សេចក្តីស្រឡាញ់គឺជាពាក្យដ៏ពីរោះ ក្នុងគ្រប់ទាំងភាសានានា។ តើអ្វីដែលពាក្យស្រឡាញ់មាន តើជាការថ្នាក់ថ្នម ការយកចិត្តទុកដាក់ ភាពកក់ក្តៅ ភាពសប្បុរស ការយោគយល់គ្នា ការគាំពារគ្នា ឬក៏សេចក្ដីស្រឡាញ់របស់ម្តាយចំពោះកូនមែនទេ? សូមលោកអ្នកពិចារណាវិញ តើពាក្យដ៏ពីរោះនេះពិតជាមានន័យដូចម្ដេច? តើអ្នកចង់ទទួលបានសេចក្តីស្រឡាញ់ឬទេ? តើអ្នកមានសេចក្តីស្រឡាញ់ឬទេ?
ព្រះជាម្ចាស់ជាតួនៃសេចក្តីស្រឡាញ់ ហើយសេចក្តីស្រឡាញ់ទ្រង់ដែលនៅជាប់ក្នុងដួងចិត្តរបស់អ្នក អាចជួយអ្នកឲ្យចេះស្រឡាញ់គ្នាទៅវិញទៅមក។ ព្រះគឺជាប្រភពដើមចមនៃសេចក្តីស្រឡាញ់ទាំងអស់។ ព្រះគម្ពីរយ៉ូហានទី១ ៤.១៦ មានចែងថា៖ «យើងបានស្គាល់ ហើយក៏ជឿចំពោះសេចក្ដីស្រឡាញ់ ដែលព្រះអង្គមានសម្រាប់យើង។ ព្រះទ្រង់ជាសេចក្ដីស្រឡាញ់ ហើយអ្នកណាដែលស្ថិតនៅជាប់ក្នុងសេចក្ដីស្រឡាញ់ អ្នកនោះស្ថិតនៅជាប់ក្នុងព្រះ ហើយព្រះក៏ស្ថិតនៅជាប់ក្នុងអ្នកនោះដែរ»។ គ្មាននរណាម្នាក់អាចស្វែងរក ឬអាចទទួលបានសេចក្តីស្រឡាញ់ជោគជ័យពិតប្រាកដនោះទេ លុះត្រាតែអ្នកនោះស្វែងរកតាមរយៈព្រះជាម្ចាស់ផ្ទាល់។
ផ្ទុយពីសេចក្តីស្រឡាញ់មានដូចជា៖ ការស្អប់ខ្ពើម ការមិនទុកចិត្ត ភាពអាត្មានិយម ជម្លោះ និងសង្គ្រាម។ យើងគ្រាន់តែគិតពិចារណាពីស្ថានភាពដែលតែងតែកើតឡើងនៅលើពិភពលោក និងក្នុងក្រុមគ្រួសារជាច្រើនសព្វថ្ងៃនេះ ដើម្បីឲ្យដឹងថា គឺពិតជាមានតម្រូវការយ៉ាងខ្លាំងចំពោះសេចក្តីស្រឡាញ់។
ចុះចំណែកអ្នកវិញ តើអ្នកទទួលបានសេចក្តីស្រឡាញ់ឬទេ? តើអ្នកមានអារម្មណ៍ឈឺចាប់ ភាពឯកោ គ្មានភាពថ្នាក់ថ្នម និងគ្មានភាពកក់ក្តៅដែលមិនរសាយ ក្នុងដួងចិត្តរបស់អ្នកឬទេ? តើពេលខ្លះអ្នកធ្លាប់គិតថាគ្មានអ្នកណាម្នាក់ពិតជាខ្វល់ខ្វាយនឹងអ្នកមែនឬ? តើអ្នកចម្រើនវ័យធំធាត់ក្នុងគ្រួសារដែលមានឪពុកម្តាយមិនស្រឡាញ់គ្នា ឬមិនស្រឡាញ់កូនៗឬទេ? អារម្មណ៍ទាំងអស់នេះគឺធម្មតាទេក្នុងលោកីយ៍សព្វថ្ងៃ ដោយសារតែអត្តចរិតគិតតែពីខ្លួនឯងមុនអ្នកដទៃ។ ការឈឺចាប់ក្នុងដួងចិត្ត គឺជាលទ្ធផលដែលមកពីការបណ្ដោយខ្លួន ដើម្បីស្វែងរកផលចំណេញតាមភាពអត្មានិយមបែបបុគ្គល។
សេចក្តីស្រឡាញ់គឺមិនមែនជាចំណង់ដ៏ស្រើបស្រាលបំពេញតែតណ្ហារបស់ខ្លួន ដែលជារឿយៗនាំឲ្យមនុស្សឯទៀតឈឺចាប់នោះទេ។ ការនេះដែលមនុស្សខ្លះហៅថា សេចក្តីស្រឡាញ់ ផ្ទុយមកវិញវាគឺជាភាពអាត្មានិយម ពីព្រោះវាជាការស្វែងរកភាពត្រេកត្រអាលផ្ទាល់ខ្លួន។ សេចក្តីស្រឡាញ់ដ៏ពិត គឺមិនលើកតម្កើងខ្លួន ឬបំពេញតែចិត្តខ្លួនឯងទេ។
