៖ «ចូរឲ្យមានពន្លឺ» ដូច្នេះ ក៏មានពន្លឺឡើង។ ទ្រង់បានញែកពន្លឺចេញពីភាពងងឹត ហើយបានហៅថា “ថ្ងៃ” និង “យប់”។
នៅថ្ងៃទីពីរ ទ្រង់បានបង្កើតផ្ទៃមេឃ។
នៅថ្ងៃទីបី ទ្រង់បានញែកដីចេញពីទឹក ហើយបានហៅថាជា “ផែនដី” និង “សមុទ្រ”។ ទ្រង់បានបង្កើតស្មៅ រុក្ខជាតិ និងដើមឈើ ហើយបង្កើតឲ្យពួកវាបង្កើតគ្រាប់ពូជដើម្បីបណ្តុះរុក្ខជាតិ និងដើមឈើតាមពូជរបស់ពួកវា។
នៅថ្ងៃទីបួន ព្រះបានបង្កើតតួពន្លឺយ៉ាងធំ២។ ព្រះអាទិត្យគឺជាពន្លឺធំជាងដើម្បីបំភ្លឺពេលថ្ងៃ និងព្រះច័ន្ទគឺជាពន្លឺតូចជាងដើម្បីបំភ្លឺពេលយប់ ដោយព្រោះពន្លឺទាំង២យើងមានថ្ងៃ ខែ និងឆ្នាំ។ ទ្រង់ក៏បង្កើតផ្កាយទាំងអស់ផងដែរ។
នៅថ្ងៃទីប្រាំ ព្រះបានបង្កើតសត្វស្លាប និងត្រីទាំងអស់។
នៅថ្ងៃទីប្រាំមួយ ព្រះបានបង្កើតសត្វពាហនៈដែលដើរ និងលូនវារនៅលើផែនដី ហើយទ្រង់បង្កើតឲ្យពួកវាបង្កើតកូនទៅតាមពូជវានិមួយៗ។ ព្រោះទ្រង់បង្កើតរបៀបនេះ ដើម្បីឲ្យមានវដ្តជីវិត ចាស់ក៏ស្លាប់ទៅ ហើយមានកូនថ្មីកើតមកទៀតដើម្បីមកបំពេញវិញ។
នៅថ្ងៃទីប្រាំមួយ ព្រះក៏បានបង្កើតមនុស្សឲ្យមានរូបដូចអង្គទ្រង់ សូនគាត់ចេញពីធូលីនៃផែនដី។ ទ្រង់ជ្រាបថា គាត់នឹងត្រូវការអ្នកណាម្នាក់ដើម្បីជាជំនួយគាត់ ដូច្នេះ ទ្រង់បានយកឆ្អឹងជំនីរមួយពីបុរស ហើយបង្កើតស្ត្រីម្នាក់។ ទ្រង់មានបន្ទូលប្រាប់ពួកគេទាំង២ឲ្យបង្កើតកូនជាច្រើនឡើងពាសពេញលើផែនដី ហើយឲ្យមានអំណាចគ្រប់គ្រងលើរបស់សព្វសារពើទាំងអស់ដែលទ្រង់បានបង្កើត។
បន្ទាប់ពីទ្រង់បានបង្កើតរបស់សព្វសារពើមក ទ្រង់ទតឃើញទាំងអស់ថាល្អ។
ព្រះបានបង្កើតផែនដីជាទីលំនៅរបស់មនុស្ស ហើយមនុស្សគឺសម្រាប់គោរពថ្វាយបង្គំលើកតម្កើងព្រះ។ ទ្រង់ក៏បានបង្កើតមនុស្សដើម្បីគ្រប់គ្រង និងថែរក្សារបស់សព្វសារពើដែលទ្រង់បានបង្កើត។
ព្រះគម្ពីរបានចែងជាច្រើនទៀតពីប្រវត្តិនៃពិភពលោក និងមនុស្សជាច្រើនជំនាន់ទៀត តែនេះគឺជាកំណត់ត្រាពីអ្វីៗដែលបានចាប់ផ្តើមពីកាលដំបូងឡើង។ ព្រះទ្រង់ស្រឡាញ់មនុស្សដែលគ្មានអ្វីប្រៀបបាន ហើយទ្រងបានបង្កើតរឿងអស្ចារ្យជាច្រើនទៀត ដើម្បីឲ្យមនុស្សមានអំណរអរសប្បាយ។ ពរទារកទើបចាប់កំណើត មើលឃើញផ្កាដ៏ស្រស់ស្អាត ឬមើលថ្ងៃរៀបលិច ធ្វើឲ្យយើងគិតដល់ព្រះ ដែលទ្រង់ជាឪពុកនៃគ្រប់ទាំងអស់។ ព្រះចង់ឲ្យអ្នកគោរពទ្រង់ក្នុងជីវិតអ្នក។ ទ្រង់មានអំណាចលើគ្រប់ទាំងអស់
ហើយទ្រង់ស្រឡាញ់អ្នក និងចង់ក្លាយជាព្រះសង្គ្រោះនិងជាមិត្តរបស់អ្នក។