ទុក្ខលំបាកទាំងប៉ុន្មានដែលយើងជួបក្នុងជីវិតមិនមែនមានន័យថា ព្រះមិនស្រឡាញ់យើងនោះទេ។ ពេលខ្លះ ព្រះជាម្ចាស់អនុញ្ញាតឱ្យយើងរងទុក្ខលំបាក សម្រាប់ជាផលប្រយោជន៍របស់យើង។ ឪពុកម្ដាយដែលមានសេចក្តីស្រឡាញ់ពិត គឺមិនតែងតែផ្តល់នូវអ្វីៗដែលកូនចង់បាននោះទេ ប៉ុន្តែ ហាមប្រាមកូនដើម្បីជាប្រយោជន៍របស់គាត់វិញ។
សេចក្តីស្រឡាញ់ពិតជាការលះបង់ផ្ទាល់ខ្លួន ជាការស្វែងរកភាពល្អប្រសើរសម្រាប់អ្នកដ៏ទៃ ហើយតែងតែផ្តល់ភាពកក់ក្តៅ ការអាណិតអាសូរ និងភាពសប្បុរស។ ប្រសិនបើយើងស្រឡាញ់ពិត យើងនឹងយកចិត្តទុកដាក់ចំពោះផាសុកភាពដល់មនុស្សជាទីស្រឡាញ់របស់យើង នាពេលបច្ចុប្បន្ន និងអនាគតផងដែរ។ ស្វាមី ឬឪពុកដែលមានក្ដីស្រឡាញ់នឹងបង្ហាញការថ្នាក់ថ្នមដល់ប្រពន្ធ និងកូនៗរបស់គាត់។ គាត់ពេញចិត្តនឹងផ្ដល់ឲ្យ ហើយលះបង់ពីខ្លួនគាត់ ដើម្បីបង្កើតបរិយាកាសនៃសេចក្តីស្រឡាញ់ និងសុភមង្គលសម្រាប់ក្រុមគ្រួសាររបស់គាត់។ ភរិយា ឬម្តាយដែលមានក្ដីស្រឡាញ់ពិតនឹងផ្ដល់តម្លៃដល់ស្វាមី ព្រមទាំងអប់រំកូនៗរបស់ខ្លួនឲ្យមានការគោរព និងមានក្តីស្រឡាញ់ចំពោះឪពុកម្តាយនិងបងប្អូន។ គាត់ពេញចិត្តនឹងផ្តល់បរិយាកាសសុវត្ថិភាព និងសេចក្ដីសុខស្ងប់ស្ងាត់ សម្រាប់ក្រុមគ្រួសាររបស់គាត់។ ព្រះយេស៊ូវគ្រីស្ទដែលគ្មានទោសសោះបានបង្ហាញសេចក្តីស្រឡាញ់ជាគំរូ ដោយការសុគតរបស់ទ្រង់នៅលើឈើឆ្កាង។
ប្រសិនបើអ្នកមានអារម្មណ៍ត្រូវការសេចក្តីស្រឡាញ់ ឬមានភាពទទេក្នុងដួងចិត្ដ សូមកុំអស់សង្ឃឹមឡើយ អ្នកអាចស្វែងរកសេចក្តីស្រឡាញ់ពិតបាន ដោយការថ្វាយខ្លួនដល់ព្រះ។ ទ្រង់ស្រឡាញ់អ្នកដោយព្រះទ័យទន់ភ្លន់អាណិតអាសូរ សេចក្តីមេត្តាករុណា និងមានព្រះហឫទ័យទុកដាក់នឹងអ្នកឥតដែនកំណត់។ ទ្រង់ខ្វល់ខ្វាយ ហើយសព្វព្រះទ័យចែករំលែកជួយឲ្យអ្នកឆ្លងកាត់គ្រប់ការឈឺចាប់ក្នុងជីវិត។ ប្រសិនបើអ្នកមានអារម្មណ៍ឯកោ ហើយគិតថាពុំមាននរណាម្នាក់ខ្វល់ខ្វាយយកចិត្តទុកដាក់ជាមួយអ្នក អ្នកអាចសម្រាកយ៉ាងប្រាកដចិត្តថា ព្រះពិតដែលបានប្រទានព្រះរាជបុត្រារបស់ទ្រង់មកសម្រាប់អ្នក ទ្រង់ពិតជាដឹងពីការឈឺចាប់ និងទុក្ខព្រួយរបស់អ្នក។ ពេលវេលាដែលអ្នកឯកោជាងគេ និងថ្ងៃក្រៀមក្រំបំផុត ទ្រង់នឹងគង់នៅជាមួយអ្នកដើម្បីនឹងកម្សាន្តចិត្ត ផ្តល់កម្លាំង និងការណែនាំ លុះត្រាតែអ្នកបែរទៅរកទ្រង់វិញ។
ប្រសិនបើអ្នកមិនដឹងពីរបៀបទៅរកព្រះជាម្ចាស់យ៉ាងណា សូមគ្រាន់តែអធិស្ឋានទូលរៀបរាប់ពីដួងចិត្តចំពោះទ្រង់ ហើយទ្រង់នឹងឮពីការទូលអង្វររបស់អ្នក។ ប្រសិនបើអ្នកមានអារម្មណ៍ថាពិបាកទុកចិត្តលើអ្នកណាម្នាក់សូម្បីតែព្រះផងដែរ សូមទូលថ្វាយការនោះទៅទ្រង់ រួចសូមឲ្យទ្រង់ណែនាំអ្នក។
ប្រសិនបើអ្នកដឹងខ្លួនថា អ្នកជាមនុស្សមានបាប ហើយគ្មានសង្ឃឹមថានឹងអាចរកការអត់ទោស និងសេចក្តីស្រឡាញ់បានទេ សូមមករកព្រះអង្គឲ្យអស់ពីដួងចិត្តព្រមទាំងប្រែចិត្ត ហើយងាកបែរពីអំពើបាបដែលអ្នកបានប្រព្រឹត្តទាំងប៉ុន្មាននោះ។ ទ្រង់នឹងក្លាយជាបិតាជាទីស្រឡាញ់របស់អ្នក បើអ្នកមករកទ្រង់ដោយអស់ពីដួងចិត្ត ហើយព្រមសុខចិត្តគោរពស្តាប់បង្គាប់តាមទ្រង់។ នៅពេលដែលព្រះជាម្ចាស់អត់ទោស និងទទួលយកអ្នក នោះអ្នកនឹងដឹងពីសេចក្ដីស្រឡាញ់របស់ទ្រង់ ហើយអ្នកនឹងទទួលបាននូវទំនាក់ទំនងជាមួយទ្រង់ ដែលគ្មានអ្វីអាចពង្រាត់បាន។ ទំនាក់ទំនងនេះអាចបែកបាក់បាន ប្រសិនបើយើងងាកបែរចេញពីទ្រង់។
នៅពេលអ្នកកាន់តែស្គាល់សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយលះចោលភាពអាត្មានិយម នោះអ្នកនឹងទទួលសេចក្ដីសុខសាន្តជំនួសមកវិញ។ សេចក្តីសុខសាន្តដែលដឹងថាព្រះអង្គស្រឡាញ់អ្នក ដែលនាំឲ្យដួងចិត្តអ្នកយកចិត្តទុកដាក់ពិតប្រាកដចំពោះអ្នកដទៃទៀត ហើយអ្នកនឹងលែងខ្វល់ខ្វាយពីរបៀបអ្វីដែលអ្នកដ៏ទៃប្រព្រឹត្តលើអ្នកទៀតហើយ។ បន្ទាប់មក អ្នកនឹងដឹងថា អ្នកយកចិត្តទុកដាក់លើតម្រូវការរបស់មនុស្សយើងដូចគ្នា ហើយអ្នកមានបំណងប្រាថ្នាចង់បម្រើព្រះដែលស្រឡាញ់អ្នក។ នៅពេលដែលការស្រឡាញ់តែខ្លួនឯងត្រូវបានបង្វែរចេញ នោះព្រះនឹងប្រទានពរដល់អ្នក ហើយបើកដួងចិត្តរបស់អ្នកឲ្យដឹងពីសេចក្តីពិតជាច្រើន។ សេចក្ដីបង្រៀននៅក្នុងព្រះគម្ពីរកូរិនថូសទី១ ជំពូក១៣ នឹងជួយអ្នកឲ្យយល់អំពីកិច្ចការនេះ។
ពេលយើងថ្វាយខ្លួនដល់ព្រះជាម្ចាស់ យើងត្រឡប់ជាសមាជិកក្រុមគ្រួសាររបស់ទ្រង់។ «មើល៍! ព្រះវរបិតាបានប្រទានសេចក្ដីស្រឡាញ់យ៉ាងណាដល់យើង ដែលយើងមានឈ្មោះថាជាកូនរបស់ព្រះ» (យ៉ូហានទី១ ៣.១)។ របៀបមួយដើម្បីសម្គាល់មនុស្សឯទៀតដែលជាកូនរបស់ព្រះគឺ ដោយសារសេចក្ដីស្រឡាញ់ដែលពួកគេមានចំពោះគ្នាទៅវិញទៅមក។ ព្រះយេស៊ូវបានមានបន្ទូលថា៖ «មនុស្សទាំងអស់នឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារការនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក» (យ៉ូហាន ១៣.៣៥)។ សេចក្តីស្រឡាញ់ឥតពុតមាយា គឺការយកចិត្តទុកដាក់ ចែករំលែកគ្នា និងកែតម្រូវអ្វីដែលខុសឆ្គង។
បើអ្នកចង់យល់ដឹងបន្ថែមទៀតអំពីសេចក្ដីស្រឡាញ់ សូមអានព្រះគម្ពីរដំណឹងល្អលោកយ៉ូហាន កណ្ឌគម្ពីរអេសាយ ជំពូក៥៣ ដែលជាបទទំនាយរបស់ហោរាពីព្រះយេស៊ូវ ដែលជាយញ្ញបូជាសម្រាប់បាបរបស់យើង។ សូមអានការសន្យាទាំងប៉ុន្មានក្នុងកណ្ឌគម្ពីរទំនុកតម្កើង ជំពូក៩១ ហើយសូមអានទំនុកតម្កើង ជំពូក២៣ផងដែរ។ សូមព្រះដឹកនាំអ្នកនៅពេលអ្នកអានបន្តទៀត។
ភាពឯកា និងភាពមិនសប្បាយចិត្តរបស់អ្នកអាចកន្លងផុតទៅបាន។ សូមព្រះជាម្ចាស់ដឹកនាំជីវិតរបស់អ្នក។ សូមដកពិសោធន៍សេចក្តីស្រឡាញ់របស់ទ្រង់ ជាព្រះពរដ៏អស្ចារ្យបំផុតដែលបានប្រទានមកដល់មនុស្សជាតិ។ សូមព្រះអង្គប្រទានពរដល់អ្នក៕
«ទោះបើខ្ញុំចេះនិយាយភាសារបស់មនុស្សលោក និងភាសារបស់ទេវតាក៏ដោយ តែគ្មានសេចក្តីស្រឡាញ់ នោះខ្ញុំប្រៀបដូចជាលង្ហិនដែលឮខ្ទរ ឬដូចជាឈឹងដែលឮទ្រហឹងប៉ុណ្ណោះ។ បើខ្ញុំមានអំណោយទានថ្លែងទំនាយ ហើយស្គាល់អស់ទាំងអាថ៌កំបាំង និងចំណេះគ្រប់យ៉ាង ហើយបើខ្ញុំមានគ្រប់ទាំងជំនឿ ល្មមនឹងរើភ្នំចេញបាន តែគ្មានសេចក្តីស្រឡាញ់ នោះខ្ញុំគ្មានប្រយោជន៍សោះ។ បើខ្ញុំចែកអស់ទាំងទ្រព្យសម្បត្តិរបស់ខ្ញុំ ហើយបើខ្ញុំប្រគល់រូបកាយខ្ញុំទៅឲ្យគេដុត តែគ្មានសេចក្តីស្រឡាញ់ នោះក៏គ្មានប្រយោជន៍អ្វីដល់ខ្ញុំដែរ។
សេចក្តីស្រឡាញ់តែងអត់ធ្មត់ ហើយក៏សប្បុរស សេចក្តីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន មិនវាយឫកខ្ពស់ ក៏មិនប្រព្រឹត្តបែបមិនគួរសម។ សេចក្ដីស្រឡាញ់មិនរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស។ សេចក្ដីស្រឡាញ់មិនអរសប្បាយនឹងអំពើទុច្ចរិត គឺអរសប្បាយតែនឹងសេចក្តីពិតវិញ។ សេចក្ដីស្រឡាញ់គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់។
សេចក្ដីស្រឡាញ់មិនសាបសូន្យឡើយ តែការថ្លែងទំនាយនោះនឹងត្រូវផុតទៅ ការនិយាយភាសាដទៃនឹងត្រូវចប់ ហើយចំណេះដឹងក៏នឹងត្រូវសាបសូន្យទៅដែរ។
ឥឡូវនេះ នៅមានជំនឿ សេចក្ដីសង្ឃឹម និងសេចក្តីស្រឡាញ់ ទាំងបីមុខនេះ តែសេចក្តីដែលវិសេសជាងគេ គឺសេចក្តីស្រឡាញ់»។